ក្រសួង​មហាផ្ទៃ​ថា​ការ​តែងតាំង​លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្សភ្លើងទៀន ផ្ទុយ​ពី​លក្ខន្តិកៈ

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

​ក្រសួងមហាផ្ទៃ បានស្នើឱ្យគណបក្សភ្លើងទៀន ​ពិនិត្យឡើងវិញ និងអនុវត្តតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួង​ ក្រោយរកឃើញថា ការតែងតាំងលោក សុន ឆ័យ ជាអនុប្រធានបក្សនេះកន្លងមក គឺធ្វើឡើងផ្ទុយពីលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់នៅក្រសួង។

ក្នុងលិខិតជូនទៅប្រធានគណបក្សភ្លើងទៀន នៅថ្ងៃទី២៥ ខែឧសភា ​ក្រសួងមហាផ្ទៃអះអាងថា ខ្លួនបានពិនិត្យឃើញថា ការសម្រេចតែងតាំងលោក សុន ឆ័យ ជាអនុប្រធានគណបក្សភ្លើងទៀន ​គឺជាការអនុវត្តផ្ទុយនឹងប្រការ២០ និងប្រការ៣៣ នៃលក្ខន្តិកៈគណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

លើសពីនេះ ការតែងតាំងនោះក៏ផ្ទុយទៅនឹងលិខិតជូនដំណឹងលេខ៥៧៩ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ ព្រមទាំងបញ្ញត្តិមាត្រា២៦ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយថែមទៀតផង។

មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក សុន ឆ័យ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយ​គណបក្សភ្លើងទៀន បន្ទាប់ពីលោកទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ​កាលពីឆ្នាំ២០២០។

ក្នុងសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២២​ លោក សុន ឆ័យ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមនិងគាំទ្រ «គណបក្សភ្លើងទៀន» ឱ្យបានគ្រប់ៗគ្នា ដោយថា ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ តទៅ រូបលោកបានសម្រេចចូលជាសមាជិកនៃគណបក្សភ្លើងទៀន។

​មួយថ្ងៃបន្ទាប់ពីលោកប្រកាសចូលរួមជីវភាពនយោបាយជាមួយបក្សភ្លើងទៀន នៅថ្ងៃទី២ ខែមីនា គណបក្សភ្លើងទៀន បានសម្រេចតែងតាំងលោក សុន ឆ័យ ជាមន្ត្រីជាន់ខ្ពស់ទំនាក់ទំនងជាមួយនឹងអង្គទូត និងអង្គការជាតិ-អន្តរជាតិសម្រាប់គណបក្សក្រៅរដ្ឋាភិបាលមួយនេះ ហើយក្រោយមក លោកក៏ត្រូវបានបក្សតែងតាំងជាអនុប្រធានគណបក្សភ្លើងទៀនផងដែរ។

លោក សុន ឆ័យ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌលរាជធានី​ភ្នំពេញ និង​ជា​​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍គណបក្ស​សង្គ្រោះ​ជាតិដែលតុលាការរំលាយ​​។ លោក សុន ឆ័យ ក៏ជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយរូបក្នុង​ចំណោម១១៨រូបផ្សេងទៀតដែលត្រូវ​បាន​តុលាការដក​ហូតសិទ្ធិ​មិនឱ្យ​ធ្វើ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ ក្រោយ​តុលាការ​កំពូល​រំលាយ​គណបក្ស​ប្រឆាំងមួយនេះកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ តាម​បណ្ដឹង​របស់​ក្រសួង​មហាផ្ទៃ។

នៅ​ក្នុង​ព្រះ​រាជ​ក្រឹត្យ​មួយ​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ២០២០ ព្រះ​មហាក្សត្រ នរោត្ដម ​សីហមុនី បាន​ត្រាស់​បង្គាប់​ផ្ដល់​នីតិ​សម្បទា​ ឬផ្ដល់សិទ្ធិធ្វើ​នយោបាយ​ដល់លោក សុន ឆ័យ ឡើងវិញ តាម​ការ​ស្នើ​សុំ​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រោយពី​មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះបាន​ដាក់​លិខិតស្នើ​សុំទៅ​ក្រសួងមហាផ្ទៃ ក្នុងឆ្នាំដដែលនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ