បក្ស​ក្រៅ​រដ្ឋាភិបាល​ទាមទា​រ​គណបក្ស​កាន់អំណាច​ពន្យល់​ពី​មូលហេតុ​ហៅ​មន្រ្តី​ការិយាល័យបោះឆ្នោត​ចូលរួម​វគ្គបំប៉ន

លោក សុន ឆ័យ និងមន្ត្រីតំណាងគណបក្សភ្លើងទៀន ចូលរួមកិច្ចប្រជុំ ស្ដីពីដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។ (គ.ជ.ប)

ផែនការកោះហៅមន្ត្រីការិយាល័យ​បោះឆ្នោត ទៅទទួលការបណ្ដុះបណ្ដាលពីសំណាក់បក្សកាន់អំណាចនេះ នាំឱ្យមានការរិះគន់ពីគណបក្សនយោបាយមួយចំនួន ដោយពួកគេចាត់ទុកថា ប្រសិនបើលិ​​ខិត​​អញ្ជើញដែលចេញដោយមន្ទីរគណៈកម្មាធិការនៃគណបក្សកាន់អំណាចដោយពិតប្រាកដមែន វានឹង​ឆ្លុះ​​​បញ្ចាំង​អំពីលទ្ធផលឆ្នោតខាងមុខនេះ គ្មានសេរី ត្រឹមត្រូវ និងយុត្តិធម៌ទេ ខណៈយុទ្ធសាស្រ្តនេះ​កើត​​ឡើ​​ង​​​​នៅ​​ចំ​​ពេលដែលគណបក្សនយោបាយទើបតែចាប់ផ្តើមបើកយុទ្ធនាការនៃការឃោសនាស្វែងរកសំឡេង​​ឆ្នោត​​​​។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ថ្លែងនៅថ្ងៃចន្ទនេះថា វាជារឿងដែលគួរឱ្យសង្ស័យបំផុត តើ​​មានមូល​​ហេតុ​​អ្វី​​បានជាគណបក្សប្រជាជនកម្ពុជា ត្រូវកោះហៅមន្រ្តីការិយាល័យរៀបចំការបោះឆ្នោត មក​​រៀន និងបើកវគ្គបំពាក់បំប៉នយ៉ាងដូច្នេះ។ លោកបន្តថា ប្រសិនបើផែនការ ដែលដាក់ចេញ​​​ដោយ​មន្ទី​​រគ​​ណៈ​កម្មាធិការនៃបក្សកាន់អំណាចនេះកើតឡើងពិតមែន មានន័យថា ​នឹងនាំឱ្យមានផលប៉ះ​​ពាល់​​​អា​​ក្រក់​ខ្លាំងចំពោះលទ្ធផលឆ្នោតខាងមុខនេះ។

បើតាមលោក សុន ឆ័យ មកដល់ពេលនេះ ខាងគណបក្សកំពុងតាមដាននិងអង្កេត មុននឹងត្រូវ​សម្រេច​​​ចិត្តថានឹងត្រូវធ្វើអ្វីបន្តទៀតនៅជំហានបន្ទាប់។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកបន្តថា៖ «ដូចខ្ញុំបានជម្រាបអ៊ីចឹង ថាគេនឹងមានការណែនាំអំពីអី! ឥលូនេះ តើ គ.ជ.ប ចាត់វិធានការ​​យ៉ាង​​ម៉េច បើមានគណបក្សនយោបាយទៅហៅសមាជិកដែលបំពេញការងារបោះឆ្នោតហ្នឹងឱ្យទៅជួបហើយ​ណែ​​នាំ? តើមានវិធានការយ៉ាងម៉េចខ្លះ? ហើយតើការណែនាំហ្នឹងមានតែខណ្ឌពីរបីហ្នឹងទេ ឬទូទាំងប្រទេស​​? ​​ដូច្នេះ យើងនឹងតាមដានរាល់សកម្មភាពទាំងអស់នេះតទៅទៀត ទើបយើងសម្រេចថានឹងវាទៅជាយ៉ាងម៉េច»។

ចំណែក ប្រធានគណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឫទ្ធិ បា្រប់ វីអូឌី នៅថ្ងៃទី២៣ ខែឧសភានេះថា តាម​​​ពិត​ទៅ កិច្ចការទាំងនេះ វាគឺជាភារៈរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត​ជាអ្នករៀបចំទេ។ ជាងនេះទៀត ប្រសិនបើផែនការនេះពិតជាត្រូវបានដាក់លេចចេញជារូបរាងមែន វាជារឿងដែលគ្រោះថ្នាក់​បំផុត ជាពិ​​សេ​​ស​​​ពាក់​​ព័ន្ធ​​​នឹងដំណើរការបោះឆ្នោតនិងលទ្ធផលឆ្នោតខាងមុខនេះ។

លោកបន្តថា៖ «ពិតជាគួរឱ្យព្រួយបារម្ភ និងគួរឱ្យសោកស្តាយ ប្រសិន​​បើរឿងនេះកើតឡើង ​​វាហាក់​​ដូចជា​​គ​​ណ​​​​បក្សនយោបាយហ្នឹងលូកដៃទៅក្នុងស្ថាប័នដែលឯករាជ្យនិងអព្យាក្រឹត្យមួយ​»។

វីអូឌី បានទទួលលិខិតចំនួន២ច្បាប់ដែលចេញដោយមន្ទីរគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជា ហើ​​យ​​​​​មាន​កាលបរិច្ឆេទខុសគ្នា។ លិខិតទី១ ចេញកាលពីថ្ងៃទី១៩ ខែឧសភា ហើយមួយថ្ងៃបន្ទាប់ លិខិតមួយ​​ទៀ​​ត​ត្រូវបានគេបញ្ជូនចេញបន្ត។ នៅក្នុងខ្លឹមសារលិខិតដែលចាត់ឱ្យខណ្ឌចំនួន ៣ រួមមាន ខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌសែនសុខ ត្រូវរៀបចំនិងចាត់ចែងប្រធាន អនុប្រធាន និងលេខាធិការ នៃការិយាល័​​យ​​បោះឆ្នោត ចូលរួមវគ្គបំពាក់បំប៉នមន្រ្តីការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់​​ សម្រាប់អាណត្តិ​​ទី៥ ​​ឆ្នាំ​​២០២២។

ឆ្លើយតបរឿងនេះ ប្រធានមន្ទីរគណបក្ស[ប្រជាជនកម្ពុជា]រាជធានីភ្នំពេញ លោក ង៉ែត ចដ្ឋាវី ប្រាប់ វីអូឌី ថាវគ្គបំប៉ននេះ គឺ​​រៀប​​ចំសម្រាប់តែផ្ទៃក្នុងប៉ុណ្ណោះ ហើយជាមន្រ្តីការិយាល័យសម្រាប់តែគណបក្សដែរ។ លោកបន្តថា ការងា​​រ​​នេះមិនជាប់ពាក់ព័ន្ធណាមួយជាមួយនឹងស្ថាប័នជាតិរៀបចំការបោះឆ្នោតទេ ព្រោះជាការងា​​រផ្ទៃក្នុង​​របស់​​គ​​ណបក្សប៉ុណ្ណោះ។

លោកបន្តថា៖ «ទេ! អានេះគឺជាផ្ទៃក្នុងរបស់គណបក្សទេ មានក្រុមអ្នកច្បាប់ គេជាអ្នកបំពាក់បំប៉ន វា​​ប្រៀ​​ប​​ដូចជាយើងបង្រៀនកូនសិស្សត្រៀមប្រឡង។ អត់មានជាប់ពាក់ព័ន្ធនឹង គ.ជ.ប ទេ។ នេះប្រៀបដូចគ្រូគេបង្រៀនកូនសិស្សឱ្យបានជាប់អ៊ីចឹង។ បាទ! សុទ្ធតែសមាជិកគណបក្សទាំងអស់»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា បដិសេធថា ស្ថាប័នជាតិមួយនេះមិន​មានជាប់ទាក់ទិនណាមួយនឹងលិខិត ដែលចេញដោយមន្ទីរបក្សនៃគណបក្សប្រជាជ​​នកម្ពុជានេះ​ទេ។ ​មួយវិញទៀត សម្រាប់មន្រ្តីការិយាល័យបោះឆ្នោត គឺ គ.ជ.ប មិនទាន់បានប្រកាសជ្រើសរើស​​ជាផ្លូវការនៅ​​ឡើយ​​ផង មក​​ដល់ពេល​នេះ។

លោកបន្តថា៖ «គ.ជ.ប មិនមានទំនាក់ទំនងអ្វីជាមួយនឹងលិខិតនោះទេ។ ហើយទី២ មិនដឹងថា​​​លិខិតហ្នឹង​ពិ​​តឬមិនពិតកម្រិតណានោះដែរ។ ​ទី៣ទៀត គ.ជ.ប អត់បានជ្រើសរើសបាន​​មន្រ្តីការិ​​យាល័យ​​បោះ​​ឆ្នោ​​​​ត​​​​នៅ​ឡើយ ទាល់តែថ្ងៃទី២៥ ទើបបានប្រឡងជ្រើសរើស។ ដូច្នេះ បញ្ហានេះ វាដូចជាផ្ទុយពី​​អ្វីដែលច្បាប់​​បាន​​​កំណត់»។

នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី យល់ឃើញថា វាមិនទាស់ខុសអ្វីទេ ប្រសិនបើចូលរួម​​ត្រឹម​​វគ្គសិក្ខាសាលាដែលរៀបចំដោយគណបក្សនយោបាយណាមួយ ប៉ុន្តែដើម្បីឱ្យវាមានភាពសុក្រឹត្យនិង​​តម្លា​​ភាព ស្ថាប័នជាតិរៀបចំការបោះឆ្នោតគួរនៅឱ្យឆ្ងាយពីគណបក្សនយោបាយ ជាពិសេសនៅអំឡុង​​ពេល​​​​​ដាក់​​ឱ្យដំណើរការនៃការបោះឆ្នោតនេះ។

លោកបន្តថា៖ «បើគេគ្រាន់តែហៅមកចូលរួមមកអី អាហ្នឹងជារឿងរបស់គណ​​បក្សទេ។ គ.ជ.ប បើ​​សិនជា​​អ​​ញ្ជើ​​​ញ​​​​ទៅ គ.ជ.ប មិនចូលរួម អាហ្នឹងកាន់តែល្អណាស់ កុំឱ្យវាប៉ះពាល់ទៅដល់ការ​​ងាររបស់ គ.ជ.ប​​។ បើ​​គ្រាន់​​តែ​​​​ថា​​មក​​ចូលរួមវគ្គបណ្តុះបណ្តាលមន្រ្តីរបស់គេ អាហ្នឹងវាជារឿងរបស់គេ»។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់អាណត្តិទី៥នេះ មានគណបក្សនយោបាយចំនួន១​៧គណបក្សបានចុះឈ្មោះចូលរួមការប្រកួតប្រជែង សម្រាប់តំណែងជាមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សា​​ឃុំ​​​​សង្កាត់។ ប្រតិទិនដែលចេញដោយ គ.ជ.ប ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នេះ នឹងប្រ​​ព្រឹត្ត​​​​ទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ