គណបក្ស​នយោបាយ​ធំៗ​ត្រៀម​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​ចាប់ផ្ដើម​នា​ចុង​សប្ដាហ៍​នេះ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

គណបក្សនយោបាយ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ត្រៀម​ខ្លួន​បើក​យុទ្ធនាការឃោសនាបោះឆ្នោត​ឃុំសង្កាត់អាណត្តិទី៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍​ចុង​សប្ដាហ៍នេះ ខណៈ​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀតនឹងបើកធ្វើនៅថ្ងៃបន្តបន្ទាប់នៅតាមមូលដ្ឋានរៀងៗខ្លួន។

តាមប្រតិទិនដែលបង្ហាញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការ​ឃោស​នា​បោះឆ្នោតជ្រើស​រើសក្រុមប្រឹក្សា​ឃុំសង្កាត់ នឹងប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ខណៈការបោះឆ្នោត​​នឹងប្រព្រឹត្តទៅនៅថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ២០២២។

នៅថ្ងៃទី១​ នៃយុទ្ធនាការឃោសនាបោះឆ្នោត​ នៅថ្ងៃសៅរ៍នេះ «គណបក្សភ្លើងទៀន» ដែលទើប​ចូល​រួម​ការ​​បោះឆ្នោតឃុំសង្កាត់ជាថ្មី​​នៅឆ្នាំ២០២២នេះ នឹងបើកយុទ្ធ​នា​ការ​ឃោសនា​បោះ​​ឆ្នោត​​ទ្រង់​ទ្រាយ​ធំ​នៅរាជធានីភ្នំពេញ ហើយ​​បន្ទាប់​​មក ថ្នាក់ដឹកនាំគណបក្សនៅតាមខេត្ត​នីមួយៗ នឹងរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមខេត្តរៀងៗ​ខ្លួន។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ បាន​ថ្លែងនៅថ្ងៃពុធនេះ​​ថា គណបក្សប្រឆាំង​មួយ​នេះបាន​ត្រៀម​ខ្លួនរួចរាល់អស់ហើយ ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោត បើ​ទោះ​បី​​ជាសកម្មជនរបស់ខ្លួនមួយចំនួនកំពុងជាប់ពន្ធនាគារ និងមួយចំនួន​ទៀតកំពុងរត់​គេច​ខ្លួន​ក្ដី។ លោក​លើក​ឡើង​ថា គណបក្ស​នេះ​នឹង​រៀបចំ​យុទ្ធនា​ការ​​ហែ​ក្បួន​តាម​ដង​ផ្លូវ​​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស រួម​ទាំង​រៀបចំ​សកម្មភាព​ចាក់​មេក្រូ​​​តាម​​​ភូមិ ចែក​ខិត្ត​បណ្ណ​ស្ដីពីគោល​នយោបាយ៧ចំណុចរបស់គណបក្ស នៅ​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ ដើម្បី​ឱ្យ​ម្ចាស់​ឆ្នោត​បាន​យល់​ពី​សារ​នយោបាយ​ទាំង​នោះ។ គណបក្សភ្លើងទៀនបានដាក់បេក្ខជនឈរឈ្មោះចំនួន១ ៦២៣ឃុំសង្កាត់ ក្នុងចំណោមឃុំសង្កាត់ទាំងអស់១ ៦៥២ នៅទូទាំងប្រទេស។

លោកថា៖ «ជាធម្មតា យើងនឹងហែ [ក្បួន] ដែលមានរថយន្តចំនួន៥០គ្រឿង កង់បី [រ៉ឺម៉កកង់បី] ប្រហែលជា៥០អីដែរ ហើយ​មានឡាននាំផ្លូវរូបសញ្ញាភ្លើង​ទៀនមួយ ហើយ​មាន​ការ​ចូលរួមដោយម៉ូតូជាដើម»

ទន្ទឹមគ្នានឹងការខិតជិតមកដល់នៃយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នេះ គណបក្សភ្លើងទៀន បានចេញសេចក្តីណែនាំមួយដោយអំពាវនាវដល់ថ្នាក់ដឹកនាំនិងសមាជិករបស់ខ្លួន​ឱ្យគោរព​រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានា រួមទាំងហាមឃាត់ការប្រើប្រាស់មធ្យោ​បាយ​ឃោសនាទាំងឡាយណាដែលច្បាប់ហាមឃាត់។

ទន្ទឹមគ្នានេះ គណបក្សភ្លើងទៀន បានណែនាំឱ្យសកម្មជនរបស់ខ្លួនចៀសវាងការប្រើប្រាស់​ពាក្យឬ​ឃ្លាប្រយោគទាំងឡាយណាដែលបង្ហាញពីការរើសអើងពូជសាសន៍ និងការញុះញង់​ដែលនាំដល់ការបែកបាក់សង្គមជាតិ ក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត​នេះ។

ដោយឡែក សម្រាប់គណបក្សកាន់អំណាចវិញ គណបក្សនេះនឹងមិនរៀបចំ​បើកយុទ្ធនាការ​​ឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនោះ​ទេ ដោយសារការបោះឆ្នោតនេះជាការបោះឆ្នោត​​នៅថ្នាក់មូលដ្ឋាន ខណៈដែលប្រធានគណបក្ស​នឹង​ចេញ​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្រៅប្រទេស។

អ្នកនាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថា នៅក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោតរយៈពេល១៤ថ្ងៃនេះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា នឹង​ចុះទៅតាម​មូលដ្ឋានរៀងខ្លួន ដើម្បីដឹកនាំការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមស្រុកនិង​ឃុំសង្កាត់។ បើតាមការបញ្ជាក់ពីលោក សុខ ឥសាន គណបក្សកាន់អំណាចបានត្រៀមខ្លួន​រួចរាល់អស់ហើយ ហើយសង្ឃឹមថា គណបក្សនេះនឹងបន្តឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូក​ដី​ទៀត។

លោកថា៖ «និយាយរួម គណបក្សប្រជាជនម្ចាស់ការក្នុងការត្រៀមលក្ខណៈគ្រប់លក្ខណៈសម្បត្តិ​ទាំងអស់ ដើម្បីអនុវត្តនូវយុទ្ធនាការឃោសនាបោះឆ្នោតនេះ។ យើងអត់វាស់បានទេ បើសិនជាមិនទាន់មានការរាប់សន្លឹកឆ្នោត តែក្តីសង្ឃឹមរបស់យើង គឺយើងសង្ឃឹមថា នឹងឈ្នះ​ឆ្នោតភ្លូកទឹកភ្លូកដីដូចការបោះឆ្នោតមុនៗដែរ»

ចំណែក «គណបក្ស​​ហ្វ៊ុនស៊ិន​ប៉ិច» ​វិញ នឹងមិនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់​ទ្រាយធំនៅថ្ងៃទី១​​នៃយុទ្ធនាការឃោសនាបោះឆ្នោតនេះទេ។

ក៏ប៉ុន្តែបើតាម​ការបញ្ជាក់​ពីអ្នកនាំពាក្យគណបក្សហ៊្វុន​ស៊ិនប៉ិច លោក ញឿន រ៉ាដែន គណបក្សរាជានិយមនេះនឹង​បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ​នៅថ្ងៃទី២ នៅ​ក្រុង​​​តាខ្មៅ ខេត្ត​កណ្ដាល ដែល​ដឹក​នាំ​ដោយ​ព្រះ​អង្គ​ម្ចាស់ នរោត្ដម ចក្រាវុធ ព្រះប្រធានគណបក្ស។

លោកថា៖ «គណបក្សហ៊្វុន​ស៊ិនប៉ិច​យើង​បានត្រៀម គឺទី១បើក បន្ទាប់មកយើងធ្វើទៅតាមស្រុក-ឃុំ។ ហើយយើងដឹងហើយថា យើងមានក្រុមការងារ​រហូត​ថ្នាក់​ស្រុក ថ្នាក់​ឃុំ​ហ្នឹង​ ជាអ្នក​ទទួល​បន្ទុក​ផ្ទាល់ ជាអ្នកចែកខិត្តបណ្ណ​និងគោលនយោបាយ ដោយអនុលោមទៅតាមការ​កំណត់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះឃុំមួយៗគាត់ទទួលបានការ​កំណត់ ជាពិសេសការទទួលកាលបរិច្ឆេទច្បាស់លាស់ពីគណៈកម្មការរៀបចំការបោះឆ្នោតនៅតាមឃុំសង្កាត់ហ្នឹង»

សម្រាប់​ «គណបក្សកែទម្រង់​កម្ពុជា» ដែល​ជាគណបក្សទើបបង្កើតឡើងថ្មីថ្មោង ក៏នឹងមិនរៀបចំ​បើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំនៅថ្ងៃដំបូងដែរ។

ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន បានថ្លែងថា គណបក្សនេះនឹង​មិន​ហែក្បួន​ឃោសនា​ទ្រង់​ទ្រាយ​ធំណាមួយទេ ក៏ប៉ុន្តែថ្នាក់ដឹកនាំគណបក្សនេះនឹងចុះរៀបចំធ្វើវេទិកា​សាធាណៈជាមួយប្រជាពលរដ្ឋនៅតាមខេត្តមួយ​ចំនួន ដូច​ជា ខេត្តត្បូងឃ្មុំ កំពង់ចាម កំពង់ធំ ព្រះវិហារ សៀមរាប និង​បន្ទាយមានជ័យ ជាដើម។ ចំណែកថ្ងៃ​ផ្សេង​ទៀត លោកថា គណបក្ស​នឹង​ធ្វើសកម្មភាពមិនខុសពីគណបក្សផ្សេងទៀតឡើយ ដូចជា ការចុះចែកខិត្តបណ្ណ និងការចាក់មេក្រូផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស ជាដើម។

លោកថា៖ «ខ្ញុំមិនទាន់បានពិនិត្យមើលកាលវិភាគនៅក្នុងខែខ្លះ ប៉ុន្តែឥលូវនេះ យើងសម្រេច​ចាប់ពីថ្ងៃស្អែកនេះ​ទៅ យើងចាប់ផ្ដើមពីត្បូងឃ្មុំ, ថ្ងៃទី២០​ កំពង់ចាម, ហើយថ្ងៃទី២១ កំពង់ធំ, ថ្ងៃទី២២ ​ព្រះវិហារ, ថ្ងៃ២៣-២៤ សៀមរាប [និងថ្ងៃទី]២៥ នៅបន្ទាយមានជ័យ។ យើងចាប់ផ្ដើមមុនយុទ្ធនាការនេះ គ្រាន់តែយើងជួប ថ្ងៃទី១៩​ យើងគ្រាន់តែជួបបេក្ខជនអ្នកឈរឈ្មោះទេ នៅ​ត្បូងឃ្មុំ ព្រោះមាន៤ឃុំ។ យើងគ្រាន់តែដឹងថា ថ្ងៃ២០ ​យើងអាចមានវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនៅត្បូងឃ្មុំ»

ងាក​មក​​ «គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​» ឯណេះវិញ គណបក្សនេះនឹងមិនបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រង់ទ្រាយធំ​នៅរាជធានីភ្នំពេញនោះទេ។ ក៏ប៉ុន្តែថ្នាក់ដឹកនាំសំខាន់ៗ​របស់​គណបក្ស​នេះនឹងចុះទៅកាន់ឃុំសង្កាត់សំខាន់ៗដែលគណបក្សបានដាក់បេក្ខ​ជន​ឈរ​ឈ្មោះ។

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ បានអះអាងថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ លោក​នឹងធ្វើដំណើរទៅកាន់ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ដើម្បីធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទីនោះ ខណៈលោក​បណ្ឌិត យ៉ង សាំងកុមារ ប្រធាន​គណៈកម្មាធិការ​នាយក​ និងលោក សាម អ៊ីន ជាអគ្គលេខាធិការ នឹង​ចុះទៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមលោក យ៉េង វីរៈ ក្នុងរយៈពេល១៤​ថ្ងៃ​នៃ​យុទ្ធនាការឃោសនាបោះឆ្នោតនេះ គណបក្សនឹងធ្វើសកម្មភាពសំខាន់ៗចំនួន២ គឺទី១ ការហែក្បួនរបស់ឃុំសង្កាត់នីមួយៗ និងទី២ គឺ​ការ​ចុះចែក​ខិត្ត​បណ្ណឃោសនាបោះឆ្នោតនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានដាក់បេក្ខជនឈរឈ្មោះ ៤៨១នាក់​ នៅក្នុងឃុំសង្កាត់ចំនួន៣២។

លោកថា៖ «និយាយទៅ តាមឃុំទាំងអស់នឹងមានការឃោសនាធំ គ្រប់ឃុំ២ដង! ចង់​និយាយថា ការហែក្បួនឃោសនា។ អីចឹងគ្រប់ឃុំទាំងអស់នឹងមានការហែក្បួនឃោសនា ត្រង់ធំប៉ុន្មាន វាអាស្រ័យលើសមត្ថភាពលទ្ធភាពរបស់ឃុំមួយៗ។ ដោយឡែក ថ្ងៃបន្ទាប់ ខ្ញុំទៅខ្នាឆ្មា​ នៅខេត្ត​កំពង់​​ឆ្នាំង ស្រុកសាមគ្គីមានជ័យ»

ការបោះឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​​​ឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន​១៧ចូលរួម ហើយក្នុងនោះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលបានដាក់បេក្ខជនឈរឈ្មោះនៅគ្រប់ឃុំសង្កាត់ទាំង​១ ៦៥២ ខណៈគណបក្សភ្លើងទៀនបានដាក់បេក្ខជនឈរឈ្មោះស្ទើរតែគ្រប់ឃុំសង្កាត់គឺ ១ ៦២៣ឃុំសង្កាត់។

ពាក់ព័ន្ធនឹងយុទ្ធនាការ​​​ឃោស​នា​បោះឆ្នោតដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍នេះដែរ​ គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃម្សិលមិញ ក៏បាន​អំពាវនាវ​ដល់​គណបក្សនយោបាយ បេក្ខ​ជន និងអ្នកគាំទ្រ​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវគោរព​តាម​វិធាន​ បទប្បញ្ញត្តិ និងគោលការណ៍​ដែលមានចែងក្នុងច្បាប់ស្ដីពីការ​បោះឆ្នោតក្រុមប្រឹក្សា​​ឃុំសង្កាត់ ដើម្បីឱ្យ​ការ​ឃោ​សនា​បោះឆ្នោត​​​ប្រព្រឹត្តទៅដោយសន្តិវិធី សន្តិសុខ សុវត្ថិភាព និងអហិង្សា។

ជាមួយគ្នានោះដែរ គ.ជ.ប ក៏បានអំពាវនាវ​ដល់អាជ្ញាធរដែនដី​ ត្រូវប្រកាន់ជំហរ​អព្យាក្រឹត្យ​ ឥត​លម្អៀងក្នុងសកម្មភាពការងាររបស់ខ្លួន និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណបក្ស​នយោបាយ​នីមួយៗអាចអនុវត្ត​កម្មវិធីឃោស​នា​បោះឆ្នោត និងការ​ហែក្បួន​ឃោស​នា​បោះឆ្នោត​របស់​ខ្លួនប្រព្រឹត្តទៅដោយ​ស្មើ​ភាពគ្នា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ