លោកនាយករដ្ឋមន្រ្តី បានព្រមានដោយត្រង់ទៅក្រុមប្រឆាំង និងអ្នកធ្វើអត្ថាធិប្បាយពីបញ្ហាសង្គមនិងនយោបាយ ថាត្រូវមានការប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ដោយលោក ហ៊ុន សែន ចាត់ទុកថា សកម្មភាពឆ្លើយតបដូចគ្នានៃការប្រើប្រាស់អំពើហិង្សាកើតចេញពីការគប់ស្បែកជើងនេះ នឹងត្រូវកើតឡើងនៅទូទាំងប្រទេសចំពោះក្រុមប្រឆាំងវិញ ព្រមទាំងអាចកើតឡើងនៅបណ្តារដ្ឋដទៃទៀតជុំវិញពិភពលោកផងដែរ។
ការថ្លែងដូច្នេះរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ ក្នុងពិធីជួបជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលហៅថា «ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ» នៅសាលពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមលោក ហ៊ុន សែន ប្រសិនបើព្រឹត្តិការណ៍គប់ស្បែកជើងប្រឆាំងរូបលោក នៅលើទឹកដីសហរដ្ឋអាមេរិក ហើយរឿងនេះត្រូវសហរដ្ឋអាមេរិកចាត់ទុកថា វាគ្រាន់ត្រឹមតែជាការប្រើប្រាស់សិទ្ធិទេ លោកព្រមានថា វាសនាមេដឹកនាំរបស់ក្រុមប្រឆាំងនៅកម្ពុជាក៏នឹងត្រូវជួបហេតុការណ៍ដូចរូបលោកបានឆ្លងកាត់រួចហើយដែរ កាលពីប៉ុន្មានថ្ងៃមុននេះ នៅអាមេរិក។
លោកបន្តថា៖ «តែអ្វីដែលខ្ញុំកំពុងតែព្រួយ គឺសុវត្ថិភាពមេដឹកនាំប្រឆាំង និយាយឱ្យច្បាស់អ៊ីចឹងតែម្ដង។ បើនៅណោះគេចាត់ទុកថាជាសិទ្ធិនៃការបញ្ចេញមតិ នៅណេះក៏អាចគប់ក្បាលមេដឹកនាំប្រឆាំងនៅស្រុកខ្មែរបានដែរ។ សូមគិតកន្លែងហ្នឹងឱ្យច្បាស់»។
ក្រៅពីលោកនាយករដ្ឋមន្រ្តីព្រមានចំពោះក្រុមប្រឆាំងនៅកម្ពុជាហើយ លោក ហ៊ុន សែន ក៏បានព្រមានដូចគ្នានេះដែរទៅអ្នកវិភាគមួយចំនួន។ លោកផ្តាំទុកជាមុនថា អ្នកគាំទ្ររដ្ឋាភិបាល នៅពេលនេះ កំពុងក្តៅក្រហាយចំពោះអ្វីដែលបានកើតឡើងចំពោះរូបលោកនៅលើទឹកដីសហរដ្ឋអាមេរិក។ ក្នុងន័យនេះ ប្រសិនបើអ្នកវិភាគសង្គមលើកឡើងអ្វីមួយដែលនាំទៅដល់ការបញ្ឆេះកំហឹង ស្ថានការណ៍នេះ វាកាន់តែរីកធំឡើង។ ហេតុដូច្នេះ បើតាមលោក ហ៊ុន សែន ការវិភាគរបស់ក្រុមអង្គការមិនមែនរដ្ឋាភិបាលជុំវិញព្រឹត្តិការណ៍នេះ គួរធ្វើឡើងដោយថ្លឹងថ្លែងក្នុងកម្រិតវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។
លោកបន្តថា៖ «អង្គការក្រៅរដ្ឋាភិបាលនានាប្រយ័ត្នប្រយែងទៅលើការធ្វើអត្ថាធិប្បាយខុស ព្រោះនៅប្រទេសកម្ពុជាកំពុងខឹងសម្បារយ៉ាងខ្លាំងត្រៀមតែនឹងផ្ទុះទេ។ សូមឱ្យមានការប្រុងប្រយ័ត្នទៅលើការធ្វើអត្ថាធិប្បាយណាមួយ សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា»។












