សាលាឧទ្ធរណ៍ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមដោយឱ្យមន្ត្រីនិងអតីតមន្ត្រីសិទ្ធិមនុស្សសមាគមអាដហុកទាំង៥រូប ជាប់ពន្ធនាគារ៥ឆ្នាំ ជារឿងត្រឹមត្រូវ។
ការសម្រេចសាលាឧទ្ធរណ៍រាជធានីភ្នំពេញនាថ្ងៃចន្ទនេះ ធ្វើឡើងបន្ទាប់ពីបើកសវនាការសួរដេញដោលលើបណ្ដឹងសាទុក្ខសំណុំរឿងអ្នកទាំង៥រូប កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។
កាលពីខែកញ្ញា ឆ្នាំ២០១៨ បុគ្គលិកនិងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សអាដហុក ៥រូប ត្រូវបានសាលាដំបូងរាជធានីភំ្នពេញកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ក្រោមបទចោទប្រកាន់ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី»។ ប៉ុន្តែទោស៥ឆ្នាំនេះ តុលាការសម្រេចឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១៤ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ស៊ិន វិសាល នៅថ្ងៃចន្ទនេះ បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ដោយថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមជារឿងត្រឹមត្រូវ។
ជាមួយគ្នា លោក ស៊ិន វិសាល បដិសេធចំពោះការលើកឡើងរបស់មេធាវីការពារក្ដីឱ្យមន្ត្រីនិងអតីតមន្ត្រីសមាគមអាដហុកទាំង៥រូប ដែលចាត់ទុកការអវត្តមាន និងមិនកោះហៅសាក្សី គឺនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងអ្នកស្រី ទ្រី ឈួន ចូលរួមសវនាការ ជាការបំពាននីតិវិធីធ្ងន់ធ្ងរ។
ការទាមទាររបស់ក្រុមមេធាវី និងអតីតបុគ្គលិក រួមទាំងបុគ្គលិក ៥រូបនេះ ដោយចង់ឱ្យតុលាការកោះហៅនាង ខុម ចាន់តារាទី ហៅ ស្រីមុំ និងអ្នកស្រី ទ្រី ឈួន ចូលមកឆ្លើយតទល់គ្នា ប៉ុន្តែការស្នើសុំនេះត្រូវបានតុលាការបដិសេធ ក្រោមហេតុផលថា ចម្លើយអ្នកនាង ខុម ចាន់តារាទី មាននៅក្នុងឯកសារហើយ ដូច្នេះមិនចាំបាច់នាងចូលរួមក៏បានដែរ។
យ៉ាងណាក៏ដោយ ការប្រកាសសាលដីការបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញនាថ្ងៃនេះ មិនមានវត្តមានមន្ត្រីជាន់ខ្ពស់សមាគមអាដហុក រួមមាន លោក នី សុខា, លោក យី សុខសាន្ត និងអ្នកស្រី លឹម មុនី្ន។ ដោយឡែក អតីតមន្ត្រីសមាគមអាដហុកពីររូបផ្សេងទៀត រួមមាន លោក ណៃ វ៉ងដា និងលោក នី ចរិយា ក៏មិនមានវត្តមានចូលរួមស្ដាប់ដែរ ប៉ុន្តែមេធាវីការពារក្តីពួកគេម្នាក់ គឺលោក សំ ទិត្យសីហា បានចូលរួមស្ដាប់។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បង្ហាញការសោកស្ដាយ និងចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ជារឿងអយុត្តិធម៌សម្រាប់ពួកគាត់ដែលធ្វើការលើកកម្ពស់ផ្នែកសិទ្ធិមនុស្ស បែរជាត្រូវតុលាការចោទប្រកាន់និងកាត់ទោសឱ្យជាប់ពន្ធនាគាររហូត៥ឆ្នាំទៅវិញ។
លោកបញ្ជាក់ថា តុលាការមិនដែលកោះហៅសាក្សីមកឆ្លើយតទល់ជាមួយពួកគាត់ឡើយ ទោះបីជាមានការស្នើសុំយ៉ាងទទូចក៏ដោយ ក៏តុលាការនៅតែយកលិខិតស្នាមរបស់អ្នកនាង ខុម ចាន់តារាទី ឆ្លើយមកដាក់បន្ទុកលើពួកគាត់ដដែល។
លោកថា៖ «ចំពោះពួកយើងទាំង៥នាក់ដែលយើងបានចូលទៅឆ្លើយបំភ្លឺគ្រប់ដំណាក់កាល ចូលទៅសវនាការដេញដោលចំពោះមុខតុលាការ បែរជាតុលាការមិនមានការជឿជាក់ ឬតុលាការមិនមែនយកពាក្យសម្ដីរបស់យើងទៅធ្វើការពិចារណាទេ។ តុលាការជឿទៅលើពាក្យសម្ដីរបស់សាក្សីដាក់បន្ទុកហើយ ដែលពាក្យសម្ដីទាំងអស់ហ្នឹង មិនបានចូលមកដេញដោល បែរជាជឿលើលិខិត ជឿលើក្រដាសប៉ុន្មានសន្លឹកហ្នឹង យកមកដាក់ទោសទណ្ឌពួកយើង។ នេះជារឿងមួយដែលអយុត្តិធម៌បំផុតសម្រាប់ពួកយើង ដែលជាការសម្រេចមួយដែលអយុត្តិធម៌បំផុត អត់មានឈរលើភស្តុតាងទេ ឈរលើសាក្សីដាក់បន្ទុកទៅវិញ»។
ប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខសាលាឧទ្ធរណ៍រាជធានីភ្នំពេញ មេធាវីការពារក្ដី លោក សំ ទិត្យសីហា បង្ហាញការខកចិត្ត ដោយថា ការសម្រេចនេះ មិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីឡើយ ដោយសារនាង ខុម ចាន់តារាទី ហៅ ស្រីមុំ បានឆ្លើយដាក់បន្ទុកលើកូនក្ដី ប៉ុន្តែនៅពេលសវនាការបែរជាគ្មានវត្តមានទៅវិញ។
លោកថា៖ «ខ្ញុំមានការសោកស្ដាយដែលអវត្តមានសាក្សីពីររូបសំខាន់ នៅក្នុងការសួរដេញដោលនៅសាលាឧទ្ធរណ៍ហ្នឹង។ ចំពោះការសម្រេចតម្កល់សាលក្រមព្រហ្មទណ្ឌសាលាដំបូងនេះ ខ្ញុំនឹងជជែកជាមួយកូនក្ដីថាគួរតែប្ដឹងសាទុក្ខឬយ៉ាងណា»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការសោកស្តាយ ដោយចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍រាជធានីភ្នំពេញពេលនេះថា ជាសារមួយគំរាមកំហែងអ្នកការពារសិទ្ធិមនុស្សផ្សេងទៀតដែលកំពុងបំពេញតួនាទីដើម្បីលើកកម្ពស់ផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ស្របពេលបច្ចុប្បន្នស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយនេះត្រូវបានគេមើលឃើញថាកាន់តែធ្លាក់ចុះ។
ចំណែកភស្តុតាងរបស់តុលាការវិញ លោកថា មិនមានភាពច្បាស់លាស់ដែលត្រូវយកមកចោទប្រកាន់និងផ្ដន្ទាទោសលើអ្នកការពារសិទ្ធិមនុស្សទាំង ៥ រូបនោះឡើយ ដោយសារការផ្ដល់ប្រាក់ជាង២០០ដុល្លារ ដើម្បីជួយដល់ជនរងគ្រោះ ធ្វើឡើងទៅតាមគោលការណ៍មនុស្សធម៌ និងច្បាប់ស្ដីពីសិទ្ធិមនុស្សតែប៉ុណ្ណោះ។
លោក អំ សំអាត បន្តថា សវនាការមួយត្រូវមានភាពស្មើគ្នាចំពោះមុខច្បាប់ រួមទាំងធានាពីយុត្តិធម៌ក្នុងសង្គម ដោយភាគីពាក់ព័ន្ធទាំងអស់ត្រូវបង្ហាញវត្តមានអំឡុងពេលសវនាការ ដើម្បីជជែកតទល់គ្នាចំពោះមុខតុលាការ។
លោកថា៖ «អ្វីដែលសំខាន់ តួនាទីនៃសាក្សីដ៏សំខាន់ ដែលគេចោទប្រកាន់ហ្នឹង ទាក់ទងនឹងសាក្សីហ្នឹង វាត្រូវតែមានវត្តមានហើយ នៅក្នុងសាលាដំបូងក្ដី នៅក្នុងសាលាឧទ្ធរណ៍ក្ដី ដើម្បីជជែកដេញដោលគ្នា។ បើមិនអ៊ីចឹង អវត្តមាននៃភាគីដ៏សំខាន់ហ្នឹង វាធ្វើឱ្យបាត់នៃយុត្តិធម៌មួយផ្នែកបាត់ហើយ ពីព្រោះមិនមានការមកជជែកដេញដោលគ្នា សវនាការដែលយើងគិតថាជាភាពស្មើគ្នាចំពោះមុខច្បាប់ ជាការតទល់ដើម្បីដោះបន្ទុក និងដាក់បន្ទុកហ្នឹង»។
កាលពីខែមេសា ឆ្នាំ២០១៦ មន្ត្រីនិងអតីតមន្រ្តីសមាគមការពារសិទ្ធិមនុស្សអាដហុកទាំង៥រូប ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងផ្ដល់ប្រាក់ជាង២០០ដុល្លារទៅឱ្យនាង ស្រីមុំ ក្នុងនាមជនរងគ្រោះដែលរត់មករកអាដហុកឱ្យជួយពេលនោះ។
ស្ត្រីឈ្មោះ ខុម ចាន់តារាទី នៅពេលនោះ ត្រូវបានគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា ដែលមានតួនាទីជាអនុប្រធានគណបក្សសង្គ្រោះជាតិពេលនោះ។ ពួកគេទាំង៥នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់មានការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕
កែតម្រូវ៖ «ជាមួយគ្នា លោក ស៊ិន វិសាល … មិនកោះហៅដើមបណ្ដឹង …. ជាការបំពាននីតិវិធីធ្ងន់ធ្ងរ។» ទៅជា «ជាមួយគ្នា លោក ស៊ិន វិសាល … មិនកោះហៅសាក្សី …. ជាការបំពាននីតិវិធីធ្ងន់ធ្ងរ។»