អាមេរិក​ថា​ករណី​គប់ស្បែកជើង​លើ​លោក ហ៊ុន សែន កំពុង​ស៊ើប​អង្កេត​ដោយ​ហ្មត់ចត់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅសាលពិព័រណ៍ជ្រោយចង្វារ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

សហរ​ដ្ឋអាមេរិ​កស​ម្អាងថា​ អា​ជ្ញាធ​ររបស់ខ្លួ​នកំពុ​ងបើ​កការស៊ើប​អង្កេតដោយ​ភា​ពហ្មត់​ចត់ស្រប​តាមច្បា​​​​​​​ប់រ​បស់ខ្លួ​ន ជុំវិញព្រឹត្តិការណ៍គប់ស្បែកជើងសំដៅទៅលើនាយករដ្ឋមន្ត្រីកម្ពុជា លោ​ក ហ៊ុន សែន ខណៈមានការព្រមានថា វាស​នាក្រុមអ្ន​កប្រ​ឆាំង​នឹង​រង​នូវ​ការវាយប្រហារដូចគ្នានេះដែរ ​​បើអា​មេរិក​ចាត់​ទុកទង្វើ​នេះថា​​ជាសេ​រីភាព​បញ្ចេញម​តិ​នោះ។​

អ្ន​កនាំ​ពាក្យស្ថា​នទូ​តអាមេ​រិ​កប្រចាំកម្ពុជា លោក ឆែត ​រ៉ូដឹម៉ៃយើរ (Cha​d Roedemeier) បានឆ្លើយតបទៅនឹងសំណួររបស់VOD តាមសារអេឡិចត្រូនិចនៅថ្ងៃសុក្រនេះថា សហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខនិងសុវត្ថិភាពរប​ស់មន្ត្រីការ​ទូត​និ​ងឥ​ស្សរ​ជនទាំ​ងអ​ស់​ដែល​ចូល​មកកា​ន់អា​មេរិក។

លោកបន្តថា​​៖ «ស​ម្រាប់ហេតុកា​រណ៍ដែល​កើតឡើ​ងកា​លពី​ថ្ងៃទី​​១១ ​​ខែឧសភា​ កា​រ​ស៊ើប​អង្កេតមួយដោយផ្អែកលើការអនុវត្តច្បាប់របស់​សហរដ្ឋអាមេរិកនឹងត្រូ​វធ្វើឡើងទាក់ទងនឹងបញ្ហានេះ​។ ការ​ស៊ើបអ​ង្កេត​នេះនឹ​ង​ត្រូវ​ធ្វើឡើ​ងដោយល្អិតល្អ​ន់និងពេញ​លេញស្រ​បតា​មច្បា​ប់របស់​សហរដ្ឋអាមេ​រិក​»។​

​បន្ថែ​មពីនេះ អ្នកនាំពាក្យបញ្ជាក់ថា កិ​​ច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក គឺប្រព្រឹត្តទៅដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក និងបង្ហាញពី​​ការប្ដេជ្ញាចិត្តដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិកចំពោះតួនាទីស្នូលរបស់អាស៊ានក្នុងការផ្តល់នូវដំ​ណោះ​​ស្រាយប្រកបដោយនិរន្តរភាពចំពោះបញ្ហាប្រឈមនៅក្នុងតំបន់។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ ពោលគឺមុនកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកចាប់ផ្តើម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបអ្នកគាំទ្រ​​រាប់​សិប​នា​ក់នៅលើ​ទឹកដីអាមេរិកនៅរដ្ឋធានីវ៉ាស៊ីនតោន។ ក៏ប៉ុន្តែជំនួបនោះ ខ្មែរអាមេរិកាំងម្នាក់ គឺលោក អ៊ុក ទូច បានគប់ស្បែកជើងសំដៅទៅលើលោក ហ៊ុន សែន តែស្បែកជើងនោះមិនបានត្រូវមេដឹកនាំកម្ពុជាដែលកំពុងឈរថតរូបជាមួយអ្នកគាំទ្រនោះទេ។

ក្រោយព្រឹត្តិការណ៍នេះ លោក អ៊ុក ទូច បានអះអាងថា លោកមិនមានកំហុសទេ បើធៀបទៅនឹងព្រឹត្តិ​ការ​ណ៍បោកគ្រាប់បែកសម្លាប់មនុស្សនៅក្នុងរាជធានីភ្នំពេញ អំឡុងឆ្នាំ១៩៩៧ និងវិធានការសម្លាប់ប្រជាធិ​ប​តេយ្យនៅកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ។

លោកថា៖ «ខ្ញុំគ្រាន់តែយកស្បែកជើងគប់ក្បាលគាត់ទេ តែគាត់​បាន​យកគ្រាប់បែកគប់បាតុករ​ងាប់​មិ​ន​ចេះ​​តិច​នៅស្រុក​ខ្មែរ។ អាហ្នឹង​ខ្ញុំមាន​កំហុសដែរអត់? ព្រោះ ហ៊ុន សែន សម្លាប់មនុស្សច្រើនណាស់ សម្លា​​ប់ប្រជា​ធិបតេយ្យ ខ្ញុំទប់អត់បានទេ»។

តែយ៉ាងណា ក្រោយពីត្រលប់មកដល់ប្រទេសកម្ពុជាវិញ ​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ កាល​ពី​ថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២២​ មេដឹកនាំកម្ពុជា​បានចាត់ទុកទង្វើគប់ស្បែកជើងទៅលើរូបលោកនេះថា ជាការវាយប្រហារដោយហិង្សា។

បញ្ហានេះ លោកបានព្រមានថា បើសហរដ្ឋអាមេរិកចាត់ទុកទង្វើនេះថាជាសេរីភាពបញ្ចេញមតិ នោះវាសនាក្រុមអ្នកដែលប្រឆាំងនឹងលោកនៅក្នុងប្រទេសកម្ពុជា ក៏ត្រូវរងនូវការគប់នឹងស្បែកជើងដូចគ្នាដែរ ។

លោកថា៖ «គេបានដឹងថាអ្នកណានៅទីក្រុងភ្នំពេញនេះជាក្រុមហ្នឹង អ្នកហ្នឹងក៏ត្រូវត្រៀមត្រូវក្បាលនឹ​​ង​​​ស្បែកជើងដែរ។ នេះមិនមែនជាការគំរាមទេ តែជាការវិភាគជូនទិដ្ឋភាពច្បាប់តភ្ជាប់នឹងផ្លូវន​យោបា​យ​»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ពាក់ព័ន្ធទៅនឹងចំណាត់ការរបស់សហរដ្ឋអាមេរិក ក្រោយមានប្រតិកម្មរបស់មេដឹកនាំកម្ពុជាដូច្នេះថា៖ «ខ្ញុំថាសហរដ្ឋអាមេរិកគាត់មានការលុបលាងនូវកិត្តិយសរបស់គាត់ ក្នុងនាមជាម្ចាស់ផ្ទះអញ្ជើញភ្ញៀវទៅហើយ វាមានបញ្ហា! អាហ្នឹងគាត់កា​ត់​​សេចក្តីហ្នឹង វាស្របទៅ​តាមគោលការណ៍ច្បាប់របស់អាមេរិក ហើយក៏វាស្របទៅតាមបំណងប្រាថ្នារបស់សម្តេចនា​យ​​ករដ្ឋ​មន្ត្រី ហ៊ុន សែ​ន មិនចងកម្មចងពារជាមួយបុគ្គលដែលប្រើអំពើមិនគួរគប្បីនោះទេ»។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មើលឃើញថា ចំណាត់ការអាមេរិកបង្ហាញពីការទទួលខុសត្រូវ ក្នុងនាមប្រទេសប្រកាន់ច្បាប់ និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។

លោកកត់សម្គាល់ដែរថា នៅកម្ពុជាវិញ ក៏មានពលរដ្ឋសាមញ្ញមួយចំនួន រួមទាំងសកម្មជនបក្សប្រឆាំងខ្លះផង កំពុងទាមទាររកយុត្តិធ​ម៌ពីរដ្ឋាភិបាលដែរ ដែលការណ៍នេះ លោកថា ដើម្បីធានាសុខដុមរមនាសង្គម រដ្ឋាភិបាលគួរតែផ្ដល់យុត្តិធម៌ដល់ពួកគេផងដែរ។

លោកថា៖ «ខ្ញុំគិតថាយុត្តិធម៌សម្រាប់អ្នកនយោបាយ និងអយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋហ្នឹង វានឹងកើតច្រាសគ្នានៅពេលដែលគាត់[មេដឹកនាំ]អស់អំណាចទៅវិញ ឬក៏អ្នកកាន់អំណាចឡើងថ្មីមក វានឹងច្រាសទៅច្រាសមក វាអត់ចេះចប់ទេ»។

អំឡុង​ឆ្នាំ២០១៧ ប្រជាពលរដ្ឋម្នាក់រស់​នៅខេត្តកំពង់ស្ពឺ អ្នកស្រី​ ​សំ សុខា​ ត្រូវបានតុលាការខេត្តនេះផ្តន្ទាទោស​ដាក់​ពន្ធនាគារចំនួន៤ឆ្នាំ ចោទពីបទ ​«​ប្រមាថ»​ ​និង​ ​«ញុះញង់​ឱ្យ​​​មាន​ការ​រើស​អើង»។

​ការផ្តន្ទាទោសស្ត្រីរូបនេះបានធ្វើឡើងក្រោយពីគាត់​បានបង្ហោះរូបភាព​លើបណ្តាញសង្គមពីសកម្មភា​ពយក​​​​ស្បែក​ជើង​គប់​ទៅលើ​ស្លាក​សញ្ញា​គណបក្សប្រជាជនកម្ពុជា ដែលមានរូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​បក្សប្រជាជនកម្ពុជា​ និងរូបលោក ហេង សំរិន ប្រធានកត្តិ​យស​​បក្ស​ និង​​ជា​ប្រធា​នរ​ដ្ឋ​​សភា ខណៈស្ត្រីរូបនេះបានភៀសខ្លួនទៅរស់នៅប្រទេសថៃ។

ប៉ុន្តែ​ក្រោយមក អាជ្ញាធរកម្ពុជាបានសហការជាមួយអាជ្ញាធរថៃនាំខ្លួនស្ត្រីរូបនោះមកផ្តន្ទាទោ​ស​នៅ​​ប្រទេស​កម្ពុជា​​វិញ តែ​បច្ចុប្បន្ន​ អ្នក​ស្រី សំ សុខា មាន​សេរីភា​ព​វិញ​ហើយ ក្រោយពីទទួលទោសចប់ ហើយ​ព្រម​បង់​ប្រាក់​ពិន័យ​ចំនួន​១០​​​​​​លា​​ន​​​​​​រៀលតាមការបង្គាប់របស់តុលាការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ