ជនជាតិ​វៀតណាម​ម្នាក់​ស្លាប់​បន្ទាប់​ពី​ធ្លាក់​ពីលើ​អាគារ​កាស៊ីណូ​មួយ​ក្នុង​ក្រុងបាវិត

ទីតាំងកាស៊ីណូក្រោន ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២។ (Danielle Keeton-Olsen)

សមត្ថកិច្ច​នៅខេត្តស្វាយ​រៀង ឱ្យដឹងថា បុរសជាជនជាតិវៀតណាមម្នាក់​បានស្លាប់បាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីធ្លាក់ពីលើជាន់ទី៨ នៃកាស៊ីណូមួយកន្លែងក្នុងក្រុងបាវិត ខណៈ​កាស៊ីណូនោះ​ត្រូវ​បាន​​គេ​ស្គាល់​​​​ថា​​​ជា​​កម្ម​សិទ្ធិ​របស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។

នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បាវិត លោក ម៉ៅ ភិនភិរម្យ បានឱ្យដឹងថា ករណីស្លាប់របស់ជនជាតិ​វៀតណាម​នោះ​បាន​​កើត​​ឡើង​​កាល​ពី​ថ្ងៃ​ពុធ [សប្ដាហ៍មុន] នៅ​កាស៊ីណូក្រោន (Crown) ជាប់​ព្រំដែន​វៀតណាម។

លោកបន្តថា៖ «អ្នកដែលស្លាប់បាត់បង់ជីវិតនោះ គឺជា​បុរសជនជាតិវៀតណាមដែលបានធ្លាក់ពីលើជាន់ទី៨។ យើង​បាន​ប្រគល់​សព​ឱ្យទៅ​ស្ថានទូត​វៀតណាម​​ក្នុងទីក្រុង​ភ្នំពេញរួចរាល់ហើយ ដើម្បីចាត់​ចែង​បន្ត»។

ទាក់ទិននឹងសំណួរថាតើមានករណីស្លាប់ផ្សេងទៀតកើតឡើងនៅកាស៊ីណូក្រោននេះ​ឬយ៉ាងណា លោក ម៉ៅ ភិនភិរម្យ បានបដិសេធ​ធ្វើអត្ថាធិប្បាយ។

លោក​ថា៖ «ប្អូន​ប្រុស! បានហើយ! ព័ត៌មានប៉ុណ្ណឹងគ្រប់គ្រាន់ហើយ។ ​ឥលូវ​នេះ ​ខ្ញុំ​ជាប់រវល់»។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន​ ក្រោន រីសត (Crown Resorts) កាស៊ីណូនៅ​ក្រុងបាវិតនេះ គឺជាបុត្រ​សម្ព័ន្ធ​រួម​គ្នាជា​មួយ​នឹង​កាស៊ីណូក្រោននៅ​ប៉ោយ​ប៉ែត ជាប់ព្រំដែនថៃផងដែរ ដែល​ត្រូវ​បាន​គេស្គាល់​ថា​ជាកម្មសិទ្ធិរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា លោក កុក អាន។

ទាក់ទិននឹងកាស៊ីណូ​ក្រោនបាវិតនេះ​ដែរ សារព័ត៌មានក្នុងស្រុក CEN ធ្លាប់បានរាយការណ៍ពីការចាប់ខ្លួន​បុរសជនជាតិចិនម្នាក់ កាលពីខែកញ្ញា ឆ្នាំ​២០១៨ បន្ទាប់ពីបុរសរូបនេះ​បាន​យក​ទឹក​ក្ដៅ​ទៅ​ស្រោច​លើ​ម្រាមដៃ​ជនជាតិ​ចិន​ដូចគ្នាបណ្ដាលឱ្យរងរបួស​ធ្ងន់។ ក្នុងខែធ្នូ ឆ្នាំ​២០១៨ ទីតាំងកាស៊ីណូនេះក៏មាន​ករណី​នៃ​ការស្លាប់ជនជាតិចិនម្នាក់ មានមុខរបរជាចុងភៅ ដោយសារដួលដាច់ផ្ងារបោកក្បាលទៅលើចានបង្គន់ក្នុងបន្ទប់ទឹកកាស៊ីណូ។

យោងតាមកាសែត​កូនខ្មែរម្ចាស់ប្រទេស (KMPN Asia) ក៏ធ្លាប់បានចុះផ្សាយពីករណីចាប់ខ្លួនបុរសជនជាតិវៀតណាមម្នាក់​ដែលបានចាក់​សម្លាប់ស្ត្រីជនជាតិវៀតណាមដូចគ្នា នៅមុខ​កាស៊ីណូក្រោន​ផងដែរ​ កាលពីខែកញ្ញា ឆ្នាំ​២០១៩។

ជាមួយគ្នានេះ ទីភ្នាក់ងារ​​សារ​ព័ត៌​មាន​ TNB បានរាយការណ៍ពីករណីស្លាប់បុរសម្នាក់នៅក្នុងបន្ទប់មួយនៃកាស៊ីណូក្រោន ក្នុងខែកុម្ភៈ ឆ្នាំ​២០២០ ដោយសារគាំងបេះដូង។ កាលពីថ្ងៃទី​២៨ ខែមេសា កន្លងទៅ​ថ្មីៗ​នេះ ទំព័រ​ព័ត៌មាន Tnaot ក៏​បានចេញផ្សាយករណីបុរសម្នាក់ធ្លាក់ពីលើអគារជាន់ទី៨ នៃ​កាស៊ីណូឃីងក្រោន ​ដោយ​​មិនដឹង​ពីមូលហេតុ​ជាក់​លាក់​ផង​ដែរ។

ទាក់​ទិន​នឹង​ករណី​នេះ មន្ត្រីផ្នែក​រដ្ឋបាល​ក្នុង​​តំបន់​មួយរូប​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​​ឱ្យដឹងថា កាល​ពីរយៈពេលប្រមាណជា៣ទៅ៤​ខែកន្លងទៅ លោកក៏ធ្លាប់បានចុះទៅ​យក​សាកសព​ពី​ទីតាំងកាស៊ីណូក្រោន ដើម្បីរៀបចំ​បញ្ជូន​ទៅកាន់​ស្ថានទូត​វៀតណាម។

លោកបន្ត​ថា៖ «រាល់ពេលដែលមានករណី​មនុស្ស​ស្លាប់​ក្នុង​ក្រុមហ៊ុន ឬ​កាស៊ីណូ អាជ្ញាធរតែងតែ​ចុះ​ទៅ​ពិនិត្យ​ ដែលក្នុងនោះ ខ្ញុំធ្លាប់​បាន​ចូល​រួមជាមួយពួកគេចំនួន២លើកផងដែរ»។

ទោះជាយ៉ាងណា មន្ត្រី​រូប​នេះ​​​មិន​អាចបញ្ជាក់បានពីចំនួន​ជនជាតិ​វៀតណាម​ប៉ុន្មាន​នាក់​​រស់​នៅក្នុងទីតាំងកាស៊ីណូក្រោនឡើយ។

ចៅសង្កាត់បាវិត ក្រុងបាវិត លោក សាញ់ សាខុន បដិសេធ​​​អត្ថាធិប្បាយជុំវិញករណីនេះ ខណៈ​ស្នងការ​នគរបាល​ខេត្ត​ស្វាយ​រៀង លោក កឹង ឃន បាន​បង្វែរសំណួរទៅកាន់អធិកា​រ​​នគរបាលក្រុងបាវិត។

អនុប្រធានភូមិបាវិត​កណ្ដាល សង្កាត់បាវិត លោក ឈុន ហឿន បានឱ្យដឹងថា រូបលោកបានចុះទៅពិនិត្យ​សាក​សព​នៅកន្លែងកើតហេតុ បន្ទាប់ពីមាន​ករណីមនុស្សធ្លាក់ពីលើអាគារកាស៊ីណូក្រោន កាលពីថ្ងៃពុធ។

ទោះ​ជា​យ៉ាង​ណា បុរស​ម្នាក់​តំណាងឱ្យកាស៊ីណូ​ក្រោន បានថ្លែង​តាមរយៈទូរសព្ទ ដោយបដិសេធ​ថា ​ពុំមានករណីនេះ​បាន​​កើ​ត​ឡើង​ឡើយ​។

ប្រភពដែលសុំមិនបញ្ចេញឈ្មោះរូបនេះថា៖ «មិន​មាន​ករណី​បែប​នេះកើតឡើងនោះទេ»។

ជាមួយគ្នានេះ លោក​ក៏​បាន​បដិសេធរាល់​ករណីស្លាប់បាត់បង់ជីវិតទាំងឡាយដែលបានកើតឡើង​​នៅក្នុង​​កាស៊ីណូ រួម​នឹងព័ត៌មានដែលថាមានមនុស្ស​ព្យាយាម​​រត់​គេចចេញ​ពីទីតាំងអាគារកាស៊ីណូនេះ​​ផង​ដែរ៕


ប្រែសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Falling Death at Senator’s Border Casino

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ