មន្ត្រី​ ​គ.ជ.ប​ ​ថា​​២​ថ្ងៃ​នៃ​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ដំណើរ​ការ​រលូន​និង​គ្មាន​ហិង្សា​

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ហ្វេសប៊ុក គ.ជ.ប)

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា នៅថ្ងៃទី២ នៃយុទ្ធនាការហែក្បួនឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ ដំណើរការរលូន គ្មានអំពើហិង្សា និងការប៉ះទង្គិចគ្នានោះទេ។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃអាទិត្យនេះថា គ្រប់គណបក្សនយោបាយទាំងអស់ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅទូទាំងប្រទេសក្នុងថ្ងៃទី២នេះនិងថ្ងៃទី១ ម្សិលមិញ  ប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការប៉ះទង្គិចគ្នានោះឡើយ ដោយសារមានការសហការគ្នាល្អរវាងគណបក្សនយោបាយ ជាមួយអាជ្ញាធរដែនដីនៅតាមមូលដ្ឋាន។

លោកបន្ថែមថា បើសិនជាដំណើរការឃោសនារកសំឡេងឆ្នោតរលូនរហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានទៅបោះឆ្នោតទាំងអស់គ្នា ទើបការបោះឆ្នោតនោះមានសេរី ត្រឹមត្រូវ និងយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «បើសិនបើយើងដំណើរការឃោសនាបានល្អ មានន័យថា យើងកំពុងតែលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងទៅបោះឆ្នោត អនុវត្តច្បាប់ទាំងអស់គ្នា និងធ្វើឱ្យការបោះឆ្នោតទទួលបានសេរី និងយុត្តិធម៌ »។

ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រូងហ្សូរិច ប្រទេសស្វីស កាលពីថ្ងៃទី២១ ខែឧសភា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសាទរ ដោយឃើញយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅថ្ងៃដំបូងដែលត្រូវថ្ងៃទី២១ ខែឧសភានេះ ដំណើរការទៅដល់រលូន គ្មានអំពើហិង្សា និងគ្មានការប៉ះទង្គិចគ្នាជាដើម។

តាមប្រតិទិន ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។ ចំណែកការឃោសនារកសំឡេងឆ្នោតរបស់គ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតវិញ មានរយៈពេល១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

ទោះជាយ៉ាងណា  តាមរយៈសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី២០ ខែឧសភា​ សហភាពអឺរ៉ុបប្រចាំ​កម្ពុជា (European Union in Cambodia) បានប្រកាសថា សហភាពអឺរ៉ុបមិនបានស្នើសុំឱ្យ​មាន​បេសកកម្មសង្កេតការណ៍​បោះឆ្នោតសម្រាប់ដំណើរការបោះឆ្នោតនាពេលខាងមុខ​នេះទេ។

តែទោះជាយ៉ាងណាក៏ដោយ ក៏សហភាពអឺរ៉ុប និងស្ថានទូតនៃរដ្ឋជាសមាជិកនៅក្នុងប្រទេសកម្ពុជា នឹងបន្តចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងដោះស្រាយរាល់បញ្ហាដែលអាចរួម​ចំណែក​ដល់​ដំណើរការបោះឆ្នោតកាន់តែប្រសើរឡើងនៅក្នុងការបោះឆ្នោតនាពេល​ខាងមុខផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ