ក្រសួង​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការវាយប្រហារ​បោកបញ្ឆោត​ប្រភេទ BEC ទៅលើ​វិស័យ​ឯកជន

បុគ្គលិកម្នាក់កំពុងតែបើកចូលប្រើប្រាស់អ៊ីម៉ែលនៅការិយាល័យ។ (ហ៊ាន រង្សី)

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អំពាវនាវ​ដល់វិស័យ​ឯកជនឱ្យមានការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ការ​វាយ​ប្រហារ​បោក​បញ្ឆោត​ប្រភេទ Business Email Compromise (BEC) ទៅលើ​វិស័យ​ឯកជន​​មាន​ការកើនឡើង។

សេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ បានលើកឡើងថា ការវាយប្រហារបោកបញ្ឆោត​ប្រភេទ Business Email Compromise (BEC) ត្រូវបានចោរ​ព័ត៌មាន​វិទ្យា ប្រើប្រាស់​​ក្នុង​គោល​​បំណង​​លួច​​សាច់​​ប្រាក់ តាម​​រូប​​ភាព​​ទាក់​ទង​ផ្ញើ​ព័ត៌មានតាមរយៈអ៊ីមែល សម្រាប់ប្រតិបត្តិការទូទាត់​សាច់​ប្រាក់ទៅក្រុមហ៊ុននៅក្រៅប្រទេស។

ក្រសួងបន្តថា៖ «ការបោកបញ្ឆោតនេះកើត​ឡើង​ជា​ពិសេស​ទៅ​លើ​វិស័យ​ឯក​ជន ដោយ​ចោរព័ត៌​មាន​វិទ្យាធ្វើ​ការវាយប្រហារទៅកាន់អង្គភាពដែលជាគោលដៅ តាមរយៈការផ្ញើសារអ៊ីមែល ដែលសារនោះ​មើលទៅហាក់ដូចជា​មកពីប្រភព​ដែល​ស្គាល់និងត្រឹមត្រូវ»។

ក្រសួងប្រៃសណីយ៍ បន្តទៀតថា ចោរព័ត៌មានវិទ្យា​បានធ្វើពុតជាក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្ម ដែលធ្លាប់ទាក់ទងជាទៀងទាត់ ក្នុងរូបភាពជានាយកប្រតិបត្តិក្រុមហ៊ុន ឬនាយកផ្នែកហិរញ្ញវត្ថុ ឬជំនួយការនិងបុគ្គលិកជាន់ខ្ពស់​ដែលទាក់​ទង​នឹង​ហិរញ្ញវត្ថុ ឬពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅកាន់​ដៃគូអាជីវកម្មនៅក្រៅប្រទេស ដើម្បីស្នើសុំឱ្យមានការទូទាត់ថ្លៃទំនិញឬសេវាទៅកាន់គណនីធនាគារថ្មីមួយ ខុសពីគណីសម្រាប់ទូទាត់កន្លងមក ដោយផ្ញើវិក្កយបត្រតាមរយៈអាសយ​ដ្ឋានអ៊ីមែលរបស់ក្រុមហ៊ុនផលិត ឬដៃគូអាជីវកម្មនោះ ដែលត្រូវបានចោរព័ត៌មានវិទ្យាលួចចូលគ្រប់គ្រងប្រើប្រាស់ ឬអាសយដ្ឋានអ៊ីមែលមួយផ្សេងខុសពីអាសយដ្ឋានអ៊ីមែលដែលធ្លាប់ប្រើ ឬអាស័យដ្ឋានដែលមានលក្ខណៈប្រហាក់ប្រហែល។

ដើម្បីការពារខ្លួនពីបញ្ហានេះ ក្រសួងបានណែនាំ​ដល់​​អ្នក​ប្រើប្រាស់​គួរ​មាន​ការ​ប្រុង​ប្រយ័ត្នជាមួយ​នឹងវិធានការមួយចំនួន ក្នុងនោះ ត្រូវ​​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​មើល​ឈ្មោះ និង​អាសយដ្ឋានអ៊ីមែល​ដែល​ផ្ញើមក​ឱ្យបាន​ច្បាស់ ឬអាចសាកសួរតាមទូរសព្ទបន្ថែមទៀត​ក្នុងករណីដែលមានការសង្ស័យ ទោះបីជាអ៊ីមែលនោះមកពីអ្នកដែលយើងស្គាល់ក៏ដោយ។

ជាមួយគ្នានេះ​ ក្រសួងក៏បានណែនាំឱ្យ​​​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​សារ​អ៊ីមែលដែល​​ស្នើសុំ​ផ្លាស់​ប្ដូរព័ត៌​មាន​គណនី​សម្រាប់​ការ​ផ្ទេរ​ប្រាក់ និង​ត្រូវ​បញ្ជាក់​និង​ផ្ទៀងផ្ទាត់​ចំពោះការស្នើសុំផ្លាស់ប្តូរព័ត៌មានគណនីដោយផ្ទាល់ទៅកាន់បុគ្គលឬដៃគូអាជីវកម្ម តាមរយៈមធ្យោបាយផ្សេងក្រៅពីអ៊ីមែល ព្រមទាំង​ទាក់​ទង​ទៅ​កាន់​ធនាគារជាបន្ទាន់ ប្រសិនបើ​​ដឹង​ខ្លួនថាបានចាញ់បញ្ជោត​និងផ្ទេរ​សាច់​ប្រាក់​រួ​ច​រាល់។ ក្រៅពីនោះ គួរ​ដាក់​ពាក្យបណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ប្រសិនបើ​ចង់​ធ្វើការ​ស្វែង​រក​ចោរ​ព័ត៌មានវិទ្យាមកផ្តន្ទាទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ