ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប ដែលអង្គប្រជុំបានដំណើរការមានរបៀបវារៈចំនួនពីរ មួយគឺពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ព្រឹទ្ធសភាកម្ពុជា Senate of Cambodia)

ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធនេះ បាន​អនុម័តគាំទ្រ​ទាំងស្រុងលើ​សេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាព​ម្ហូប​អាហារ» ដោយ​សំឡេង៥៩សំឡេងនៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល។

សេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំវិសាមញ្ញ​ព្រឹទ្ធសភា នីតិ​​កាលទី៤ ចុះ​ថ្ងៃទី​​១៨ ខែ​​ឧសភា ឆ្នាំ២០២២ លើកឡើង​ថា សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបាន​​​អង្គប្រជុំព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យ​យោបល់ដោយឯកភាពទាំងស្រុង ដោយសំឡេង៥៩ លើ៥៩សំឡេង ក្រោយពីបានស្ដាប់​ការ​បង្ហាញ និងបំភ្លឺដោយ​ទេសរដ្ឋមន្ត្រីទទួលបន្ទុក​បេសកកម្មពិសេស​ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញនៃក្រសួង​ពាណិជ្ជកម្ម។

ប្រភពដដែលបញ្ជាក់ថា៖ «សេចក្តីព្រាងច្បាប់នេះនឹង​ផ្ដល់សារៈសំខាន់ក្នុងការកំណត់គោលការណ៍​ជាមូលដ្ឋាន ដើម្បីជំរុញ​ឱ្យផលិត​ផល​ម្ហូបអាហារមានសុវត្ថិភាព និងអនុលោមតាមច្បាប់ និងលិខិតបទដ្ឋាន​ជាតិជាធរមាន សំដៅលើកកម្ពស់​សុខុមាលភាព និងប្រសិទ្ធភាព នៃការ​ការ​ពារ​ផលប្រយោជន៍អ្នកប្រើប្រាស់»។

សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ តាក់តែងឡើង​មាន១១ជំពូក និង៤៣មាត្រា ត្រូវបាន​រដ្ឋសភាអនុម័តយល់ព្រម​ចំនួន១០២សំឡេង នៃចំនួន​សមាជិករដ្ឋសភា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២២។

ក្រសួង​ពាណិជ្ជកម្ម បាន​ផ្សព្វផ្សាយលើទំព័រហ្វេស​ប៊ុករបស់ខ្លួននៅថ្ងៃនេះដែរថា ក្នុង​អង្គ​ប្រជុំ​ព្រឹទ្ធសភានោះ លោក អង្គ វង្សវឌ្ឍនា បានថ្លែង​ថា សេចក្ដីព្រាងច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ​​​នេះមាន​​សារៈសំខាន់​ក្នុងការ​ធានា​ការពារ​សុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ តាម​រយៈការទទួលទានអាហារ​ប្រកបដោយគុណភាព សុវត្ថិភាព និងអនាម័យល្អ។

លោកបន្តថា សេចក្ដីព្រាងច្បាប់នេះបង្កើតឱ្យមានយន្តការទទួលខុសត្រូវរបស់ក្រសួង-ស្ថាប័ន​ជាតិ ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិករ​អាជីវកម្មម្ហូបអាហារនៅគ្រប់ដំណាក់កាលនៃខ្សែចង្វាក់ផលិត​កម្ម ចាប់ពីកសិដ្ឋានផលិតរហូតដល់តុអាហារ និងធានាថាផលិតផលម្ហូបអាហារទាំងអស់ដែល​ចរាចរនៅកម្ពុជា មានគុណភាព សុវត្ថិភាព និងអនាម័យល្អ សម្រាប់ប្រជាពលរដ្ឋ។

លោក អង្គ វង្សវឌ្ឍនា បន្តទៀតថា៖ «សេចក្ដីព្រាងច្បាប់នេះក៏​កំណត់គោលការណ៍ជាមូលដ្ឋាន ដើម្បី​ជំរុញផលិតផលម្ហូបអាហារត្រូវបានផលិត កែច្នៃ វេចខ្ចប់ និងចែកចាយ ផ្អែកទៅតាមស្តង់ដារ​ និងបទប្បញ្ញត្តិបច្ចេកទេសជាតិ សំដៅធានាឱ្យបាននូវការការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញឱ្យមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តពាណិជ្ជកម្មស្មើភាព សំដៅការពារផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់​ប្រជាពលរដ្ឋ»។

លោកបន្ថែម​ថា សេចក្ដីព្រាងច្បាប់នេះនឹងបង្កលក្ខណៈឱ្យប្រទេសកម្ពុជារៀប​ចំ​បាន​នូវ​ប្រព័ន្ធសុវត្ថិភាពម្ហូបអាហារដែលមានលក្ខណៈទំនើប តាមរយៈការកសាងវិធីសាស្រ្តទប់ស្កាត់​ជាមុន និងការត្រួតពិនិត្យខ្សែចង្វាក់ផលិតកម្ម ដែល​ជាគោ​លការណ៍សំខាន់​​មួយ​ក្នុងការ​ជំរុញ​ផលិត​ផល​កម្ពុជាឱ្យមានការទទួលស្គាល់ក្នុងទីផ្សារពិភពលោ‍ក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ