តំណាង​សហគមន៍​ភូមិ​មួយ​នៅ​ក្រចេះ ប្ដេជ្ញា​ជំរុញ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​មូលដ្ឋាន

តំណាងសហគមន៍ភូមិច្រណោល កំពុងសរសេរសំណើដើម្បីដាក់ទៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ (ហេង រ៉ាវី – ពលរដ្ឋអ្នកសារព័ត៌មាន)

តំណាងសហគមន៍ដែលជាស្ត្រី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ នៅតែបង្ហាញឆន្ទៈក្នុងការដាក់​សំណើបន្ថែមទៀតទៅអាជ្ញាធរមូលដ្ឋាន ដើម្បីស្នើចាត់វិធានការដោះស្រាយបញ្ហាប្រឈមនានាដែលកើតឡើងក្នុងមូលដ្ឋាន បើទោះបីកន្លងមក សំណើទាំងនោះមិនត្រូវបានអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយ​ក៏ដោយ។

អ្នកស្រី ណេត នឿន តំណាងសហគមន៍ភូមិច្រណាល ឃុំថ្មី ស្រុកចិត្របុរី ​ឱ្យដឹងថា អ្នកស្រីធ្លាប់បានដាក់សំណើទៅអាជ្ញាធរឃុំថ្មី ចំនួន៣លើក រួចមកហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយដែលសមស្របនៅឡើយ។

អ្នកស្រីបញ្ជាក់ថា ការដាក់លិខិតស្នើសុំនេះ ក្នុងគោលបំណងឱ្យអាជ្ញាធរឃុំថ្មី ​ជួយដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងសហគមន៍​ ដូចជា ការកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់​ ការខ្វះថវិកាចុះល្បាតព្រៃ ការខ្វះបង្គោលព្រំព័ទ្ធដីសហគមន៍ និងការខ្វះសម្ភារចុះល្បាតព្រៃ ជាដើម។

អ្នកស្រី ណេត នឿន មានប្រសាសន៍ថា៖ «បញ្ហាកន្លងមក គឺមានការទន្ទ្រានយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់បុគ្គលឯកជន។ ហើយរឿងមួយវិញទៀត ប្រជាសហគមន៍ខ្វះថវិកា និងសម្ភារសម្រាប់ចុះល្បាតព្រៃសហគមន៍ផង»។

តំណាងសហគមន៍រូបនេះបានឱ្យដឹងថា ការដាក់សំណើនេះមិនមែនមានតែសហគមន៍ភូមិច្រណាលមួយទេ ពោលគឺមានសហគមន៍ផ្សេងទៀត ដូចជា សហគមន៍តាវ៉ា សហគមន៍ស្រុតស្រង៉ែ សហគមន៍ប្រាសាទខ្វាន់ពីរ សហគមន៍ប្អៀ និងសហគមន៍ចម្រើន ជាដើម។

អ្នកស្រី ណេត នឿន បន្តថា៖ «ខ្ញុំសំណូមទៅអាជ្ញាធរក្នុងសហគមន៍ជួយទប់ស្កាត់ការកាប់ទន្ទ្រានយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ព្រោះមានអ្នកខ្លះសង់លំនៅឋាននៅក្នុងដីសហគមន៍ ធ្វើយ៉ាងណាឱ្យគាត់ជួយផ្សព្វផ្សាយណែនាំកុំឱ្យមានការកាប់ទន្ទ្រានបន្តទៅទៀត»។

មេឃុំថ្មី ស្រុកចិត្របុរី លោក មុំ ឃាំ បានបដិសេធដោះស្រាយតាមសំណើរបស់តំណាងសហគមន៍ ដោយលោកឆ្លើយតបថា ឃុំមិនមានថវិកាសម្រាប់ការងារសហគមន៍ទេ ព្រោះជាទូទៅ ថវិកាដែលឃុំទទួលបាន គឺសុទ្ធតែមានមុខងារត្រូវចំណាយនៅមូលដ្ឋាន។

លោក មុំ ឃាំ មានប្រសាសន៍ថា៖ «សំណើមិនបានជោគជ័យ ព្រោះមូលហេតុមកពីអត់លុយ សំណើដែលបានដាក់មកនោះមិនត្រូវនឹងគោលការណ៍ឃុំ។ កន្លងមក ខ្ញុំធ្លាប់ប្រាប់ហើយថា ឃុំមិនមានថវិកាសម្រាប់ទៅធ្វើរឿងអ៊ីចឹងៗទេ»។

មេឃុំថ្មីរូបនេះបានឱ្យដឹងថា លោកបានពន្យល់មូលហេតុ និងណែនាំទៅសហគមន៍ជាច្រើនដងមកហើយ ប៉ុន្តែពួកគេនៅតែមិនស្ដាប់ ហើយប្រជាសហគមន៍នៅតែបន្តដាក់សំណើមកម្ដងហើយម្ដងទៀត ទោះបីជាសំណើនោះបរាជ័យច្រើនលើកច្រើនសារួចក៏ដោយ។

លោក មុំ ឃាំ បន្ថែមថា៖ «ខាងឃុំមិនមានថវិកាសម្រាប់ចំណាយរឿងហ្នឹងទេ គម្រោងរបស់ខេត្ត គេអ្នកចាត់ចែងធ្វើអីៗ។ ហើយគម្រោងសហគមន៍ត្រូវដកថវិកាធ្វើយ៉ាងម៉េច គេមានគម្រោងគេហើយ ខាងឃុំទទួលបានថវិកាពីគម្រោងទេ។ អ៊ីចឹងការស្នើសុំរបស់គាត់ខុសពីគម្រោងត្រូវចំណាយ»។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តក្រចេះ លោក ធីម ហ៊ន មានប្រសាសន៍ថា ​បញ្ហានេះគឺទាមទារឱ្យអាជ្ញាធរឃុំមានការសិក្សាឱ្យបានច្បាស់លាស់បន្ថែមទៀតសិន មុននឹងបដិសេធសំណើរបស់ប្រជាសហគមន៍។

យ៉ាងណា តំណាងសហគមន៍ភូមិច្រណាល អ្នកស្រី ណេត នឿន អះអាងថា ពួកគាត់មានគម្រោងបន្តរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងថ្នាក់លើបន្ថែមទៀត ដើម្បីធានាឱ្យបញ្ហាប្រឈមនានានៅក្នុងសហគមន៍របស់ពួកគាត់ត្រូវបានដោះស្រាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ