សហគមន៍ខ្មែរកម្ពុជាក្រោម ប្រកាសលើកពេលរៀបចំខួប ៧៣ឆ្នាំ នៃថ្ងៃបារំាងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យប្រទេសវៀតណាមត្រួតតា្របន្ត ទៅដើមខែកក្កដាវិញ ដោយសារនៅថ្ងៃទី៤ ខែមិថុនានេះ កៀកនឹងថ្ងៃដែលកម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
សេចក្ដីជូនដំណឹងរបស់សហគមន៍ខ្មែរកម្ពុជាក្រោម ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ឱ្យដឹងថា ការប្រារព្ធទិវាកាន់ទុក្ខខួបគម្រប់៧៣ឆ្នាំ (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២២) នៃថ្ងៃបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោម នៅឆ្នាំនេះ នឹងលើកទៅប្រារព្ធនៅថ្ងៃអាទិត្យ ទី០៣ ខែកក្កដា ឆ្នាំ២០២២វិញ។
សេចក្តីជូនដំណឹងបន្តថា៖ «មូលហេតុដោយសារនៅព្រះរាជាណាចក្រកម្ពុជា មានការរៀបចំបោះឆ្នោតឃុំសង្កាត់ជាន់គ្នាជាមួយនឹងថ្ងៃដែលអង្គការសមាគមខ្មែរកម្ពុជាក្រោមបានប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរនេះ ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃទី៤ ខែមិថុនា»។
បើតាមសហគមន៍ខ្មែរកម្ពុជាក្រោម ការប្រារព្ធខួបបាត់បង់ទឹកដីខ្មែរកម្ពុជាក្រោមនៅឆ្នាំនេះ នឹងមានការរាប់បាត្រព្រះសង្ឃចំនួន១ ៩៤៩អង្គ ដើម្បីឧទ្ទិសកុសលប្រគេន ថ្វាយ និងជូនព្រះវិញ្ញាណក្ខន្ធ ព្រះវីរសមណៈ ព្រះវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ វីរបុរស វីរយុទ្ធជន និងវីរយុទ្ធនារីខ្មែរផងដែរ។ ប៉ុន្តែសម្រាប់ទីតាំងប្រារព្ធខួបនេះ សហគមន៍ខ្មែរកម្ពុជាក្រោមនៅមិនទាន់បញ្ជាក់ជូននៅឡើយ។
ទឹកដីកម្ពុជាក្រោម ដែលបារាំងហៅថា «ដែនដីកូសាំងស៊ីន (Cochinchine)» ទំហំ៦ ៧៧០០គីឡូម៉ែត្រការ៉េ ឬមានចំនួន២១ខេត្ត-ក្រុង ត្រូវបានបារាំងផ្ទេរទៅឱ្យប្រទេសវៀតណាមត្រួតត្រាបន្ត កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ នៅក្នុងអំឡុងពេលដែលអាណានិគមបារាំងត្រួតត្រាកម្ពុជាក្រោម និងដាក់អាណានិគមនៅប្រទេសកម្ពុជា៕