តុលាការកោះហៅជនជាតិដើមភាគតិចចំនួន១២នាក់ឱ្យចូលបំភ្លឺ នៅក្នុងខែឧសភា និងដើមខែមិថុនាខាងមុខ ពាក់ព័ន្ធរឿងជម្លោះដីធ្លី នៅឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី តាមបណ្ដឹងឧកញ៉ាម្នាក់។
ក្នុងដីកាកោះហៅចំនួន១២ដែលចេញដោយឡែកពីគ្នា ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ដូចៗគ្នា បានតម្រូវឱ្យឈ្មោះ ម្លូស តេន, ឈ្មោះ បុក ណក់, ឈ្មោះ រ័ត្ន, ឈ្មោះ ឈឿន ប៊ុនធឿន, ឈ្មោះ ស្រេត បិល, ឈ្មោះ សំ ផុនស្រូន, ឈ្មោះ សាមាន, ឈ្មោះ ក្លង, ឈ្មោះ រិន, ឈ្មោះ ត្បួង, ឈ្មោះ ម៉ាប់, ឈ្មោះ ទូច សៀន ចូលបំភ្លឺនៅតុលាការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី១ ខែមិថុនា។
បើតាមដីកាបញ្ជាក់ថា ការកោះហៅពលរដ្ឋជនជាតិដើមភាគតិចពូនងទាំង១២នាក់ឱ្យចូលបំភ្លឺនៅតុលាការក្នុងនាមជាជនសង្ស័យ ពាក់ព័ន្ធនឹងករណី ប្រើហិង្សារំលោភចូលកាន់កាប់ដី ស្រែកគំរាមកំហែង កាប់គាស់ទម្លុះទម្លាយផ្ទះចម្ការ វាយកម្ទេចគ្រឹះផ្ទះដែលធ្វើពីឥដ្ឋ និងស៊ីម៉ត៍ កម្មសិទ្ធិឈ្មោះ គឹម សុខសាន្ត ប្រព្រឹត្តនៅភូមិពូឆប ឃុំដាក់ដាំ ខេត្តមណ្ឌលគិរី តាមបណ្ដឹងឈ្មោះ ញ៉ុង ឆាយ ដែលជាអ្នកទិញដីនោះបន្តពីឈ្មោះ គឹម សុខសាន្ត។
ជនជាតិដើមភាគតិចពូនង រស់នៅភូមិពូឆប លោក កែន ច័ន្ទរ័ត្ន ប្រាប់ វីអូឌី នៅថ្ងៃអង្គារនេះថា នៅថ្ងៃស្អែក រូបលោកនឹងចូលបំភ្លឺតាមដីកាកោះហៅរបស់តុលាការ។ លោកបន្តថា ឈ្មោះ ញ៉ុង ឆាយ បានចូលមកធ្វើរបងនិងរំលោភដីស្រែចម្ការវិលជុំ ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីដូនតាហើយ បែរជាមកប្ដឹងពួកគាត់ទៀត។
លោកបន្តថា៖ «ជុំវិញការកោះហៅនេះ ខ្ញុំយល់ថា បុគ្គលដែលមានអំណាច [ឈ្មោះ] ញ៉ុង ឆាយ គាត់បានប្រើប្រាស់អំណាចប្រព័ន្ធតុលាការមកកោះ លក្ខណៈគំរាមកំហែង បំភ័យស្មារតីប្រជាពលរដ្ឋ ដើម្បីកុំឱ្យប្រជាពលរដ្ឋហ៊ានទៅតវ៉ា។ ពួកខ្ញុំដាច់[ខាត]នៅតែទាមទារដីស្រែចម្ការពួកខ្ញុំ គឺពួកខ្ញុំនឹងស្វែងរកអាជ្ញាធរ និងមន្ត្រីថ្នាក់ជាតិ ឱ្យចុះដោះស្រាយជាបន្តបន្ទាប់ទៀត»។
លោក កែន ច័ន្ទរ័ត្ន បន្តថា កន្លងមក ពួកគាត់ធ្លាប់ទៅរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននិងខេត្តឱ្យជួយដោះស្រាយដែរ ប៉ុន្តែមកដល់ថ្ងៃនេះ អាជ្ញាធរស្រុក និងខេត្ត មិនបានចុះមកដោះស្រាយឱ្យពួកគាត់ឡើយ។
លោកបន្តថា បើសិនជាអាជ្ញាធរនៅតែមិនចុះដោះស្រាយឱ្យប្រជាពលរដ្ឋម្ចាស់ដីនេះ អាចបណ្ដាលមកពីអាជ្ញាធរទាំងពីរនោះទទួលបានផលប្រយោជន៍ពីឈ្មោះ ញ៉ុង ឆាយ។
លោកថា៖ «តាមអាជ្ញាធរ គាត់មិនងាយដោះស្រាយ ប្រហែលជាគាត់អាចស៊ីសំណូកសូកប៉ាន់ជាមួយបុគ្គល ញ៉ុង ឆាយ ហ្នឹង! ព្រោះពេលប្រជាពលរដ្ឋស្នើសុំទៅអាជ្ញាធរភូមិឃុំ អត់បានចុះទៅជាមួយប្រជាពលរដ្ឋ ប៉ុន្តែពេលដែលឈ្មោះ ញ៉ុង ឆាយ បានហៅអាជ្ញាធរភូមិឃុំទៅជាមួយ អាជ្ញាធរបានចុះទៅជាមួយ។ ត្រង់ពលរដ្ឋអ្នកមានបញ្ហា គាត់មិនខ្វល់ខ្វាយ»។
ក្រៅពីប្រជាពលរដ្ឋ១២នាក់នេះ លោកថា កន្លងមក តុលាការក៏បានកោះហៅពលរដ្ឋចំនួន៥នាក់រួចទៅហើយ ក្រោយពីពួកគាត់បាននាំគ្នាធ្វើការតវ៉ា និងដកបង្គោល ដែលលោកថា ឈ្មោះ ញ៉ុង ឆាយ បានបោះ និងសាងសង់ផ្ទះនៅលើដីនោះ។
អគ្គនាយកក្រុមហ៊ុន អិនស៊ី ញ៉ុង ឆាយ ឌីវេឡុបម៉ិន លោក ញ៉ុង ឆាយ បានបដិសេធថា លោកមិនមែនជាឧកញ៉ាអ្វីនោះឡើយ ដោយគាត់គ្រាន់តែជាពលរដ្ឋធម្មតាតែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោកក៏បានច្រានចោលចំពោះការចោទប្រកាន់ថារំលោភដីពលរដ្ឋទាំងនោះ ដោយថា ដីដែលកំពុងមានជម្លោះជាដីដែលលោកទិញពីឈ្មោះ គឹម សុខសាន្ត ដោយមានឯកសារបញ្ជាក់គ្រប់គ្រាន់។ លោកបន្តថា កន្លងមក រូបលោកហៅប្រជាពលរដ្ឋទៅសម្របសម្រួលនៅអាជ្ញាធរឃុំដែរ ប៉ុន្តែប្រជាពលរដ្ឋទាំងនោះមិនព្រមទៅ។
លោកថា៖ «ពេលដែលខ្ញុំហៅគាត់ទៅ គាត់អត់បានទៅទេ! ទី២ គាត់អត់មានឯកសារអ្វីទេ។ អ៊ីចឹង ខ្ញុំអត់មានវិធីអីក្រៅពីរកអ្នកច្បាប់ដើម្បីដោះស្រាយទេ ព្រោះអីដោយសារគាត់ទៅអាជ្ញាធរភូមិឃុំ គាត់អត់ទៅ។ ដល់ពេលខ្ញុំទៅធ្វើដី គាត់ទៅឆាឆៅ ទៅបំផ្លាញទ្រព្យសម្បត្តិខ្ញុំ។ អ៊ីចឹងសួរថា ឱ្យខ្ញុំធ្វើយ៉ាងម៉េច អ៊ីចឹងមានតែផ្លូវច្បាប់ទេដែលអាចដោះស្រាយបាន»។
បើតាមគេហទំព័ររបស់រដ្ឋបាលខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៩ ឱ្យដឹងថា ឈ្មោះ ញ៉ុង ឆាយ មានងារជា «ឧកញ៉ា» និងជាអគ្គនាយកក្រុមហ៊ុន អិនស៊ី ញ៉ុង ឆាយ ឌីវេឡុបម៉ិន ឯ.ក (NC CONSTRUCTION & DEVELOPMENT CO., LTD.)។
មេឃុំដាក់ដាំ លោក ចាស់ ណា អះអាងថា រូបលោកមិនដែលទទួលបានឯកសារ និងការរកកិច្ចអន្តរាគមន៍ពីក្រុមប្រជាពលរដ្ឋម្តងណាឡើយ។
លោកថា៖ «បើគាត់មករកអាជ្ញាធរ ទាល់គាត់មានឯកសារ ការប្ដឹងផ្ដល់ មានឈ្មោះគាត់ហ្នឹង ហើយកុំឱ្យសរសេរខុស។ កាលណាប្រាប់តែមាត់ ខ្ញុំមិនដឹងឈ្មោះគាត់ឈ្មោះអី។ អ៊ីចឹងខ្ញុំក៏មិននេះ [មិនដឹង] ដែរ»។
នៅពេលសួរថា ហេតុអ្វីបានអាជ្ញាធរពន្យារពេល ឬមិនចុះទៅដោះស្រាយឱ្យប្រជាពលរដ្ឋ ខណៈពលរដ្ឋបានចោទថាការពន្យារពេលរបស់អាជ្ញាធរ អាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ? លោកបដិសេធ មិនឆ្លើយ រួចចុចបិទទូរសព្ទតែម្ដង។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក ចឹក សុឃីម ចាត់ទុកការប្ដឹងជនជាតិដើមភាគតិចទៅតុលាការនេះថាជាការគំរាមកំហែង និងបំបាក់ស្មារតីពួកគាត់ឱ្យបញ្ឈប់ការតវ៉ាបន្តទៀត។ លោកបន្តថា បង្គោលរបង និងតូបនោះ គឺក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ជាអ្នកចុះទៅដក និងរុះរើ កាលពីខែមីនា ឆ្នាំ២០២២ មិនមែនប្រជាពលរដ្ឋជាអ្នកបំផ្លាញឡើយ។
លោក ចឹក សុឃីម បន្តថា ជនជាតិដើមភាគតិចដែលកំពុងមានជម្លោះនោះ ពួកគាត់មានឯកសារនិងប្លង់ដីដែលជាប្លង់ទន់ ដោយមានការទទួលពីអាជ្ញាធរភូមិឃុំចុះហត្ថលេខា កាលពីឆ្នាំ២០១៦។ ករណីនេះ លោកថា អាជ្ញាធរក៏ធ្លាប់បានបញ្ជាក់ផងដែរថា ដីនោះជារបស់ជនជាតិដើមភាគតិចថែមទៀត។
លោកថា៖ «ខ្ញុំបានចុះទៅជួបអាជ្ញាធរឃុំទាំងបី ដែលពួកខ្ញុំបានទៅសាកសួរព័ត៌មាន គាត់ថាតាមពិតដីហ្នឹង ពួកគាត់អត់ឃើញមានប្លង់អីផ្សេងក្រៅពីប្លង់ដែលប្រជាជនបង្ហាញនោះទេ ដល់អ៊ីចឹងបានពួកខ្ញុំចេះតែសាកសួរបន្ថែមទៅអាជ្ញាធរដែនដី។ បើបែបហ្នឹង ហេតុអ្វីបានជាប្រជាជនតវ៉ា បន្ទាប់ពីគេយកបង្គោលរបងមកទម្លាក់? ហើយសួរនាំ ថាបង្គោលរបងហ្នឹងរបស់ ញ៉ុង ឆាយ។ […] ។ ប៉ុន្តែដោយឡែក អាជ្ញាធរមិនដែលចុះទៅហៅ ឬមានការកោះហៅផ្ទាល់អីទេ គ្រាន់តែផ្ដាំផ្ញើប្រជាសហគមន៍ទាំងនោះឱ្យជួយហៅ [ញ៉ុង ឆាយ] ទៅជួបឃុំតែម្ដងទៅ»។
បើតាមលោក កែន ច័ន្ទរ័ត្ន អះអាងថា ពលរដ្ឋចំនួន១០២គ្រួសារ នៅឃុំដាក់ដាំ ចាប់ផ្ដើមមានវិវាទដីធ្លីជាង២០០ហិកតា ជាមួយឈ្មោះ ញ៉ុង ឆាយ កាលពីចុងឆ្នាំ២០២១ បន្ទាប់ពីបុគ្គលរូបនោះបានចូលទៅបោះបង្គោលលើដីស្រែចម្ការវិលជុំរបស់ពួកគាត់៕