សាលាឧទ្ធរណ៍​រាជធានីភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅ​ក្រៅឃុំ​បណ្ដោះ​អាសន្ន

លោក សៀម ភ្លុក ជិះរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ សម្រេចមិនអនុញ្ញាតឱ្យស្ថាបនិក​គណបក្ស​បេះដូង​​ជាតិ ​​លោក សៀម ភ្លុក នៅក្រៅឃុំបណ្ដោះអាសន្ននោះទេ ក្រោម​ហេតុ​ផល​ថា ទុក​ជន​ត្រូវចោទ​ជូន​តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ការ​សម្រចនេះធ្វើឡើងបន្ទាប់ពីសភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានបើកសវនាការ​កាល​ពីថ្ងៃទី​១៨ ខែឧ​សភា ឆ្នាំ២០២២ លើបណ្ដឹងសុំនៅក្រៅឃុំបណ្ដោះ​អាសន្ន​របស់​មេធាវីការ​ពារ​ក្ដី​ឱ្យ​​​លោក សៀម ភ្លុក។

សភាស៊ើបសួរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ លោក ឃុន លាងម៉េង នាថ្ងៃព្រហស្បតិ៍នេះ បាន​ប្រកាស​សាល​ដីកា​ដោយ​មិន​អនុញ្ញាត​ឱ្យ​លោក សៀម ភ្លុក នៅក្រៅឃុំ​ឡើយ។ លោកបញ្ជាក់​ថា ការសម្រេចបែបនេះ ដើម្បីទុកជន​ត្រូវចោទ​ជូនតុលាការបន្តនីតិវិធីទៀត។

ដើរ​ចេញ​ពី​បន្ទប់ប្រកាសសាលដីកា​ក្នុងសម្លៀកបំពាក់ពណ៌ស្លាទុំ និងដៃ​មាន​ជាប់​ខ្នោះ លោក សៀម ភ្លុក មាន​ប្រសាសន៍​យ៉ាង​ខ្លី​ថា ការ​សម្រេចរបស់តុលាការនេះជារឿងអយុត្តិធម៌។ លោក​​បន្ត​ថា ការ​ចាប់និង​ឃុំខ្លួន​រូប​លោកនេះ​ជាសំណុំ​រឿង​នយោបាយ មិន​មែន​​ជា​​ការ​​អនុវត្តតាម​​​ច្បាប់​​ទេ។

លោក ជូង ជូងី មេធាវី​ការពារក្ដីស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ បង្ហាញ​ការ​សោក​ស្ដាយចំពោះ​ការ​សម្រេច​របស់​តុលាការ។ លោកបន្ត​ថា រូប​លោក​នឹង​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូលទៀត ដើម្បីស្នើ​សុំឱ្យ​កូនក្ដីបាននៅក្រៅឃុំ​បណ្ដោះអាសន្ន។

លោក​ថ្លែង​ថា៖ «រឿង​លោក សៀម ភ្លុក មិន​មាន​អ្វី​ត្រូវ​ស៊ើប​អង្កេត​ទៀត ពីព្រោះឯកសារពាក់ព័ន្ធ​ការចុះបញ្ជីគណបក្ស ក្រសួងមហាផ្ទៃប្រមូលមកជូនតុលាការ​អស់ហើយ ដូច្នេះ​អត់​មានត្រូវ​ស៊ើប​អង្កេតអាថ៌កំបាំងទៀតទេ។ អ៊ីចឹងមិនត្រូវរក្សាគាត់នៅក្នុងឃុំទៀតទេ ពីព្រោះអ្វីដែលត្រូវស៊ើបអង្កេត ក្រសួងប្រមូលមកតុលាការអស់ហើយ»។

នាយកទទួលបន្ទុកកិច្ចការទូទៅ ​នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញ​ការសោក​ស្ដាយ​ដែល​តុលាការ​សម្រេច​​​ឃុំ​ខ្លួន​លោក សៀម ភ្លុក នៅ​ពន្ធនាគារបន្ត​​ទៀត បើទោះបីការ​​ស្នើ​សុំក្រៅឃុំនោះ មេធាវីរបស់លោក សៀម ភ្លុក មានឯកសារគ្រប់គ្រាន់ ដើម្បី​ធានាអះ​អាង​ទៅ​តុលាការ​ថា​កូនក្ដីមិនរត់គេចខ្លួនក៏​ដោយ។

លោ​កបន្តថា ការបន្តឃុំខ្លួន​លោក សៀម ភ្លុក​ នេះ​មិនបាន​ចំណេញ​អ្វី​ទៅ​រដ្ឋាភិបាល ក៏​ដូច​ជាតុលាការ​ឡើយ តែផ្ទុយទៅវិញ វា​បាន​បង្ហាញ​ឱ្យ​សហគមន៍​​អន្តរជាតិ​មើល​ឃើញ​ថា លំហ​សេរីភាព​ផ្នែក​សិទ្ធិ​មនុស្ស សិទ្ធិ​ពលរដ្ឋ និងសិ​ទ្ធិនយោបាយ ​​មិន​មាន​ភាព​ប្រសើរ​ឡើង​វិញ​ឡើយ។

លោកថា៖ «អ៊ីចឹងយើងដឹងហើយ ការ​ឃុំខ្លួនមនុស្សម្នាក់មាន​ការ​ប៉ះពាល់​ច្រើន ទី១ ខ្លួន​គាត់ ពាក់​ព័ន្ធ​បញ្ហាសុ​ខ​ភាព ពាក់ព័ន្ធនឹង​ការ​ដេក និង​រឿងក្រុមគ្រួសារបស់គាត់។ ករ​ណី​លោក សៀម ភ្លុក នេះ ​សហគមន៍​អន្តរជាតិ​ក៏​គេមើលឃើញ​ថាជារឿង​ដែល​អាច​ពាក់​ព័ន្ធ​នឹង​រឿងនយោ​បាយ​ដែរ ដោយ​សារ​គាត់​បង្កើត​គណបក្ស​នយោបាយ ទើប​គាត់​ក្លាយ​ជាជន​ដែល​ចោទ​ អាហ្នឹង​គឺ​នាំ​ឱ្យ​មាន​ការរិះគន់បន្តទៀតទាក់​ទង​នឹង​រឿង​សេរីភាព​ក្នុង​ការ​បង្កើត​គណបក្សនយោ​បាយ ឬ​ការ​ចូល​ក្នុង​ជីវ​ភាព​នយោបាយ»។

លោក សៀម ភ្លុក ស្ថាបនិកគណបក្សបេះដូងជាតិ ត្រូវបានតុលាការចោទ​​​ប្រកាន់​​​ពី​​បទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» កាលពីថ្ងៃទី២៧ ខែ​មេសា ឆ្នាំ២០២២ និង​ត្រូវបានសមត្ថកិច្ច​​ចាប់​ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​ព្រៃស​ភ្លាមៗ​នៅ​ថ្ងៃដដែល​នោះ។

លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃ​​រកឃើញថាមានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បី​បង្កើត​​​គណ​​​បក្ស​​​បេះដូងជាតិ កាលពីខែ​មិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ ​លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែ​​វិច្ឆិកា ឆ្នាំ​២០២១។

ចំណែកលោក សៀម ភ្លុក ធ្លាប់​ប្រាប់​​វីអូឌី​​ថា បើស្ថិតក្នុងមន្ទិលសង្ស័យ​​ស្នាម​​មេ​​​​ដៃ​​ក្លែង​​ក្លាយ និងស្នាមមេដៃខូច​​គុណ​​​ភាព ឬមានស្នាម​មេដៃ​​ស្ទួនមែន ក្រសួងមហាផ្ទៃអាច​​មាន​​សិទ្ធិ​​​​បដិ​សេធ​ឬ​​​ទាត់​​​​​​ចោលបាន ដោយ​មិនត្រូវចាត់​​ទុកស្នាម​​មេ​ដៃទាំងនោះ​​ប្រែក្លាយ​​ទៅ​​​​ជាបទល្មើស​​​ព្រហ្ម​​ទណ្ឌនោះ​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ