ក្រសួង​នឹង​រក​ប្រភព​ដើម្បី​ផ្គត់ផ្គង់​វ៉ាក់សាំង​អុតស្វា ទោះ​កម្ពុជា​នៅ​មិនទាន់​មាន​ជំងឺ​នេះ

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណ​ឌីន ថ្លែង​ពណ៌នា​អំពី​ស្ថានភាព​និង​បច្ចុប្បន្នភាព​នៃ​កូ​វីដ១៩ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់​រ៉ែ​ន)

ក្រសួងសុខាភិបាលនឹងរិះរកប្រភពដើម្បីផ្គត់ផ្គង់​វ៉ាក់សាំងបង្ការ «ជំងឺ​​​អុតស្វា»​ ទុកជាមុន ក្រៅពីការ​ដាក់​ចេញ​នូវ​វិធានការការ​ពារជាមុន​សម្រាប់ប្រជាពលរដ្ឋ​អនុវត្ត​ បើទោះជាគិតមកដល់ថ្ងៃម្សិលមិញ កម្ពុជានៅមិនទាន់មានករណីឆ្លងជំងឺនេះនៅឡើយ។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពី វិធានការការពារ​ជាមុន​នូវកា​រចម្លងជំងឺអុតស្វា (Monkeypox) ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងពេលថ្មីៗនេះ អង្គការ​សុខភាពពិភពលោក បានទទួលរបាយការណ៍​អំពីការផ្ទុះឡើងជាបន្តបន្ទាប់នូវជំងឺអុតស្វាទៅលើបុគ្គលម្នាក់នៅចក្រភពអង់គ្លេស​ដែលបានធ្វើដំណើរ​មក​ពីប្រទេសនីហ្សេរីយ៉ា។

ក្រសួងបន្តថា ជំងឺនេះត្រូវបានរកឃើញជាបន្តបន្ទាប់នៅបណ្តាប្រទេសចំនួន១៩នៅលើសកល​លោក ដែលមិនមែនជាប្រទេស​អង់ដេមីនៃជំងឺនេះ ក្នុងនោះ ​​គិត​ត្រឹម​ថ្ងៃទី២៣ ខែឧសភា ករណី​​ជំងឺអុតស្វាដែលបានរាយការណ៍ដោយអង្គការ​សុខភាពពិភពលោក មានចំនួន​១៥៨នាក់ និងមានអ្នកសង្ស័យចំនួន១១៧នាក់ តែមិនទាន់មានករណីស្លាប់នៅឡើយ។

សម្រាប់ប្រទេសកម្ពុជាវិញ ក្រសួងថា គិតត្រឹម​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កម្ពុជានៅមិនទាន់​មានករណីជំងឺអុតស្វា​នៅឡើយ ប៉ុន្តែក្រសួងអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ទាំងអស់ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ និងអនុវត្តនូវវិធានការ​បង្ការការចម្លងផ្ទាល់ខ្លួននិងទៅអ្នកដទៃដែលអាច​កើត​មាន​ឡើង​ជាយថាហេតុ។

វិធានការបង្ការ ក្រសួងបញ្ជាក់ថា ក្នុងកណីសង្ស័យ​ ដោយ​បុគ្គល​មានរោគសញ្ញា​ចេញកន្ទួល​រមាស់​បែកពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញា​ក្ដៅខ្លួនលើស​ពី៣៨,៥អង្សាសេ និងមាន​ឈឺក្បាល ហើមកូន​កណ្ដុរ ឈឺសាច់ដុំ​និងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងមាន​​ប្រវត្តិធ្វើដំណើរ​ទៅកន្លែងដែលកើតមានជំងឺអុតស្វា ត្រូវ​ដាក់​បុគ្គលនោះឱ្យ​នៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យ​សុខភាព​ដោយក្រុមគ្រូពេទ្យ​ជាចាំបាច់​ ឬអាចបញ្ជូនទៅកាន់មន្ទីរពេទ្យ​ដែលនៅជិត។

សម្រាប់ប្រជាពលរដ្ឋទូទៅ ក្រសួងបានណែនាំឱ្យ​អនុវត្ត​អនាម័យខ្លួនប្រាណ និងរស់នៅស្អាត ត្រូវបរិភោគអាហារ​ឆ្អិនល្អ ចៀសវាងការប៉ះពាល់​ដោយផ្ទាល់ និងសម្ភារប្រើ​ប្រាស់​របស់​អ្នកដែលមានជំងឺឬបុគ្គលដែលសង្ស័យ និង​ចៀសវាងការប៉ះពាល់ជាមួយ​សត្វរស់ឬងាប់ ជាដើម។

ក្រៅពីនោះ ក្រសួងក៏បានណែនាំ​នូវវិធានការការពារមួយចំនួនទៀតដល់​ក្រុមគ្រូពេទ្យដែលបម្រើការ​នៅតាមមូលដ្ឋានសុខាភិបាលទាំងរដ្ឋនិងឯកជន និងអ្នកដំណើរចេញចូលអន្តរជាតិផងដែរ។

ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា៖ «ក្រៅពីវិធានការខាងលើ ក្រសួងនឹងរិះរកប្រភព​ដើម្បីផ្គត់ផ្គង់​វ៉ាក់សាំងអុតស្វា​​ ទុកជាមុន»។

បើតាមការបញ្ជាក់កាលពីពេលថ្មីៗនេះ​របស់​លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ជំងឺ​អុតស្វា​នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល២ទៅ៣សប្តាហ៍ ប៉ុន្តែ​ករណី​ខ្លះមាន​ភាព​ស្មុគស្មាញក្នុងការព្យាបាល និងអាច​បណ្តាលឱ្យអ្នកជំងឺស្លាប់​ដែរ។ លោកស្រីថា​ ការផ្តល់​ជាតិ​ទឹក អាហារដល់អ្នកជំងឺ ថែទាំតាមបែបគ្លីនិក និងតាមសភាពជាក់ស្តែង គឺជារឿងចាំបាច់ដែលត្រូវធ្វើ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ