កម្មករសំណង់នៅខេត្តព្រះសីហនុចំនួន៤នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះថ្នាក់ដាច់ខ្សែកាបយោងជណ្ដើរយន្តពីអគារកំពុងសាងសង់ដែលមានកម្ពស់១៥ជាន់។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែឧសភានេះ នៅអគារកំពុងសាងសង់មួយកន្លែង ស្ថិតនៅចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងថា ក្នុងហេតុការណ៍ដាក់ខ្សែកាបយោងជណ្ដើរយន្តពីជាន់ទី១៥មកនោះ គឺមានកម្មករ៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈកម្មករម្នាក់ទៀតបានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ហើយកម្មករម្នាក់ទៀតរងរបួសធ្ងន់។
បើតាមលោក ជួន ណារិន្ទ អាជ្ញាធរកំពុងស្វែងរកម្ចាស់អគារ ដើម្បីឱ្យទទួលខុសត្រូវលើការស្លាប់របស់កម្មករសំណង់ទាំង៤នាក់នេះ៕