ប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់ហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ (Ferdinand Marcos Jr) នៅថ្ងៃពុធនេះ បានឱ្យដឹងថា លោកនឹងពង្រីកទំនាក់ទំនងប្រទេសរបស់ខ្លួនជាមួយប្រទេសចិនឱ្យឈានដល់កម្រិតខ្ពស់បន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ ដែលទើបតែទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីសប្ដាហ៍មុននេះ បានបន្តឱ្យដឹងថា ខ្លួនមានកិច្ចពិភាក្សាដ៏សំខាន់តាមរយៈទូរសព្ទ នៅថ្ងៃពុធនេះ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលក្នុងនោះភាគីទាំង២ក៏បានយល់ព្រមក្នុងការមានកិច្ចពិភាក្សាទូលំទូលាយបន្ថែមទៀតនៅពេលខាងមុខផងដែរ។
ជាមួយគ្នានេះ លោកបន្ថែមថា លោក ស៊ី ជីនពីង ក៏បានទទួលស្គាល់នូវតួនាទីឪពុករបស់ខ្លួន ក្នុងការបើកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។
លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ បានបញ្ជាក់ឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍ទៀតថា៖ «ផ្លូវឆ្ពោះទៅមុខ គឺការពង្រីកទំនាក់ទំនងរបស់យើង ដែលមិនមែនត្រឹមតែវិស័យការទូត ពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងវប្បធម៌ ការអប់រំ ចំណេះដឹង និងវិស័យសុខភាពផងដែរ ដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលយើងមាននៅពេលនេះ»។
គួរបញ្ជាក់ថា លោក ហ្វឺឌីណាន់ ម៉ាកូស ជេអ បានជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន ដោយទទួលបានសំឡេងគាំទ្រជាង៣០លានសំឡេង ដែលចំនួននេះច្រើនជាងគូប្រជែងរបស់លោក គឺលោកស្រីអនុប្រធានាធិបតី ឡេនី រ៉ូប្រេដូ (Leni Robredo) ដល់ទៅ២ដង ហើយនេះក៏ជាជ័យជម្នះមួយដែលទទួលបានការសាទរពីប្រធានាធិបតីអាមេរិកផងដែរ។
លទ្ធផលបោះឆ្នោតផ្លូវការត្រូវបានពឹងថានឹងត្រូវចេញផ្សាយនៅចុងខែឧសភាខាងមុខនេះ៕