មេធាវី​ការពារក្ដី​លោក សៀម ភ្លុក ស្នើ​សាលាឧទ្ធរណ៍​ដោះលែង​កូនក្ដី​បាននៅ​ក្រៅឃុំ

អ្នកគាំទ្រម្នាក់របស់លោក សៀម ភ្លុក ឈរកាន់រូបលោក សៀម ភ្លុក នៅថ្ងៃសវនាការសាលាឧទ្ធរណ៍ ពាក់ព័ន្ធនឹងករណីបទចោទ ​«ក្លែង​បន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ដែលស្នើសុំក្រសួងមហាផ្ទៃចុះបញ្ជីគណបក្សបេះដូងជាតិ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

មេធាវី​ការពារ​ក្ដីឱ្យលោក សៀម ភ្លុក ស្នើទៅ​សភា​ស៊ើប​សួរ​សាលាឧទ្ធរណ៍រាជធានីភ្នំពេញដោះ​លែង​កូន​ក្ដីឱ្យ​នៅ​ក្រៅឃុំ​បណ្ដោះអា​សន្ន ដោយថា ការមិនចូលទៅ​បំភ្លឺ មិន​មែន​​ម​ក​ពី​​កូនក្ដីរបស់​លោក​រឹង​ទទឹងនោះទេ​ តែ​ដោយសារ​មិនទទួលបានដីកាកោះពីតុលាការ។

ការ​ស្នើនេះធ្វើឡើងអំឡុងពេលសភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញបើក​សវនាការលើ​​​បណ្ដឹង​​សុំនៅក្រៅឃុំបណ្ដោះអាសន្ន ករណី​លោក​ សៀម ភ្លុក អតីត​​ស្ថាប​និក​​គណបក្ស​​​បេះដូង​​ជាតិ នាថ្ងៃព្រឹកពុធនេះ។

លោក សៀម ភ្លុក ត្រូវបានតុលាការចោទ​​​ប្រកាន់​​​ពី​​បទ ​«ក្លែង​បន្លំ និងប្រើប្រាស់​លិខិត​ក្លែង» កាល​ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និង​ត្រូវបានសមត្ថកិច្ច​​​ចាប់​ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​​ព្រៃស​​ភ្លាមៗ​នៅ​ថ្ងៃដដែល​នោះ ក្រោយពីលោក​មិនបានចូលខ្លួនទៅបំភ្លឺតាមដីកាកោះរបស់តុលាការ​។

លោក ជូង ជូងី មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ សៀម ភ្លុក ​ប្រាប់វីអូឌីបន្ទាប់ពី​បញ្ចប់សវនាការ​ថា ការ​ចាប់និង​ឃុំ​ខ្លួន​កូន​ក្ដីរបស់លោក​​​នៅ​​ពន្ធនាគារ ជារឿងមិនសមស្រប ​ព្រោះ​​ការ​មិន​ចូល​ទៅ​បំភ្លឺនៅចំពោះមុខតុលាការ មិនមែនដោយសារ​កូនក្ដីរបស់លោក​​​រឹង​​ទទឹង​នោះទេ​ ប៉ុន្តែ​​មក​ពី​សមត្ថកិច្ច​បញ្ជូនដីកាកោះហៅមិន​ដល់​​ដៃ​របស់​កូន​ក្ដី។

លោកបន្តថា លោក​ សៀម ភ្លុក ​គ្មាន​​ចេតនា​ទុច្ចរិត​ណាមួយ​ដូច​​ក្រសួង​មហាផ្ទៃចោទ​ប្រកាន់ឡើយ ខណៈ​កូនក្ដីរបស់​លោក​មិន​មែន​ជាអ្នករៀបចំឯកសារ ​ដើម្បីស្នើសុំចុះបញ្ជី​​គណបក្ស​ដោយ​​​​ខ្លួន​ឯង​នោះ​ទេ គឺតំណាងតាមខេត្តនីមួយៗ​ជាអ្នកធ្វើ។ មួយវិញទៀត លោកថា ស្នាម​មេដៃ​ទាំង​អស់​នេះ មិន​បាន​បង្ក​ព្យនកម្ម ឬ​ផ្ដល់​ការ​ខូច​ខាត​ដល់​ក្រសួង​មហា​ផ្ទៃទេ។

លោកថា៖ «យើងសម្អាងថា កន្លង​មក យើង​អត់​ទទួល​បាន​ដីកា​កោះពី​តុលាការ​ទេ អ៊ីចឹង​ការ​ដែល​តុលាការ​នាំខ្លួន វាអត់សមស្រប ហើយយើង​មិន​មែន​រឹ​ង​រូសនឹង​តុលាការ​ទេ ហើយ​យើង​មាន​ទីលំនៅ​ច្បាស់​លាស់ ហើយតុលាការ​អត់​ដែល​​បានកោះហៅយើងទេ ស្រាប់តែចេញដីកាឱ្យនាំខ្លួនយើង ហើយឃុំខ្លួនយើងតែម្ដង អ៊ីចឹងយើងទាមទារឱ្យដោះលែងយើងវិញ»។

ក្រោយពីបើកសវនាការ នាព្រឹកថ្ងៃពុធនេះ សភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង សម្រេចថា​នឹង​ប្រកាស​សាលដីកា​បណ្ដឹង​សុំនៅក្រៅឃុំនេះ នៅថ្ងៃទី​២៦ ខែ​ឧសភា ខាង​មុខ​នេះ។

អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា ការចាប់និងឃុំខ្លួនលោក សៀម ភ្លុក ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយច្រើនជាង​ការអនុវត្តច្បាប់។ លោកបន្តថា តាមច្បាប់ បើសិនជាលោក សៀម ភ្លុក មិនបានបំពេញតាមលក្ខ​ខណ្ឌ​បាន​ត្រឹម​ត្រូវ នោះ​ក្រសួងមហាផៃ្ទ​មានសិទ្ធិក្នុងការបដិសេធចុះបញ្ជី​​បង្កើតគណបក្ស។

លោកថា៖ «គាត់បំពេញ​លក្ខ​ខណ្ឌ​មិន​ត្រឹម​ត្រូវ ក្រសួងមហាផ្ទៃ​មានតួនាទីបដិសេធ ដោយ​មិនចុះ​បញ្ជី! ហើយ​ភាគីគណបក្សនយោបាយដែលដាក់ហ្នឹង គាត់មានសិទ្ធិក្នុងការប្ដឹងតវ៉ា គឺ​នៅក្នុង​ច្បាប់ ខ្ញុំ​មើល​ឃើញចំណុចប៉ុណ្ណឹង! មិន​មានចំណុចណាដែលចែងថា ក្រសួងមហាផ្ទៃ នៅពេល​ដែល​មិន​បំពេញ​លក្ខ​ខណ្ឌ​ត្រឹម​ត្រូវ ឬលក្ខខណ្ឌរកឃើញថាមិនត្រឹមត្រូវ ប្ដឹងទៅតុលាការ ខ្ញុំអត់បានមើលចំណុចណាទុក​អំណាចឱ្យក្រសួងមហាផ្ទៃ ឬភាគីផ្សេងទៀត ធ្វើតាមបណ្ដឹងហ្នឹង​ទេ។ អ៊ីចឹង​បណ្ដឹង ចង់មិនចង់ វាប៉ះពាល់ដល់ការ​ប្រើប្រាស់​សិទ្ធិធ្វើ​នយោបាយក្នុងការ​ចូលរួម​ប្រកួតប្រជែងហ្នឹង»។

តុលាការ​កំពូល កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២១ បាន​បើក​សវនាការ​លើ​​បណ្ដឹង​​ទាស់របស់​លោក សៀម ភ្លុក ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេចរបស់ក្រសួងមហាផ្ទៃ ដែលបដិ​​សេធ​​មិន​​​ចុះបញ្ជី​ឱ្យ​គណបក្ស​ថ្មី​ថ្មោង​មួយ​នេះក្លាយជា​គណបក្ស​ស្របច្បាប់។ ទន្ទឹមនឹងនេះ តុលា​កា​​រ​​​កំពូលក៏បាន​តម្កល់​សេចក្ដីសម្រេច​របស់​ក្រសួង​មហាផ្ទៃដែលច្រានចោលការចុះបញ្ជីនេះ ទុក​​ជា​​បាន​ការ។

យ៉ាងណាក៏ដោយ ការចេញដីកាបង្គាប់ឱ្យចាប់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ២​០២២ ក្រោមហេតុផលថា លោក សៀម ភ្លុក មិនចូលបំភ្លឺ ប៉ុន្តែលោក សៀម ភ្លុក ថា​​ការមិនចូលបំភ្លឺ ដោយសារ​មិនបានទទួលដីកាពីតុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ