បេក្ខភាពមេឃុំគណបក្សភ្លើងទៀននៅខេត្តកំពង់ចាមម្នាក់ អះអាងថា រូបលោកនឹងចូលទៅបំភ្លឺនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ នៅរសៀលថ្ងៃពុធនេះ ដោយថា សកម្មភាពចែកថវិកាទៅបេក្ខជនមេឃុំគណបក្សភ្លើងទៀន ក្នុងសុ្រកកងមាស មិនមែនជាការទិញទឹកចិត្តឡើយ។
ក្នុងលិខិតអញ្ជើញរបស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ខេត្តកំពង់ចាម បានតម្រូវឱ្យលោក គង់ រ៉ៃយ៉ា ដែលជាប្រធានក្រុមទ្រទ្រង់ស្រុកកងមាស និងជាប្រធានគណបក្សភ្លើងទៀនឃុំស្ដៅ ចូលបំភ្លឺនៅម៉ោង២រសៀល នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដើម្បីដោះស្រាយបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា។
បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម និងជាអតីតអ្នកជាប់ឃុំមនសិការផងនោះ លោក គង់ រ៉ៃយ៉ា ប្រាប់វីអូឌីថា លោកនឹងចូលបំភ្លឺនៅរសៀលនាថ្ងៃពុធនេះ ដោយមិនមានការភ័យខ្លាចឡើយ។
លោកចាត់ទុកការចោទប្រកាន់របស់តំណាងគណបក្សប្រជាជនកម្ពុជា ដែលថា ការចែកថវិកាកាលពីថ្ងៃទី២១ ខែឧសភា ទៅបេក្ខភាពគណបក្សភ្លើងទៀនក្នុងឃុំនីមួយៗចំនួន១០០ដុល្លារ ជាការទិញទឹកចិត្តអ្នកគាំទ្រនោះ ជារឿងមិនត្រឹមត្រូវនោះទេ។
លោកថា៖ «គោលបំណងរបស់យើង គឺផ្ដល់ថវិកាទៅតាមមន្ត្រី ទៅតាមតំណាងគណបក្សទាំង១១ឃុំ នៅក្នុងស្រុកកងមាស។ យើងមិនបានផ្ដល់ថវិកាហ្នឹងទៅអ្នកគាំទ្រ ប៉ុន្តែគឺជាថវិកាដែលយើងទុកសម្រាប់ចំណាយជួយចំណាយលើការឃោសនាបោះឆ្នោតរបស់គណបក្សតាមឃុំនីមួយៗ ហើយពួកគាត់ដែលទទួលថវិកាហ្នឹងសុទ្ធតែជាតំណាងគណបក្សភ្លើងទៀនតាមឃុំនីមួយៗទាំងអស់ មិនមែនជាអ្នកគាំទ្រទេ»។
លោក គង់ រ៉ៃយ៉ា ចាត់ទុកបណ្ដឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជាដែលប្ដឹងនោះថា ជាការគំរាមកំហែងលើរូបលោកនិងអ្នកផ្សេងទៀត ស្របពេលគណបក្សភ្លើងទៀននៅក្នុងស្រុកកងមាស នៃឃុំនីមួយៗ មានការគាំទ្រពីប្រជាពលរដ្ឋច្រើន។
លោកថា៖ «វាជាការគំរាមកំហែង បំភិតបំភ័យហ្នឹងហើយ ដោយសារតែសកម្មជនយើង គឺគាត់បារម្ភពីពាក្យបណ្ដឹងដែរ ប៉ុន្តែដាច់ខាតមិនអាចធ្វើឱ្យយើងបាក់ស្មារតីឬភ័យខ្លាចទេ។ យើងនឹងព្យាយាម តស៊ូ ជម្នះ ហើយនឹងយកឈ្នះការបោះឆ្នោតនៅពេលខាងមុខឱ្យបាន ព្រោះសកម្មភាពយើង [ផ្ដល់ថវិកា] នោះ អត់ខុសច្បាប់ផង។ យើងគ្រាន់តែប្រើសិទ្ធិដែលមានចែងក្នុងច្បាប់ ដើម្បីស្វែងរកសន្លឹកឆ្នោត ស្វែងរកការគាំទ្ររបស់ពលរដ្ឋ ដើម្បីឈានទៅឈ្នះអាសនៈក្រុមប្រឹក្សាឃុំ ធ្វើប្រធានក្រុមប្រឹក្សាឃុំ ឬមេឃុំ»។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ការកោះហៅរបស់គណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ដើម្បីឱ្យបំភ្លឺជុំវិញការចោទប្រកាន់ ប៉ុន្តែបើសិនបំភ្លឺហើយ ភាគីម្ខាងទៀតមិនព្រមព្រៀងទៀតនោះ គេអាចប្ដឹងទៅថ្នាក់ខេត្ត និងឈានដល់ថ្នាក់ជាតិតែម្តង។
លោកថា៖ «អត់ទាន់មានការស៊ើបអង្កេត។ អ៊ីចឹងអត់ទាន់វិនិច្ឆយខុសឬត្រូវទេ! បើសិនមិនសុខ ចិត្តគេអាចប្ដឹងទៅថ្នាក់ខេត្ត និងឈានដល់ថ្នាក់ជាតិ ហើយនិងធ្វើការតាមឋានានុក្រម គ.ជ.ប»។
នាយកប្រតិបត្តិនៃអង្គការនិចហ្វិក លោក សំ គន្ធាមី មានប្រសាសន៍ថា ការផ្ដល់ថវិកាដល់បេក្ខភាពជាមេឃុំដែលជាគណបក្សរបស់ខ្លួន មិនខុសនឹងច្បាប់បោះឆ្នោត ហើយករណីនេះក៏មិនមែនជាការទិញទឹកចិត្តនោះដែរ។
លោកថា៖ «បើយកលុយហ្នឹងដើរទៅឱ្យអ្នកបោះឆ្នោត អាហ្នឹងបានទិញទឹកចិត្ត។ អានេះឱ្យទៅមន្ត្រីរបស់គេ បេក្ខជនរបស់គេ ចាំបាច់ទិញទឹកចិត្តអី ព្រោះគេឈរឈ្មោះ ចាំបាច់ទិញទឹកចិត្តអីទៀត។ បើគេអ្នកបោះឆ្នោត អត់ទាន់មានបក្សណាអីបក្សណា ហើយយកលុយទៅទិញឱ្យបោះឆ្នោតឱ្យ អាហ្នឹងបានគេហៅថាទិញទឹកចិត្ត»។
គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដែលជាថ្ងៃទី៥ នៃយុទ្ធនាការរកសំឡេងឆ្នោតឬឃោសនាបោះឆ្នោតនេះ មានបេក្ខភាពមេឃុំចៅសង្កាត់គណបក្សភ្លើងទៀនចំនួន៥នាក់ហើយ ត្រូវបានតំណាងគណបក្សប្រជាជនកម្ពុជាប្ដឹងនោះ ក្នុងនោះមាននៅខេត្តប៉ៃលិនចំនួន៤នាក់ និងខេត្តកំពង់ចាមម្នាក់៕