យុវជន​និង​សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​កាប់ឈើ​និង​ទន្ទ្រានដី​ក្នុង​តំបន់​ព្រៃឡង់

គល់ឈើនិងកំណាត់ឈើមួយចំនួនត្រូវបានកម្លាំងក្រុមការងារគណៈកម្មការជាតិ សហការជាមួយជំនាញថ្នាក់ក្រោមជាតិ ប្រទះឃើញនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទីតាំងនៅចំណុចអូរសាម៉ៃ ខេត្តក្រចេះ។ (ហ្វេសប៊ុក៖ GRK News | កងរាជអាវុធហត្ថ)

ក្រុមយុវជននិងសង្គមស៊ីវិលដែល «ជិះកង់ ៦០០គីឡូម៉ែត្រ ដើម្បីបរិស្ថាន» ស្នើ​រដ្ឋាភិបាល​ពង្រឹងការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញព្រៃឈើ និង​ការ​ទន្ទ្រាន​យក​ដី​ក្នុងតំបន់ព្រៃឡង់ ក្រោយ​ពួកគេបាន​​ប្រទះ​ឃើញកំណាត់ឈើ​​ជាច្រើនតំបន់​ក្នុង​ព្រៃឡង់​ អំឡុងពេលធ្វើយុទ្ធនាការ​ជិះ​កង់​រយៈពេល​ជិត​១០ថ្ងៃនេះ ។

ក្រុម​យុវជននិងអង្គការសង្គមស៊ីវិលចំនួន២៥នាក់ បាននាំគ្នាធ្វើយុទ្ធនាការ​ជិះកង់ក្នុងតំបន់ព្រៃឡង់​​ ដោយ​​ចាប់​ចេញ​​ដំណើរ​​ពី​ទី​រួម​ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃ​ទី១០ ខែឧសភា ឆ្ពោះទៅកាន់ខេត្តព្រះវិហារ ស្ទឹង​ត្រែង ក្រចេះ និង​បញ្ចប់នៅខេត្តកំពង់ធំវិញ ដែលមានចម្ងាយប្រមាណ៦០០គីឡូម៉ែត្រ។

ប្រធាន​កម្មវិធី​ផ្នែក​ស្រាវ​ជ្រាវ និង​តស៊ូ​មតិ ​នៃសមាគមបណ្ដាញយុវជន​កម្ពុជា លោក ហេង គឹម​ហុង លើក​​ឡើងនៅថ្ងៃទី១៩ ខែឧសភានេះ​​ថា អំឡុង​ពេល​ដែលពួកគាត់​ជិះ​កង់នោះ​ អាជ្ញាធរ​មូល​ដ្ឋាន​​បាន​ចុះទៅសួរ​នាំ និង​ថតរូបសកម្មភាពរបស់​ពួកគាត់ ដោយ​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​គ្នា​ទៅវិញ​ទៅ​មក ខណៈការជិះកង់ជុំវិញតំបន់ព្រៃឡង់នោះ ពួកគាត់បានប្រទះឃើញមាន​ករណី​កាប់បំផ្លាញ​ព្រៃឈើជា​ច្រើ​ន​កន្លែង។

ក្រៅពីប្រទះ​ឈើ និងគោយន្តដឹកឈើក្នុងតំបន់អភិរក្សមួយនេះហើយ លោកថា ពួក​គាត់​ក៏​បានឃើញ​មាន​ការកាប់ទន្រ្ទានដីព្រៃ​ក្នុងតំបន់ព្រៃឡង់ដែរ។

លោកគូសបញ្ជាក់​ថា៖ «​យើងមានការបារម្ភមែនទែន ​នៅពេល​ដែល​ឈើ​ឈ្លេចជាច្រើនត្រូវបានកាប់ ​និងឈើឈ្លេចជាច្រើនត្រូវបានគោយន្ត​ដឹកជញ្ជូន​ នៅក្នុងដែនជម្រ​សត្វព្រៃព្រៃ​ឡង់។ នេះ​យើង​មិនទាន់បូកបញ្ចូលជាមួយនឹង​ការចូលទៅសាងសង់​លំនៅឋាន​ខុសច្បាប់​ និង​ការ​បោះ​​ទីតាំង ដើម្បីកាប់បំផ្លាញ​ដែលយើងរកឃើញ​​ទេ។ ទាំង​អស់​នេះជា​កត្កា​មួយបង្ហាញពីការព្រួយបារម្ភ​យ៉ាង​ខ្លាំងសម្រាប់យើងទាំងអស់គ្នាដែលជាសង្គមស៊ីវិល ដែល​ជា​យុវជ​ន​ ដែលចូលរួមក្នុងយុទ្ធនាការជិះកង់៦០០គីឡូម៉ែត្រដើម្បីបរិស្ថាន»។

លោក ហេង គឹមហុង បង្ហាញ​ការ​សោក​ស្ដាយ និងយល់ថា បើសិនជាសកម្មភាពទាំងអស់នេះនៅតែមិនត្រូវបានរដ្ឋាភិបាលនិងអាជ្ញាធរទប់ស្កាត់ទេ នោះ​វាសនាព្រៃនិងដី​ក្នុងតំបន់ព្រៃឡង់នឹង​បាត់​​បង់ ដោយសារតែសកម្មភាពកាប់​និងទន្ទ្រានដោយខុសច្បាប់ពីសំណាក់ជនខិលខូច។

លោកបានគូសបញ្ជាក់ទៀត​​ថា សកម្មភាពទាំងអស់នេះនៅ​មិន​ឆ្ងាយ​ពី​​ទីស្នាក់ការ​របស់​មន្ត្រីឧទ្យា​នុរក្ស​ឡើយ ប៉ុន្តែមន្ត្រី​បរិស្ថានទាំងនោះបែរ​ជា​មិនអើពើ​​ទប់​ស្កាត់​។ ករណី​នេះ លោក​ស្នើទៅ​រដ្ឋាភិបាលពង្រឹងការទប់ស្កាត់បទល្មើស និងធ្វើការស៊ើបអង្កេតទៅលើមន្ត្រីបរិស្ថាន​ដែលបណ្ដោយ​ឱ្យមានការចូលកាប់ឈើ​ និងទន្ទ្រានដីក្នុង​​តំបន់ព្រៃឡង់។

លោកថា៖ «ខ្ញុំយល់ថា ការទន្ទ្រានដីព្រៃរាប់រយហិកតាបែបនេះ ​ការកាប់បំផ្លាញឈើ រណារយន្តឮពេញព្រៃបែប​នេះ មិនមែនអាជ្ញាធរមិនដឹងទេ ប្រហែលជាគាត់ដឹង ប៉ុន្តែធ្វេសប្រហែស​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈរបស់​ខ្លួន។ អ្វីដែល​ខ្ញុំចង់​បាននិង​ស្នើសុំ​អំពាវនាវពេលនេះ អាជ្ញាធរគួរយក​ចិត្ត​ទុក​ដាក់​ ហើយថ្នាក់លើគួរតែស៊ើប​អង្កេត​​ជុំវិ​ញករណីនេះ ជាពិសេសត្រួតពិនិត្យគុណភាព​ក្នុងការអនុវត្តការងារ ថា​តើមានការប្ដេជ្ញាចិត្តកម្រិតណា ឬក៏​មានពាក់ព័ន្ធសកម្មភាព​ការកាប់បំផ្លាញ​ដូចម្ដេចដែរ។ បើសិនជា​ស៊ើបអង្កេតហើយមានការពាក់ព័ន្ធ​ អាជ្ញាធរ​ទាំង​អស់​​គួរតែទទួលខុសត្រូវ​ចំពោះមុខច្បាប់»។​

អ្នក​​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ចាត់ទុកការលើកឡើងរបស់ក្រុមយុវជននិងសង្គម​ស៊ីវិល ថាជារឿងដដែល។

លោកថា៖ «យើងមិនមានអ្វីឆ្លើយតប ហើយយើងក៏មិនមានចាប់អារម្មណ៍ទៅនឹងអ្វីដែលពួកគាត់លើកឡើង​ដដែល​ហ្នឹង​ទេ។ អ្វីដែលក្រសួងបរិស្ថាន ក៏ដូចមន្ត្រីបរិស្ថាន ដែលយើងបំពេញការងារ គឺយើងបន្តការងារ​ជាធម្មតា​របស់​យើងដ​ដែល នៅក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ។ ទោះបីជាមិនមានពួកគាត់ក៏ដោយ ក៏យើងបំពេញការងារទៅតាមអ្វីដែលជាតួនាទីនិងភារកិច្ចដែលមាននៅក្នុង​ច្បាប់»។

ចំណែក​នៅរាជធានីភ្នំពេញ​វិញ​ ក្រុមយុជនចំនួន៣៣​នាក់បាន​នាំ​គ្នាជិះ​កង់​ជុំវិញ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ ដែល​បច្ចុប្បន្ន​បឹង​ធម្មជាតិ​មួយ​នេះ កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន អ្នកអំណាច មន្ត្រីជាន់​ខ្ពស់ និង​ស្ថាប័នរដ្ឋ ជាដើម។

ប្រធានគម្រោងសិទ្ធិលំនៅឋាន និងស្រាវជ្រាវ នៃអង្គការសមាគមធាងត្នោត លោក ស៊ាង មួយឡៃ​ ដែល​បានជិះកង់ជាមួយក្រុមយុវជនផ្សេងទៀតជុំវិញបឹងតាមោក បង្ហាញការសោកស្តាយ ដែល​ទីតាំងនេះត្រូវ​បាន​គេកំពុង​​ចាក់ដីលុបបឹង និង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ពួក​គាត់​ចូល​មើល។

លោកថា៖ «យើង​មានគ្នាច្រើនដែលបានចូ​ល​រួម​ហ្នឹង គាត់​មិនដែលបានឃើញ អត់​ដែល​បានស្គាល់ ​ធ្លាប់​តែ​ឮ! អ៊ីចឹង​ជាការចាប់ផ្ដើម​មួយដែ​លគាត់អាចស្វែងយល់ពីទិដ្ឋភាពនិងស្ថាន​ភាព​នៃ​បឹងនេះ»។

និស្សិត​នៅសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ កញ្ញា ម៉ែន ស្រីដាវ លើក​​ឡើង​ថា ​មូលហេតុដែលកញ្ញា​ចូល​រួមជិះក​ង់ ព្រោះ​ចង់ដឹងនិងស្វែងយល់ពីផលប៉ះពាល់​នៃការលុបបឹងតាមោក។ មួយវិញ​ទៀត កញ្ញាថា ការជិះកង់នេះ ដើម្បីផ្សព្វផ្សាយពីសារៈសំខាន់នៃបឹង និង​ជំរុញ​​ឱ្យ​យុវជនចូល​រួម​ធ្វើការងារ​សង្គម​ ជាពិសេសការពារបរិស្ថាននិងធនធានធម្មជាតិ។

កញ្ញាថា៖ «ខ្ញុំគិតថា យុវជនយើង​គួរតែស្វែង​យល់និង​ចូលរួមធ្វើសកម្មភាព​ការពារបរិស្ថាន ការពារធនធានធម្មជាតិ ការលុបបឹងនេះជាធំ ព្រោះអី​បើសិនជាលុបបឹងអស់ ពេលទឹកភ្លៀងធ្លាក់​​មក ទឹកនឹងបង្ហូរទៅណា? អ៊ីចឹងវាលិច​ផ្ទះប្រជាពលរដ្ឋអស់ហើយ។ មួយទៀត​ ប្រជាពលរដ្ឋដែលគាត់រស់នៅជុំវិញបឹង​ គិតថាអត់មានកន្លែងរស់នៅបន្ត ព្រោះអីគេលុបអស់»។

កញ្ញា ស្រីដាវ បាន​​ស្នើទៅរដ្ឋាភិបាល​បញ្ឈប់​ការ​កាត់ដី​និង​លុប​ផ្ទៃ «បឹងតាមោក» ដែល​ជាបឹងធម្មជាតិ​ចុង​ក្រោយ​សម្រាប់​រំដោះទឹកពីទីក្រុង និង​ជាកន្លែងដែលពលរដ្ឋ​បង្កបង្កើន​ផលនិង​នេសាទ​​​ត្រីបន្តទៀត​​ ដើម្បីបញ្ចៀសផល​ប៉ះពាល់ផ្សេងៗ ជាពិសេសការជន់លិចដោយ​ជំនន់ទឹក​ភ្លៀង។

គួរបញ្ជាក់ថា យុទ្ធនាការជិះកង់ដើម្បីបរិស្ថាន​នេះបែងចែកជា២​ក្រុម ដោយ​ក្រុម​ទី១ ​​ជិះ​កង់​ចម្ងាយ៦០០​គីឡូ​ម៉ែត្រ នៅខេត្តចំនួន​៤​ ដែលមានរយៈ​ពេល​១០ថ្ងៃ។ ចំណែកក្រុមទី២ ជិះកង់រយៈពេល​១ថ្ងៃ នៅជុំវិញ​បឹង​តាមោក រាជធានីភ្នំពេញ។

ក្រៅពីជិះកង់ ពួក​គេ​ក៏​បាន​បែង​​ចែក​​យុទ្ធនាការ​ជា៣​សកម្មភាព ដើម្បី​អបអរ​ទិវា​បរិស្ថាន​ពិភពលោក​ ឆ្នាំ​២០២២ ក្នុង​នោះ ​ពួក​គេនាំ​គ្នាធ្វើ​យុទ្ធនាការ​តាម​​បណ្ដាញ​​សង្គម ដើម្បី​ផ្សព្វផ្សាយ​បញ្ហា​ព្រៃឈើ និង​​ការ​បម្រែបម្រួល​​អាកាសធាតុ និង​​រៀបចំ​​សិក្ខា​សាលា​ធំ​មួយនៅចុងខែនេះ នៅ​​រាជធានី​​ភ្នំពេញ ដើម្បី​លើក​កម្ពស់​កិច្ច​ការពារ​ធនធាន​ធម្មជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមអង្គការសង្គមស៊ីវិលនិង​យុវជន ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹង​ថា យុទ្ធនាការជិះកង់នេះធ្វើឡើង​​​ក្រោម​​មូល​​បទ​​ស្ដីពី​ «លើក​កម្ពស់​កិច្ច​ការ​ពារ​បរិស្ថាន ​ដើម្បី​ចីរភាព​ធន​ធាន​ធម្មជាតិ និងសុខុមាលភាព​មនុស្ស​​ជាតិ» ដោយ​មាន​​អង្គការសង្គមស៊ីវិលចូលរួមចំនួន១៥ស្ថាប័ន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ