ពិធីដង្ហែទង់ស៊ីហ្គេម នឹងចាប់ផ្ដើមធ្វើនាវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអំពាវនាវឱ្យប្រជាពលរដ្ឋត្រៀមចូលរួមគាំទ្រ និងអបអរសាទរដល់ដំណើរមកដល់នៃទង់ស៊ីហ្គេម (SEA Games) នេះ ដើម្បីកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅឆ្នាំ២០២៣ និងដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធរបស់កម្ពុជា ដែលទទួលបានពីការប្រកួតនៅប្រទេសវៀតណាមផងដែរ។
យោងតាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ឱ្យដឹងថា ក្បួនដង្ហែនេះនឹងធ្វើឡើងតាមរថយន្ត ដោយចាប់ផ្តើមចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ តាមផ្លូវសហព័ន្ធរុស្សី បត់តាមផ្លូវព្រះនរោត្តម ត្រង់មកមន្ទីរពេទ្យព្រះអង្គឌួង ឆ្ពោះទៅកាន់វិមានឯករាជ្យ រួចហែព័ទ្ធជុំវិញសួនច្បារវិមានឯករាជ្យខាងកើត ត្រលប់មកផ្លូវព្រះសុរាម្រិត ដល់ផ្លូវព្រះសីហនុ រួចបត់ចូលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កម្ពុជាបានទទួលទង់របស់ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម» ជាផ្លូវការ កាលពីល្ងាចថ្ងៃទី២៣ ខែឧសភា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ខាងមុខ។
គួរជម្រាបជូនថា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាឈ្នះបានមេដាយសរុប ៦៤គ្រឿង ក្នុងនោះ មេដាយមាស៩គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ៤២គ្រឿង។
កម្ពុជាឈរនៅចំណាត់ថ្នាក់ទី៨ នៃតារាងមេដាយទាំងអស់ក្នុងចំណោម១១ប្រទេស ខណៈវៀតណាមដែលជាម្ចាស់ផ្ទះស្ថិតនៅលេខរៀងទី១ ឈ្នះបានមេដាយសរុប៤៤៦ ថៃលេខ២ ឈ្នះមេដាយសរុប៣២៩ និងឥណ្ឌូនេស៊ី លេខ៣ ឈ្នះមេដាយសរុប២៤០គ្រឿង។
ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នឹងធ្វើឡើងនៅក្នុងប្រទេសកម្ពុជា៕