ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា កងកម្លាំងរុស្ស៊ីបានវាយបំផ្លាញតំបន់ឧស្សាហកម្មដុនបាស (Donbas) ទាំងស្រុងហើយ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែនក៏បានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន និងធ្វើឱ្យខូចខាតកាន់តែច្រើនតាមដែលអាចធ្វើទៅបាន ខណៈលោកនៅតែបន្តចាត់ទុកសកម្មភាពរបស់រុស្ស៊ីនេះថា ជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍។
លោក Volodymyr Zelenskiy បន្ថែមថា ខណៈកងកម្លាំងអ៊ុយក្រែនកំពុងតែផ្ដោតសំខាន់ក្នុងការរំដោះតំបន់ Kharkiv នៅភាគខាងកើតនៃទីក្រុងកៀវ Kyiv រុស្ស៊ីបានឆ្លៀតដាក់សម្ពាធកាន់តែខ្លាំងនៅក្នុងតំបន់ដុនបាសដែលស្ថិតនៅភាគអាគ្នេយ៍នៃអ៊ុយក្រែន។
ថ្លែងក្នុងសុន្ទរកថាមួយតាមរយៈប្រព័ន្ធវីដេអូ លោកថា៖ «នៅទីនោះ [តំបន់ដុនបាស] រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ»។
លោកបន្តថា៖ «ក្រៅពីតំបន់ដុនបាស់ត្រូវបានបំផ្លាញទាំងស្រុង ក្នុងនោះតំបន់ Odesa រួមនឹងទីក្រុងនានានៃភាគកណ្តាលអ៊ុយក្រែន ក៏រងនូវការវាយប្រហារឥតឈប់ឈរ [ពីសំណាក់កងទ័ពរុស្ស៊ី] ផងដែរ»។
លោកបានឱ្យដឹងទៀតថា៖ «ករណីទាំងនេះគឺជាការប៉ុនប៉ងជាលក្ខណៈឧក្រិដ្ឋកម្ម និងដោយចេតនា ដើម្បីសម្លាប់ជនជាតិអ៊ុយក្រែន បំផ្លាញផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និងសហគ្រាសនានាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែនតាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ៕












