អឺរ៉ុប​បន្ត​ជំរុញ​ការ​លើកកម្ពស់​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ក្នុង​យុទ្ធសាស្រ្ត​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​រយៈពេល​៧ឆ្នាំ​ខាងមុខ

នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។ (ហ្វេសប៊ុក ហ៊ុន សែន)

សហភាពអឺរ៉ុបបន្តប្ដេជ្ញាជំរុញការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ ការប្ដេជ្ញានេះត្រូវបានបង្ហាញឡើងនៅក្នុងយុទ្ធសាស្រ្តរួមសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងរយៈពេល៧ឆ្នាំ ដោយចាប់អនុវត្តពីឆ្នាំ២០២១ ដល់២០២៧។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានរៀបចំឱ្យមានកិច្ចពិភាក្សាផ្ដោតទៅលើការរៀបចំយុទ្ធសាស្រ្តរួមសហភាពអឺរ៉ុប សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយប្រទេសកម្ពុជាក្នុងរយៈពេល៧ឆ្នាំទៅមុខ ដោយមានការចូលរួមពីក្រសួង-ស្ថាប័នសំខាន់ៗរបស់រដ្ឋាភិបាលកម្ពុជា និងបណ្ដាប្រទេសផ្សេងៗទៀត រួមមាន ប្រទេសប៊ែលហ្សិក, សាធារណរដ្ឋឆេក, សហភាពអឺរ៉ុប, ធនាគារវិនិយោគអឺរ៉ុប (EIB) បារាំង (ជាមួយភ្នាក់ងារអភិវឌ្ឍន៍បារាំង AFD), ប្រទេសអាល្លឺម៉ង់ (រួមទាំងអង្គការ GIZ និង KfW) ប្រទេសហុងគ្រី, អៀរឡង់, ស៊ុយអែត និងស្វីស។

ក្រៅពីលើកឡើងពីបញ្ហាការគោរពសិទ្ធិមនុស្ស និងពង្រឹងលទ្ធិប្រជាធិបតេយ្យ កិច្ចប្រជុំយុទ្ធសាស្ត្រអឺរ៉ុបនេះក៏បន្តដាក់ចេញនូវគោលដៅដោយផ្ដោតលើវិស័យអាទិភាពមួយចំនួនទៀតទាក់ទងនឹងបញ្ហាសមភាពយេនឌ័រ ប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ ប្រព័ន្ធនិងសេវានៅគ្រប់កម្រិត កម្មវិធីកំណែទម្រង់អភិបាលកិច្ចសំខាន់ៗ និងការលុបបំបាត់អំពើពុករលួយ ជាដើម។

ជាមួយគ្នានេះ សហភាពអឺរ៉ុបក៏បានជំរុញឱ្យមានការគាំទ្រដល់បរិយាកាសអំណោយផលសម្រាប់សង្គមស៊ីវិលនៅកម្ពុជា និងឱ្យមានការអភិវឌ្ឍបៃតងប្រកបដោយនិរន្តរភាព រួមទាំងការគ្រប់គ្រងធនធានធម្មជាតិរបស់កម្ពុជា ការការពារនិងអភិរក្សបរិស្ថាន ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ថាមពលបៃតងនិងប្រសិទ្ធភាពថាមពល ការអភិវឌ្ឍប្រកបដោយចីរភាពនៃកសិកម្ម វារីវប្បកម្ម ការនេសាទ ព្រៃឈើ និងការបោសសម្អាតមីន ជាដើម។

ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកការដាក់គោលដៅអាទិភាព និងការជំរុញរបស់អឺរ៉ុបនេះ គឺដើម្បីជាផលប្រយោជន៍របស់កម្ពុជា។ លោកបន្តថា បើសិនជាកម្ពុជាមិនអនុវត្តតាមយុទ្ធសាស្ត្រនោះទេ លោកបារម្ភខ្លាចសហភាពអឺរ៉ុបអាចដកប្រព័ន្ធអនុគ្រោះពន្ធចេញពីកម្ពុជាបន្ថែមទៀត ឬអាចព្យួរទាំងស្រុង​ ដែលធ្វើឱ្យប៉ះពាល់ដល់កម្មករ-កម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ រួមទាំងកសិករ ជាដើម។

លោកថា៖ «ការស្នើសហភាពអឺរ៉ុបនេះ ក៏ដើម្បីផលប្រយោជន៍កម្ពុជាដែរ។ អ៊ីចឹងខ្ញុំយល់ថា រាជរដ្ឋាភិបាលកម្ពុជា លោកគួរតែពិនិត្យនូវចំណុចដែលយើងខ្វះខាត ដូចយើង បានគេដាក់ជាយុទ្ធសាស្រ្ត​ហ្នឹងឱ្យយើង​ធ្វើការកែលម្អ អាហ្នឹងជាផលចំណេញសម្រាប់កម្ពុជាយើង ពីព្រោះថ្មីៗនេះ យើងឃើញសភាសហភាពអឺរ៉ុបក៏បានអនុម័តលើញត្តិមួយដែលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ និងការឃ្លាំមើលការបោះឆ្នោតនៅពេលខាងមុខនេះផងដែរ»។

ចំណែកនាយកប្រតិបត្តិនៃអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា ការបន្តជំរុញរបស់សហភាពអឺរ៉ុប គឺដើម្បីឱ្យកម្ពុជាអនុវត្តទៅតាមកិច្ចព្រមព្រៀងជាមួយអឺរ៉ុប និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្របពេលដែលកម្ពុជាក៏ជាម្ចាស់ហត្ថលេខីដែរនោះ។ លោកបន្តថា បើសិនជាមិនមានកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុបទេ លោកថា កម្ពុជាក៏មិនទទួលបានប្រព័ន្ធអនុគ្រោះពន្ធដែរ។

លោកបន្តថា៖ «បើសិនជាកម្ពុជាមិនទទួលយកសំណូមពររបស់សហភាពអឺរ៉ុប​នៅលើបញ្ហាការលើកកម្ពស់សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ កម្ពុជាទេ​ ខ្ញុំជឿជាក់ថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធបន្ថែមទៀត គ្រាន់តែនៅក្នុងចំនួនមួយណា ខ្ញុំមិនទាន់វាយតម្លៃ ហើយក៏ពិបាកក្នុងការវាយតម្លៃដែរ ព្រោះយើងមិនបានស៊ីជម្រៅជាមួយភាគី​ទាំងសងខាងហ្នឹង»។

លោកបន្ថែមថា៖ «ដូច្នេះ យើងគ្រាន់តែជាអ្នកមើលពីខាងក្រៅ យើងអាចសន្និដ្ឋានថាកម្ពុជាអាចនឹង​​រងការដាក់គំនាបបន្ថែមទៀត ដូចជា ការដក EBA នៅចំនួនណាមួយ ឬអាចមិនទទួលបាន២០%ដែលបាត់បង់ ហើយទទួលបានទណ្ឌកម្មផ្សេងៗទៀតតាមរូបដែលសភាអឺរ៉ុបបានពិនិត្យ និងអនុម័តដោយសភាអឺរ៉ុប​»។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ សភាអឺរ៉ុបបានឱ្យសមាជិកសភារបស់ខ្លួនតាមដានដំណើរការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នៅ​ឆ្នាំ២០២៣ នៅកម្ពុជា ដោយថា បើសិនជា​រកឃើញថាការបោះឆ្នោតនេះមិនប្រព្រឹត្តទៅដោយ​ភាព​សេរី ត្រឹម​ត្រូវ និង​យុត្តិធ៌មនោះទេ សភា​អឺរ៉ុបនឹង​​ស្នើ​​ឱ្យលុប​ចោល​​ប្រពន័្ធ​​អនុគ្រោះពន្ធ EBA ទាំង​ស្រុង​​ពី​​​កម្ពុជា​​តែម្ដង។

វីអូឌី មិនអាចសុំការឆ្លើយតបពីប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន និងអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេ នៅថ្ងៃទី២០ ខែឧសភានេះ។

យ៉ាងណាក៏ដោយ ការព្រមាននិងការបង្ហាញក្ដីបារម្ភរបស់សហភាពអឺរ៉ុបកន្លងមក ក្រោយពីពួកគេរកឃើញអំពីការដើរថយក្រោ​យ​នៃការគោ​រព​សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ជាពិសេស​ចាប់តាំងពីតុលាការកំពូលកម្ពុជាបានរំលាយគណប​ក្ស​​សង្រ្គោះជាតិកាលពីឆ្នាំ២០១៧មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ