កម្ពុជា​និង​អូស្ត្រាលី​អនុម័ត​គោលការណ៍​ណែនាំ​មួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៅ​ការដ្ឋាន​សំណង់

ស្ត្រីបម្រើការងារក្នុងវិស័យសំណង់ កំពុងបំពេញការងារនៅការដ្ឋានមួយកន្លែង កាលពីពេលកន្លងទៅ។

រដ្ឋាភិបាលកម្ពុជា និង​អូស្ត្រាលី បានរួមគ្នា​ដាក់ឱ្យ​ដំណើរ​ការ​នូវគោលការណ៍ណែនាំស្ដីពី «សុខ​ភាព និងសុវត្ថិ​ភាព​នៅការ​ដ្ឋានសំណង់»​ ដែលនឹងក្លាយជា​ធាតុផ្សំដ៏សំខាន់នៃច្បាប់សំណង់របស់កម្ពុជា​ ក្នុង​​ការ​ជួយកាត់បន្ថយហានិភ័យ និង​ធ្វើឱ្យ​ប្រសើរឡើង​​នូវសុវត្ថិភាពក្នុង​វិស័យ​សំណង់នៅកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្តា្រលីប្រចាំនៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែ​ឧសភា​ ឆ្នាំ២០២២ បានឱ្យដឹងថា គោលការណ៍ណែនាំនេះ ត្រូវបាន​ចែកចេញជា៣ផ្នែក និងគ្រប​ដណ្ដប់​​លើ​ប្រធាន​បទជាច្រើន រួមមាន ទំនួលខុសត្រូវលើសុខភាព និងសុវត្ថិភាពនៅការដ្ឋាន​សំណង់ ការប្រើប្រាស់ឧបករណ៍ការពារ​ផ្ទាល់​ខ្លួន ព្រមទាំងការ​សង្គ្រោះបឋម និងការ​ការពារ​កុមារនិង​កម្មករវ័យ​ក្មេង។

សេចក្តីប្រកាសព័ត៌មាន​បន្តថា៖ «គោលការណ៍ណែនាំនេះក៏ផ្តល់​ការ​ការ​ពារ​បន្ថែម​ដល់​កម្មករ​សំណង់​ជាស្ត្រី រួម​ទាំងនីតិវិធីសម្រាប់​ការ​យល់ដឹង និងដោះស្រាយអំពើហិង្សា និងការ​បៀត​បៀន​​ផ្អែក​លើយេនឌ័រ នៅតាមការដ្ឋានសំណង់។ ឯកសារគោលការណ៍ណែនាំដែលត្រូវបានអនុម័តនេះ នឹងក្លាយជាធាតុផ្សំដ៏សំខាន់​នៃច្បាប់សំណង់របស់កម្ពុជា»។

សេចក្តីប្រកាសព័ត៌មានបន្ថែមថា៖ «ការរីកលូតលាស់យ៉ាង​ឆាប់រហ័សនៃវិស័យសំណង់ និងទីក្រុង [នៅកម្ពុជា] ទាមទារ​​ឱ្យ​មាន​ការ​​អភិវឌ្ឍ និងការ​អនុវត្តស្តង់ដារ​ផ្លូវការ​​នានា ទាក់ទងនឹងគុណភាពសំណង់​ ការ​រចនា​គ្រឿង​បង្គុំសំណង់ និងសុវត្ថិ​ភាពនៅកន្លែងធ្វើការ»។

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយ​កម្ម និង​សំណង់ លោក ជា សុផារ៉ា ត្រូវបាន​ស្រង់ប្រសាសន៍​ដាក់​ក្នុង​សេចក្តីប្រកាសព័ត៌មាន​នេះថា ការ​ដាក់ឱ្យ​មានគោល​ការណ៍ណែនាំ​ស្តីពី «សុខភាព​ និង​​សុវត្ថិភាព​នៅការ​ដ្ឋាន​សំណង់​» នេះ បាន​​ដើរ​តួនាទីសំខាន់់​ក្នុងការ​ជួយ​កាត់បន្ថយ​ហានិភ័យ និងធានាឱ្យបាននូវ​សុវត្ថិភាព​ប្រសើរ​​នៅតាម​ការដ្ឋានសំណង់ និងទីតាំងក្បែរការដ្ឋាន​សំណង់។

លោកបន្ថែមថា៖ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងមុតមាំដល់​អ្នកវិនិយោគ និយោជក និង​និយោជិត បុគ្គល​ អង្គភាព និងស្ថាប័នពាក់ព័ន្ធនានា យក​ចិត្ត​ទុកដាក់​លើ​គោល​ការណ៍ណែនាំ​នេះ និង​ជួយ​អប់រំសមាជិកពាក់ព័ន្ធទាំងឡាយរបស់ខ្លួនអំពីគោលការណ៍ណែនាំនេះ និងសូមចូល​រួម​អនុវត្តគោលការណ៍ណែនាំនេះប្រកបដោយ​ប្រសិទ្ធភាពខ្ពស់​នៅការដ្ឋានសំណង់របស់​ខ្លួន»។

ចំណែក ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោក Pablo Kang បានលើកឡើងក្នុងសេចក្តី​ប្រកាសព័ត៌មាននោះដែរថា ការដាក់ចេញនូវគោលការណ៍ណែនាំនេះ ជាជំហានសំខាន់មួយ​​ក្នុង​ការ​លើក​កម្ពស់សុខភាពនិងសុវត្ថិភាព​ប្រជាពលរដ្ឋ​​ដែលចូលរួមក្នុងវិស័យ​សំណង់ ខណៈវិស័យនេះ​​ជា​វិស័យដ៏​មាន​សក្តានុពលមួយនៅកម្ពុជា។

លោកបន្តថា៖ «ក្រៅពីការផ្តោតយកចិត្តទុកដាក់ទៅលើសុវត្ថិភាពនៅការដ្ឋានសំណង់ គោល​ការណ៍ណែនាំនេះក៏គ្របដណ្តប់លើបញ្ហាសំខាន់ៗនានាផង​ដែរ ដូចជា សុវត្ថិភាពសាធារណៈ និងវិធានការ​ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩ ជាដើម»។

យោងតាមទិន្នន័យ​របស់ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងរយៈពេល២​ទស្សវត្សន៍ចុងក្រោយនេះ លិខិតអនុញ្ញាតសាងសង់ជាង៥៧ ០០០ ត្រូវបានចេញឱ្យ​ការ​ដ្ឋានសំណង់នៅទូទាំងប្រទេសកម្ពុជា។ តម្លៃប៉ាន់ស្មានទុនវិនិយោគសរុប​នៅក្នុងវិស័យសំណង់នេះ មានប្រមាណជាង៦៦ពាន់លាន​ដុល្លារអាមេរិក ហើយ​វិស័យនេះផ្តល់​ការ​ងារជាមធ្យម​ដល់​ពលរដ្ឋ​​ប្រមាណ១៥០ ០០០នាក់ក្នុងមួយថ្ងៃ។

ក្នុងរយៈពេលចុងក្រោយនេះ ហេតុការណ៍គ្រោះថ្នាក់នៅតាមការដ្ឋានសំណង់បានកើតឡើងជាញឹកញាប់។ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ កម្មករសំណង់​ចំនួន៤នាក់បានស្លាប់ និង​ម្នាក់ទៀត​រង​របួស​ធ្ងន់ បន្ទាប់ពីជួប​គ្រោះថ្នាក់​ដាច់​ខ្សែ​កាប​យោង​​ជណ្ដើរ​យន្ត​នៅក្នុង​អគារ​កំពុង​សាង​សង់​ដែល​មានកម្ពស់​​១៥ជាន់ ស្ថិតនៅចំណុចផ្លូវសេតេ ក្រុមទី១១ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ