អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ អះអាងថា កម្ពុជាមិនរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លទេ ខណៈពិធីបុណ្យច្រត់ព្រះនង្គ័លខកខានរៀបចំរយៈពេល៣ឆ្នាំ បើគិតទាំងឆ្នាំ២០២២នេះ។
អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ លោក ឈិន កេតនា ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា មូលហេតុដែលគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មិនរៀបចំ ដោយសារមិនមានផែនការពីរដ្ឋាភិបាល។ លោកបន្តថា កម្ពុជាខកខានរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័ល តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២នេះ។
លោកថា៖ «ខាងក្រសួងដែលរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័លហ្នឹង អ៊ីចឹងវាអត់មាន ដល់អត់មានអ៊ីចឹងទៅ យើងក៏អត់ធ្វើ។ ហើយម្យ៉ាងទៀត ដោយសារកូវីដនៅតែមាន ហើយឥលូវវាកាត់បន្ថយ ហើយផែនការរៀបចំអត់ទាន់ចេញ»។
លោកបន្តថា៖ «ខ្ញុំអត់ដឹងដែរ! មានស្អីជាធម្មតា! មានស្អីសំខាន់ កូវីដមាននេះ ឥលូវកូវីដស្បើយ។ យើងមានបុណ្យជាបន្តបន្ទាប់ទៀត»។
អគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជានាយកគណៈកម្មការហោរាសាស្ត្រកម្ពុជា លោក អ៊ឹម បូរិន បញ្ជាក់បន្ថែមថា ការផ្អាករៀបចំពិធីនេះតាំងពីផ្ទុះជំងឺកូវីដ-១៩ តែឆ្នាំនេះ ទោះបីជាកូវីដ-១៩បានធូរស្រាល ប៉ុន្តែរដ្ឋាភិបាលមិនបានរៀបចំផែនការ ដើម្បីបា្ររព្ធពិធីច្រត់ព្រះនង្គ័លឡើយ។ លោកបញ្ជាក់ថា ទោះបីជាកម្ពុជាមិនរៀបចំពិធីបុណ្យច្រត់ព្រះនង្គ័ល ប៉ុន្តែវាមិនប៉ះពាល់ប្រពៃណីខ្មែរនោះទេ។
លោលថា៖ «ឥលូវ ថ្វីត្បិតតែកូវីដ-១៩ វាបានស្ងាត់ទៅហើយ ផែនការយើងធ្វើតាំងពីដើមឆ្នាំ វាមិនពាក់ព័ន្ធអីទេ! អាហ្នឹង វាគ្រាន់តែថា ព្រះមហាក្សត្រចង់បញ្ជាក់ប្រាប់ថាដល់ពេលរដូវធ្វើស្រែហើយ តែប៉ុណ្ណឹង! អាហ្នឹងវាជាទំនៀមទម្លាប់ មិនមានអីធំដុំទេ។ [ឆ្នាំក្រោយ] បើសិនជាកូវីដស្បើយ យើងត្រូវតែធ្វើហើយ ព្រោះអាហ្នឹង វាមិនពាក់ព័ន្ធនឹងរឿងនយោបាយទេ»។
រាជរដ្ឋាភិបាលបានសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល កាលពីអំឡុងខែមេសា ឆ្នាំ២០២០ ដោយសារតែការឆ្លងរាលដាលជំងឺកូវីដ-១៩។