លោក ​កឹម សុខា​ ​ប្រកាស​ឈប់​សេព​គប់​ជា​មួយ​មនុស្ស​ដែល​លោក​ចាត់​ទុក​នាំ​ឱ្យ​ខូច​ប្រយោជន៍​​ជាតិ

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

ប្រធានគណបក្សសង្គ្រោះជាតិ​ដែលត្រូវបានតុលាការ​រំលាយ និង​​កំពុង​តតាំង​ក្តី​នៅ​ក្នុង​តុលាការ​ថ្នាក់​ក្រោម លោក កឹម សុខា ​បាន​ប្រកាស​ថា លោក​​មិន​​នៅ​ក្បែរ និង​មិន​​​សេ​ព​​​​​គប់តទៅទៀតឡើយ ជា​មួយ​មនុស្ស​ដែល​​លោក​​ចាត់​​ទុក​​ថា នាំ​ឱ្យខូច​​ដល់​​ប្រយោជន៍​​ជាតិ​នោះ​ទេ។

ការថ្លែង​ដ៏កម្រនេះ បានធ្វើឡើងនៅក្នុងសវនាការ​លើសំណុំរឿងក្តីរបស់លោក នៅសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅថ្ងៃពុធនេះ។

ស្ថិតនៅក្នុងរង្វង់ក្រចកសេះ លោក កឹម សុខា បានបញ្ជាក់ជំហររបស់ខ្លួន​ថា ក្នុង​នាម​ជា​អ្នក​នយោ​បាយ​ចាស់​វស្សា​មួយ​រូប លោកនឹងមិនរត់​​ចោល​​ពលរដ្ឋ បើទោះជាត្រូវជួប​ឧបសគ្គបែបណាក៏ដោយ ហើយ​ក៏​ឈប់​សេពគប់ទៀត​ដែរ ជាមួយ​​មនុ​​ស្ស​​​ដែល​​នាំឱ្យបាត់បង់ផលប្រយោជន៍ និង​គ្រោះថ្នាក់​ដល់​ប្រទេស​ជាតិ។

បើទោះជា ការឆ្លើយដោះបន្ទុកនៅក្នុងអង្គសវនាការ​ជុំទី៤១នេះ លោក កឹម សុខា ហាក់​​មិន​​​​បាន​​​ដៅចំឈ្មោះមនុស្ស ដែលលោកប្រកាសថា ឈប់នៅក្បែរតទៅទៀនេះ តែទំនងជាលោក​ ចង់​សំដៅ​ទៅ​ដល់​សម្ព័ន្ធ​មិត្ត​ដៃ​គូនយោបាយ​របស់​ខ្លួន គឺលោក សម រង្ស៊ី។

ការថ្លែងសារ​ដ៏កម្រ​របស់លោក កឹម សុខា គឺ​នៅបន្ទាប់ពី​លោក សម រង្ស៊ី ជារឿយៗតែង​​អំពា​​វ​​នាវឱ្យ​​កម្លាំង​​ប្រ​​ដាប់​អាវុធ បែរកាណុងទៅរករដ្ឋាភិបាល និងតិះតៀនតួអង្គ​​ព្រះមហាក្សត្រ​​ជា​​ដើម​​។​ក្រៅ​ពី​នេះ​គេ​សង្កេត​ឃើញ​ថា អ្នកគាំ​​ទ្រទាំងសង្ខាង​គឺគណ​​​​បក្ស​​​សិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែល​​បច្ចុប្បន្នជា​គណបក្សភ្លើងទៀន បានបន្ត​​​រិះគន់​គ្នា​​មិន​ឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ។

​​ជា​​ញឹក​​ញាប់ សារដៀមដាមដាក់គ្នានេះ ត្រូវគេសង្កេត​​ឃើ​​ញ ត្រូវ​​បាន​​​​បង្ហោះយ៉ាងព្រោងព្រាត នៅ​​លើ​​​បណ្តា​​ញសង្គមហ្វេសប៊ុក ជារៀងរាល់ថ្ងៃ។

ភាពប្រេះឆា នៃសម្ព័ន្ធភាពគណបក្សសង្រ្គោះជាតិ ដែលប្រសូត្រចេញពីគណបក្សភ្លើងទៀន និងគ​​ណ​​បក្ស​​សិទ្ធិមនុស្សនេះ កើតឡើង​​ក្រោយ​​ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការ​​កំពូល​​រំ​​លាយ កាលពីឆ្នាំ២០១៧។ រហូតមកដល់ពេលនេះ សមាជិកនៅក្នុងបក្ស ដែលត្រូវគេចាត់ទុកថា ជា​​ក្រុម​អ្នកប្រជាធិបតេយ្យ ហាក់បានដើរដល់ផ្លូវបំបែករៀងៗខ្លួនហើយ។

លោក សម រង្ស៊ី បន្តគាំទ្រចលនាគណបក្សភ្លើងទៀន ដោយប្រយោលពីក្រៅប្រទេស តាមរយៈ​​រូប​​ភាពអុជទៀន​​។ សកម្មភាពនេះ​​ហើយ ដែលកូតាមកពីគណបក្សសិទ្ធិមនុស្ស ចោទប្រកាន់ថា សហស្ថាប​​និកគណ​​បក្ស​​សង្រ្គោះជាតិ គឺ​​លោក សម រង្ស៊ី ជាអ្នកចាកចេញមុនពីសម្ព័ន្ធភាពនេះ។

ចំណែក សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា គឺលោក ចាន់ ចេន លើកឡើងថា សារនយោ​​បាយ​​​​កូន​​ក្តី​​របស់ខ្លួនបែបនេះ ធ្លាប់ថ្លែងម្តងរួចហើយ កាលពីសវនាការកន្លងទៅ។ លោកបដិសេធ ក្នុង​​​ការ​​​​ផ្ត​ល់​​​​​ព័ត៌មាន​លម្អិត អំពីជំហរ​របស់លោក កឹម សុខា ក្នុង​ពេលដែល​​កូន​​ក្តី​​របស់​​ខ្លួន ផ្តល់​​សក្ខី​កម្ម​នៅក្នុង​អង្គ​ជំនុំ​ជម្រះ។

លោកបន្តថា៖ «ចំណុចហ្នឹង​បងមិន​បក​ស្រាយ​ទៅលើ​កម្រិត​យោបល់​របស់​គាត់ទេ។ ប៉ុន្តែ​បើតាម​បង​ចាំ​គាត់​ធ្លាប់​បក​ស្រាយ​២ដង​ហើយ​ លើក​មុន​ម្តង ហើយ​លើកនេះម្តងទៀត។ ក្នុងន័យនេះ​​មាន​ន័យ​​​ថា​​​ គាត់​អត់​សេព​គប់ គាត់អត់ធ្វើជាមួយបុគ្គលណា​​ដែលប្រើអំពើហិង្សាដែលនាំ​​ឱ្យ​អន្តរា​យ​​ដល់​​​​ជាតិ​​សាសន៍របស់យើង គាត់មិនធ្វើជាមួយទេ »។

តំណាងរាស្រ្តមណ្ឌលកំពង់ធំ​នៃគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ និងជា​​មនុ​​ស្ស​​​​ដែលស្និទ្ធនឹង​លោក សម រង្ស៊ី គឺលោក ម៉ែន សុថាវរិន្ទ្រ បញ្ជាក់​ថា ប្រសិនបើ​ លោ​ក កឹម សុខា ប្រ​​កាស​បែក​បាក់​មែន នោះជាសិទ្ធិរ​បស់លោក ប៉ុន្តែបញ្ហានេះ មានន័យថា ជាការដើរចូលផ្លូវ​ដូច​​​ដែល​​​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ចង់បាន។

បើតាម​លោក ម៉ែន សុថាវរិន្ទ្រ សម្រាប់លោក សម រង្ស៊ី នៅតែចាត់ទុកលោក កឹម សុខា ជាដៃ​​គូ​​ន​​​យោ​បាយរបស់លោកដដែល។

លោកបន្តថា៖ «ពួកខ្ញុំ និងលោកប្រធាន សម រង្ស៊ី ពេលទៅអឺរ៉ុបក្តី ទៅអូស្រ្តាលីក្តី ទៅញូហ្សឺលែនក្តី ទៅអាមេរិកក្តី យើងតែងតែទាមទារឱ្យដោះលែង លោក កឹម សុខា ជានិច្ច។ លោកប្រធាន សម រង្ស៊ី នៅតែជាសម្ព័ន្ធ​មិត្ត​ជាមួយលោកប្រធាន កឹម សុខា ជានិច្ច​ ព្រោះបើទោះជាកូនចៅខាង​​ណោះ​ព្យា​​យាម​​​វៃ​ប្រហារលោកយ៉ាងណាក៏ដោយ លោកប្រធាន សម រង្ស៊ី នៅតែចាត់ទុកលោកប្រធាន កឹម សុខា ជាសម្ព័ន្ធមិត្តរបស់គាត់ជានិច្ច។ បើមាន​តែ​លោក សម រង្ស៊ី អត់ កឹម សុខា ក៏មិនហៅថា​​សង្រ្គោះ​​ជាតិ​ដែរ ហើយបើមានតែ កឹម សុខា អត់ សម រង្ស៊ី ក៏អត់ហៅថាសង្រ្គោះជាតិដែរ »។

គណបក្សសង្រ្គោះជាតិ ត្រូវបានបង្កើតពីការច្របាច់បញ្ចូលគ្នា រវាងគណបក្សធំៗពីរ​ គឺ​គណបក្ស សម រង្ស៊ី ដែល​បច្ចុប្បន្នជា​គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា។ ​​ការ​​​បង្កើតចលនាអ្នកប្រជាធិបតេយ្យ កាលពីថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០១២ នៅទីក្រុងម៉ានីល ប្រ​​ទេស​​ហ្វីលីពីន គឺក្នុងគោលបំណងចូលរួមការប្រកួតប្រជែង​ការបោះឆ្នោត​​ឆ្នាំ​​២០១៣។

អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយ លោក វណ្ណ ប៊ុណ្ណា យល់ឃើញថា ប្រសិនបើសម្ព័ន្ធភាព​​ផ្នែក​​​​​ប្រជាធិបតេយ្យនេះ ពិតជាត្រូវដើរដល់ទីបញ្ចប់ពិត​មែន អ្នកដែលទទួលបានផលចំណេញដ៏ធំ ពី​​ភាព​រង្គោះ​​រង្គើ​​នេះ គឺគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀត លោកថា ​ក្នុងករណី​ភាគី​នយោបាយ​ទាំង​​ពី​​រ​​​​​​​ព្រមព្រៀងដើរចេញពីសម្ព័ន្ធភាពនេះ មានន័យថាជាការផ្តល់ឱកាស ឱ្យ​គណបក្ស​ប្រជាជន​​​កម្ពុ​​ជា បានកាន់កាប់ប្រទេស ទៅតាមផែនការដូចដែលគណបក្ស​គ្រប់គ្រង​អំណាច​​គូស​វាស​បន្តទៀត។

លោកបន្តថា៖ «បើសិនជាភាគីណាមួយក្នុងចំណោមទាំងពីរនាក់ហ្នឹង វាធ្វើឱ្យផ្តល់ផលចំណេញមែនទែនខាងផ្នែកនយោបាយទៅដល់គណបក្សកាន់​​អំណាច ហើយជាយុទ្ធសាស្រ្ត​​បក្សកាន់​​អំណាច​​ ​​គឺមិន​​ចង់ឱ្យភាគីទាំងពីរគឺឯកឧត្តម សម រង្ស៊ី និងឯកឧត្តម កឹម សុខា ត្រូវរ៉ូវគ្នាវិញទេ។ ភាគីទាំងពីរ​​​អា​​ប្រមូលកម្លាំងដែលអាចធ្វើឱ្យមានបញ្ហាដល់ការកាន់អំណាចរបស់គណបក្សប្រជាជន[កម្ពុជា] »។

ត្រឡប់មកចាប់អារម្មណ៍ នៅក្នុងបន្ទប់សវនាការឯណេះវិញ ការជំនុំជម្រះលើកទី៤១នេះ ភារៈ​​​បន្ត​​​​​របស់​​សហមេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា បន្តសួរកូនក្តីរបស់ខ្លួន​​។ រាល់សំណួរ​​ដោះ​​បន្ទុ​​ក ​ត្រូវ​បាន​តុលាការជំទាស់ ដោយសំអាងហេតុថា សំណួរដែលតាំងឡើងដោយ​សហមេធាវីការ​​ពា​​រ​​​សិទ្ធិ​​​ឱ្យជនជាប់ចោទ គឺជាសំណួរដែលត្រូវបានសួររួចហើយ ដោយតំណាងអយ្យការ និងមេ​​​ធា​​វីកា​​រ​ពារ​​សិទ្ធិឱ្យដើមបណ្តឹងរដ្ឋប្បវេណី។ បើទោះជាបែបណា លោកមេធាវី ផែង ហេង នៅ​បន្ត​សួរ​ដោយ​ចាត់​ទុក​ថា សំណួរដែលតាំង​​ឡើង​​នេះ គឺដើម្បី​រក​ឱ្យ​ឃើញ​ពីភាព​ត្រូវ​រ៉ូវគ្នា​ជាមួយ​រដ្ឋ​បរទេស។

នៅនាទីចុងក្រោយ ចៅក្រមជំនុំជម្រះ លោក​​​ កូយ សៅ ស​​ម្រេ​​​​ច​​ឱ្យ​សហ​មេធាវី​ការ​ពារ​សិទ្ធិ​ឱ្យ​​លោក កឹម សុខា បានតាំងសំណួរដោះបន្ទុក​ទៅតាមការ​​ស្នើ​​សុំ​​​។ ប៉ុន្តែគេសង្កេត​ឃើញ​ថា សហ​មេធាវី​ដើម​ចោទ​ម្នាក់ តំណាងដោយរដ្ឋាភិបាល បាន​​ឡើង​​ប្រតិ​​កម្ម ដោយអះអាងថា ​ប្រធាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​​ដឹកនាំការសួរដេញដោល មិនបានស្មើភាព គឺ​​ផ្តល់​​សិទ្ធិទៅ​ឱ្យ​ជន​ជាប់​ចោទ និង​សហ​មេធាវី​ចុង​ចម្លើយ​លើសលប់ បានបកស្រាយ លាយឡំ​​សារ​​ន​យោ​​បា​យ និងធ្វើ​សេចក្តី​សន្និដ្ឋាន​ផង។

ស្ថានភាពកាន់តែតានតឹង​នៅនាទីចុងក្រោយ ដែលជិតឈានទៅវគ្គ​បញ្ចប់សវនា​ការ​​​ទៅ​​​ហើ​​យ ទាំង​តំណាង​អយ្យការ និងសហមេធាវី​ការពារសិទ្ធិឱ្យជនជាប់ចោទ បានបន្តទាស់សំដីគ្នា អំពី​​ឃ្លីប​​វីដេអូជាថ្មីទៀត។

គេសង្កេតឃើញថា ដើម្បីសម្រួលស្ថានភាពនេះ ចៅក្រមជំនុំជម្រះលោក កូយ សៅ សម្រេចភ្លាមៗ ដោយតម្រូវឱ្យ​អ្នកបច្ចេកទេស នៅក្នុងបន្ទប់សវនាការ ចាក់ឃ្លីប​វីដេអូ​ខ្នាតវែងដែល​​មាន​​រយៈពេល​​ជាង ​​១​​ម៉ោង ខណៈតំណាងអយ្យការ លោក ប្លង់ សុ​​ផល ទាមទារ​​ឱ្យចាក់​​ឃ្លីប​វីដេអូ​ខ្នាត​ខ្លី​​ដើម្បី​ចោទ​​​សួរ​​​បន្ថែម​ទៅ​​​​​​លោក កឹម សុខា។

ទាក់ទិនសំណុំរឿងព្រហ្មទណ្ឌនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ បានប្រកាស​​បើក​​សវ​​នា​​ការ​​ជាថ្មី នៅថ្ងៃពុធ ដើមខែ​មិថុនា​​បន្ត​​ទៀត ក្រោយពីមានការខ្វែងគំនិតអំពីឃ្លីប​វីដេអូ ដែល​​ស្ទើរ​​តែមិន​​ដាច់​​ស្រេច ហើយវីដេអូ​ឃ្លីបនេះ គឺជាដើមចមនៃបទចោទ​ប្រឆាំងលោក កឹម សុខា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ