ពលរដ្ឋ​ប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​ជំរុញ​រដ្ឋបាល​រាជធានីភ្នំពេញ​ពន្លឿន​ការដោះស្រាយ​ជូនពួកគេ

ព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ពលរដ្ឋតំណាង​ឱ្យ​​​៣០គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវ​ដែក​នៅសង្កាត់​បឹង​កក់២ និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក បានយកញត្តិទៅដាក់នៅរដ្ឋបាល​រាជធានីភ្នំពេញ ដោយស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពន្លឿន​ការ​ដោះស្រាយ​​បញ្ហា​ដីធ្លី ខណៈ​ពួកគេ​បារម្ភខ្លាច​​អាជ្ញាធរចុះរុះរើផ្ទះសម្បែងដោយមិនមានដំណោះស្រាយ។ (ជន ចាន់រ៉ែន)

តំណាង​​ពលរដ្ឋប្រមាណ២០នាក់ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ក្នុង​ខណ្ឌទួល​គោក និង​ខណ្ឌ​ដូន​ពេញ រាជ​ធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍​នេះ បាន​ប្រមូលផ្ដុំគ្នាមុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​តាម​ដាន​ញត្តិ និ​ងជំរុញ​ទៅ​មន្ត្រីស្ថាប័ន​នេះពន្លឿនការដោះស្រាយផលប៉ះពាល់ដីធ្លីជូនពួកគេ ដោយ​សារ​បារម្ភខ្លាច​មាន​ការ​បណ្ដេញចេញ​ទាំង​បង្ខំ។

អ្នកស្រី ហ៊ន ពៅ អះអាងជាតំណាងពលរដ្ឋ​​មកពីសហគមន៍ភូមិ២៣​ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ប្រាប់វីអូឌី​ថា កាល​ពីចុង​ឆ្នាំ២០២១ ពួកគាត់បានដាក់សំណើមួយទៅរដ្ឋបាល​រាជធានីភ្នំពេញ ឱ្យជួយ​​ដោះស្រាយដល់គ្រួសារ​ដែលកំពុងរងផលប៉ះពាល់ទាំង​ស្រុងនិង​ផ្នែកខ្លះនៃ​គម្រោងអភិវឌ្ឍន៍ផ្លូវដែក។

ពលរដ្ឋរូបនេះ​បន្តថា រហូតមកដល់ពេលនេះ ខាងរដ្ឋបាល​​រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ នៅ​មិនទាន់បានដោះស្រាយជូន​ពួកគាត់នៅឡើយ ខណៈផ្ទះពលរដ្ឋនៅ​ខណ្ឌផ្សេង​ដែលរងផលប៉ះពាល់ដែរត្រូវបានរុះរើ។ បើតាមអ្នកស្រី ហ៊ន ពៅ នៅ​ក្នុង​ភូមិ២៣នេះ​​ មានពលរដ្ឋ២៦គ្រួសារបានរងផលប៉ះពាល់ ហើយ​ដំណោះស្រាយដែលពួកគាត់​ចង់​បាន គឺទី១ សុំអភិវឌ្ឍនៅនឹងកន្លែង និងមួយទៀតសុំដោះដូរដីនៅក្នុងខណ្ឌទួលគោកដដែល។

អ្នកស្រីនិយាយ​​ថា៖ «បារម្ភខ្លាច​គេអភិវឌ្ឍ គេចុះរុះរើ ដោយមិនបានប្រាប់យើងជាមុន។ យើងចង់បាន​ថា យើងចរចា​គ្នា ឬ​ដោះ​​ស្រាយ​ជាមុនសិន ចាំធ្វើ។ សម្រាប់ពួកខ្ញុំ ចង់អភិវឌ្ឍន៍នៅនឹងកន្លែង ព្រោះកន្លែងហ្នឹងផ្លូវធំ វាមានអាទិភាពច្រើនជាងគេ»

ពលរដ្ឋ​ម្នាក់ទៀត​មកពីសហគមន៍ភូមិ១៦ សង្កាត់បឹងកក់​២ លោក គា ភារ៉ា បាននិយាយថា នៅសហគមន៍​គាត់​មានពលរដ្ឋ​រង​​ផល​ប៉ះ​ពាល់តែ​៤គ្រួសារប៉ុណ្ណោះ ប៉ុន្តែប៉ះពាល់​ទាំង​ស្រុង។ លោក​បន្តថា ការ​ដែលអាជ្ញាធរពន្យារពេល មិនដោះស្រាយជូនពលរដ្ឋនេះ បាន​ធ្វើឱ្យពួកគាត់ជួបការលំបាកជាខ្លាំង​ ដោយសារផ្ទះ​សម្បែងចាស់ទ្រុឌទ្រោមមិនអាចជួសជុលថ្មីបាន ហើយម្យ៉ាងទៀតព្រួយ​បារម្ភខ្លាច​មាន​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​ទាំង​បង្ខំ។

លោកបន្ថែមថា៖ «ពួកខ្ញុំមកតាមដានញត្តិនេះ ដើម្បីចង់ដឹងថាសាលាក្រុង​មាន​ដំណោះស្រា​យ​បែប​ណា​ ត្រូវ​ប្ដូរ​ទីតាំង​​ឬ​បែប​​ណា! ព្រោះពួកខ្ញុំបារម្ភ ដោយសារផ្នែកនៃផ្ទះរបស់ខ្ញុំ​បានចាស់ទ្រុឌទ្រោម​ ដល់​ពេលជួសជុលធ្វើអីទៅ ស្រាប់តែអាជ្ញាធរ​មក​រុះរើ​ ធ្វើឱ្យយើង​ខាត​បង់​លុយ​កាក់»

អភិបាលរងរដ្ឋបាល​រាជធានីភ្នំពេញ​ លោក កើត ឆែ ប្រាប់​ថា​កំពុងជាប់រវល់ប្រជុំ ដោយលោកបង្វែរឱ្យទៅសួរអ្នកនាំពាក្យវិញ ប៉ុន្តែ ​វីអូឌី មិនអាចសុំការ​ឆ្លើយតប​ពី​អ្នកនាំពាក្យរដ្ឋបាល​រាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអភិបាលខណ្ឌ​ទួលគោក លោក ជា ពិសី​ បានទេ នៅ​ថ្ងៃនេះ។

បើតាម​តំណាង​ពលរ​ដ្ឋដែលប្រមូលផ្ដុំនៅព្រឹកមិញនេះ​ គឺ​ខាង​មន្ត្រីរដ្ឋបាល​រាជធានីភ្នំពេញ​​បានប្រាប់ឱ្យពួកគាត់​​រក្សា​ភាពស្ងៀម​ស្ងាត់ ដោយ​ថា អាជ្ញាធរកំពុងដំណើរការដោះស្រាយ ហើយប្រសិនមានការអភិវឌ្ឍ ឬមានការឈូសឆាយណាមួយ​​ អាជ្ញាធរ​នឹង​ជូន​ដំណឹង​ជាមុន។

មន្ត្រីសម្របសម្រួលគម្រោង​ធុរកិច្ច និងសិទ្ធិមនុស្ស​ នៃមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា កន្លងមក លោកសង្កេតឃើញអាជ្ញាធរមូលដ្ឋានតែងតែ​មាន​ភាពយឺតយ៉ាវក្នុងដោះស្រាយបញ្ហាជូនពលរដ្ឋ ដែល​ធ្វើ​ឱ្យពួក​គេ​មាន​ការ​ព្រួយបារម្ភពីការបណ្តេញចេញទាំងបង្ខំ ដូចសហគមន៍ដីធ្លីផ្សេងទៀត។

មន្ត្រីសិទ្ធិមនុស្សរូបនេះជំរុញដល់អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេសរដ្ឋបាល​​រាជធានីភ្នំពេញ ពន្លឿន​កា​រ​ដោះស្រាយជូនពលរដ្ឋឱ្យ​បាន​​សមរម្យ និងអាចទទួលយកបាន ដើម្បីកុំ​ឱ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។

លោកបន្ថែមថា៖ «រដ្ឋាភិបាលត្រូវដោះស្រាយ​ជូនពួកគាត់ជាលក្ខណៈអភិវឌ្ឍន៍នៅនឹងកន្លែងក្ដី ឬ​មួយក៏ដោះដូរទីតាំងណាដែល​សមតុល្យ​​​​រវាងដីដែលគាត់កំពុងរស់នៅ និងដីដោះដូរថ្មី ឬដោះស្រាយសំណងដែលអាចយកទៅទិញដីឬផ្ទះដែលអាច​នៅ​បាន​ ស្រប​ទៅតាមគោលការណ៍​សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់រដ្ឋធម្មនុញ្ញដែលពលរដ្ឋគ្រប់រូបមានសិទ្ធិក្នុងការរស់នៅ​លើ​ដី និង​មាន​លំនៅឋានសមរម្យ»

បើតាមការអះអាង​របស់​តំណាង​ពលរដ្ឋ​ អ្នក​ដែល​រងផលប៉ះពាល់​ពី​គម្រោង​ផ្លូវដែក​នេះមាន​ប្រមាណ​៧០គ្រួសារ មកពី​សហគមន៍ចំនួន​៤ រួមមាន សហគមន៍អភិវឌ្ឍន៍ថ្មី សហគមន៍ភូមិ​១៧ សហគមន៍ភូមិ២៣​ ស្ថិតក្នុងខណ្ឌទួលគោក និង​សហគមន៍ភូមិ​២ ក្នុងខណ្ឌដូនពេញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ