ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន គឺជាបុគ្គលតែម្នាក់គត់ដែលលោកមានបំណងចប់ជួប ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្រ្គាម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងតាមរយៈប្រព័ន្ធវីដេអូទៅកាន់វេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុងដាវ៉ូស (Davos) ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី ថ្លែងថា ការរៀបចំកិច្ចពិភាក្សាណាមួយជាមួយរុស្ស៊ីនាពេលបច្ចុប្បន្ននេះ កាន់តែមានភាពស្មុគស្មាញ។
លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានបន្តឱ្យដឹងតាមរយៈអ្នកបកប្រែថា៖ «[ទាក់ទិននឹងករណីនេះ] មានតែប្រធានាធិបតីរុស្ស៊ីទេ ដែលអាចសម្រចបាន។ ប្រសិនបើយើងបើកការពិភាក្សារអំពីការបញ្ចប់សង្រ្គាមដោយគ្មានវត្តមានចូលរួមរបស់គាត់ [លោក ពូទីន] ការសម្រេចចិត្តជាក់លាក់មិនអាចត្រូវបានធ្វើឡើងនោះទេ»។
លោកបន្ថែមថា៖ «ខ្ញុំមិនអាចទទួលយកជំនួបជាមួយមន្រ្តីរុស្ស៊ីណាផ្សេងឡើយ [ក្រៅពីលោក ពូទីន] ហើយក្នុងនោះ ប្រធានបទនៃជំនួបដែលខ្ញុំនឹងចូលរួម គឺទាល់តែទាក់ទងនឹងការបញ្ឈប់សង្រ្គាម»។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំរបស់ខ្លួនទៅលើអ៊ុយក្រែន តាមផ្លូវគោក ផ្លូវអាកាស និងសមុទ្រ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ។
ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេសជាច្រើននៅលើពិភពលោកចាត់ទុកថាជាការលើកឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់៕












