លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងការពារជាថ្មីទៀតថា រដ្ឋាភិបាលមិនបានកាត់ដីខ្មែរទៅឱ្យប្រទេសជិតខាង សូម្បីតែមួយមីលីម៉ែត្រ ដូចការចោទប្រកាន់របស់មជ្ឈដានមួយចំនួននោះឡើយ។
ក្នុងជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែររស់នៅទ្វីបអឺរ៉ុប ក្នុងទីក្រុងហ្សូរិក ប្រទេសស្វីស នៅថ្ងៃទី២១ ខែឧសភានេះ លោក ហ៊ុន សែន បានថ្លែងថា ក្រោយបញ្ចប់សង្គ្រាមឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាបាននាំមកនូវសន្តិភាព ការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ លើសពីនេះ រដ្ឋអំណាចក៏បានដាក់ចេញនូវគោលដៅសំខាន់ៗចំនួន២ គឺទី១ ការប្រែក្លាយដីអតីតសមរភូមិសង្គ្រាម ទៅជាតំបន់ពាណិជ្ជកម្ម និងការអភិវឌ្ឍ និងទី២ ប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឱ្យទៅជាមួយព្រំដែនសន្ដិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងបញ្ជាក់ជាថ្មីថា លោកគ្មានសិទ្ធិកាត់ដីខ្មែរនៅតាមព្រំដែន សូម្បីមួយមីលីម៉ែត្រឱ្យទៅប្រទេសណាមួយ ដូចការចោទប្រកាន់នោះឡើយ។
លោកថ្លែងថា៖ «យើងបានបោះបង្គោលព្រំដែនបាន៨៤% នៅសល់១៦%ទៀត ប៉ុន្ដែថ្មីៗនេះគណៈកម្មការព្រំដែននៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើ៦%ទៀត ហើយខ្ញុំអញ្ជើញនាយករដ្ឋមន្ដ្រីវៀតណាមមកទស្សនកិច្ច អាចនឹងចុះហត្ថលេខាលើ៦ភាគរយនេះទៀត […] បើគង់តែឱ្យ ដីគេដដែលចាំបាច់ទៅចរចាហត់ធ្វើអី គេទារប៉ុន្មានភាគរយៗឱ្យគេទៅ។ ខ្ញុំគ្មានសិទ្ធិយកដីខ្មែរ សូម្បីមួយមីលីម៉ែត្រឱ្យប្រទេសណាទេ»។
លោក ហ៊ុន សែន ថ្លែងបន្តថា កន្លងមកកម្ពុជា-វៀតណាម បានឯកភាពគ្នា ស្នើសុំអ្នកជំនាញការបារាំង ដើម្បីជួយផ្ទេរផែនទី ពីផែនទីបោន ខ្នាត១/១០០ ០០០ មកផែនទី UTM ខ្នាត១/៥០ ០០០ ដើម្បីឱ្យមានភាពច្បាស់លាស់ ហើយងាយស្រួលក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរផងដែរ។
លោក ហ៊ុន សែន អះអាងថា បច្ចុប្បន្ននេះគោលដៅទី១ នៃការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម បានសម្រេចរហូតទៅដល់៩៥ភាគរយ ដែលប្រែក្លាយពីតំបន់អតីតសមរភូមិ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ ខណៈ៥ភាគរយដែលនៅសល់ គឺជាតំបន់ដែលមានមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយរដ្ឋាភិបាល កំពុងតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហាទាំងនោះឱ្យបានឆាប់ទៀតផង។
យ៉ាងនេះក្តី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលតុលាការរំលាយ លោក អ៊ូ ច័ន្ទរ័ត្ន សង្កេតឃើញថា បញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ជារឿងរសើប ដោយសារកន្លងមក លោក រ៉ុង ឈុន និងសកម្មជននយោបាយ សកម្មជនបរិស្ថាន និងអ្នកចេញតស៊ូមតិរឿងអយុត្តិធម៌សង្គម ត្រូវបានចោទប្រកាន់និងចាប់ដាក់ពន្ធនាគារ ពាក់ព័ន្ធការរិះគន់រដ្ឋាភិបាលជុំវិញរឿងព្រំដែននេះដែរ។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា បើរដ្ឋាភិបាលមិនពន្យល់សាធារណជនឱ្យបានច្បាស់លាស់ទេ នោះបញ្ហានៃការរិះគន់លើរឿងព្រំដែននៅតែបន្តកើតមាន។ ករណីនេះ លោកជំរុញទៅរដ្ឋាភិបាលត្រូវពន្យល់ និងបង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ជូនសាធារណជន ដើម្បីកុំឱ្យពលរដ្ឋខ្លះនៅតាមព្រំដែនរិះគន់បញ្ហាកម្ពុជា-បាត់បង់ទឹកដីទៅឱ្យប្រទេសជិតខាងបន្តទៀត ។
លោកមានប្រសាសន៍ថា៖ «យើងឃើញចាប់ផ្តើមរដ្ឋាភិបាលវាស់ និងដាក់បង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម យើងឃើញមានចម្រូងចម្រាស់តាំងពីផែនទីខ្នាតលើ១/១០០ ០០០ (មួយលើមួយរយពាន់) និងខ្នាតលើ១/៥០ ០០០(មួយលើហាសិបពាន់)។ អញ្ចឹងត្រូវពន្យល់ឱ្យច្បាស់ឯកភាពយើងយកខ្នាតណា ហើយមានមូលហេតុច្បាស់លាស់ មានការសិក្សាពីអ្នកជំនាញត្រឹមត្រូវ បញ្ជាក់ជូនសាធារណជនដែលនៅតំបន់ណា ដែលគាត់មានការព្រួយបារម្ភ បើមានការបកស្រាយច្បាស់លាស់មិនមានការតវ៉ាទេ យើងមានឯកភាពលើខ្នាតវាស់វែងហ្នឹងហើយ»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវេស លោក ម៉ែន ណាត បានប្រាប់វីអូឌីនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលបោះបង្គោលព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-វៀតណាម ធ្វើឡើងផ្ទុយពីមាត្រា២ និងមាត្រា៥៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់លើផែនទីមាត្រដ្ឋានខ្នាត ១/១០០ ០០០ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។
រីឯមាត្រា៥៥ ចែងថា សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។
ករណីនេះ លោក ម៉ែន ណាត អះអាងថា បើការបោះបង្គោលព្រំដែន មានភាពមិនប្រក្រតី កម្ពុជាអាចមានសិទ្ធិក្នុងការសើរើឡើងវិញ ដោយនិរាករណ៍ឯកសារច្បាប់ទាំងឡាយដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងកិច្ចព្រមព្រៀមសន្តិភាពទីក្រុងប៉ារីស រួចដាក់ពាក្យប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីឱ្យគេពិនិត្យឡើងវិញអំពីការអនុវត្ត និងដាក់បណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីជួយរកយុត្តិធម៌លើ បូរណភាពទឹកដីកម្ពុជា ដែលត្រូវបានបំពានដោយប្រទេសជិតខាង។
លោក ម៉ែន ណាត អះអាងថា ដើមចមដែលនាំឱ្យលោកនាយករដ្ឋមន្ត្រី ព្យាយាមបកស្រាយយកភាពត្រឹមត្រូវ និងស្របតាមច្បាប់នោះ គ្រាន់តែដើម្បីការពារខ្លួនឯងតែប៉ុណ្ណោះ ពីព្រោះកន្លងមកលោកធ្លាប់ចុះហត្ថលេខា លើបញ្ហាព្រំដែនរវាងកម្ពុជា-វៀតណាម ខុសច្បាប់ជាច្រើនដងមកហើយ ។
លោកមានប្រសាសន៍ថា៖ «អ្វីដែលលោក ហ៊ុន សែន ធ្វើមិនបាន ហើយគាត់អះអាង ដើម្បីការពារខ្លួនរបស់គាត់ នៅត្រង់ថា លោក ហ៊ុន សែន គាត់ធ្លាប់ចុះហត្ថលេខាព្រំដែនជាមួយវៀតណាមលើសន្ធិសញ្ញា លើកិច្ចព្រមព្រៀងទាំងអស់ គាត់ខ្លួនឯងជាអ្នកចុះហត្ថលេខាដោយផ្ទាល់ តាំងពីឆ្នាំ១៩៨២,១៩៨៣,១៩៨៥»។
លោកបន្ថែមថា៖ «ឆ្នាំ១៩៨២ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រំដែនទឹក ហើយព្រំដែនទឹក គាត់ទទួលស្គាល់កោះត្រល់ កោះក្រចកសេះឱ្យទៅវៀតណាម ។ ឆ្នាំ១៩៨៣ គាត់ចុះកិច្ចព្រមព្រៀងស្តីពីលក្ខន្តិកៈព្រំដែនគោក ដើម្បីរកយន្តការរៀបចំឯកសារ ក៏សាងព្រំដែនថ្មីរវាងកម្ពុជា-វៀតណាម រួចទៅនៅឆ្នាំ១៩៨៥ គាត់ខ្លួនឯងចុះហត្ថលេខាទៅលើសន្ធិសញ្ញាខុសច្បាប់ ដែលយកមកប្រថាប់ត្រាឡើងវិញនៅឆ្នាំ២០០៥ និងប្រថាប់ត្រាលើកទី២នៅឆ្នាំ២០១៩ ហើយប្រថាប់ត្រាឆ្នាំ១៩៨៥,២០០៥,២០១៩ ទាំងបីហ្នឹងយកបង្កើតជាផែនទីថ្មីមួយទៀត គឺផែនទី ១/២៥ ០០០ (មួយលើម្ភៃប្រាំពាន់) ផ្ទុយមាត្រា២នៃរដ្ឋធម្មនុញ្ញ ជាឧក្រិដ្ឋកម្មទឹកដីជាតិ»។
គួរបញ្ជាក់ថា កម្ពុជាមានផ្ទៃដីសរុបទំហំ១៨១ ០៣៥គីឡូម៉ែត្រការ៉េ ហើយមានព្រំដែនគោកជាប់ប្រទេសវៀតណាមប្រវែង១ ២៧០គីឡូម៉ែត្រ៕









