ក្រសួងថា កូដករ​ណាហ្គា​ជិត​២០០នាក់​ទទួល​យក​ប្រាក់ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន

លោកស្រី សោម សុផា ដែលធ្វើការនៅណាហ្គាវើលរយៈពេល ២៦ឆ្នាំ កាន់ឆ័ត្រ និងរូបថតលោក ឈឹម ស៊ីថា ប្រធានសហជីពដែលកំពុងជាប់ឃុំក្នុងបាតុកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (កញ្ញា គៀត សូរិទ្ធធាវី/VOD)

ក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ អះអាងថា គិតមកដល់ថ្ងៃម្សិលមិញ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​​​ជិត២០០​នាក់បានទទួលយក​ដំណោះស្រាយ​​ តាម​រយៈ​ការធ្វើលិខិតព្រមព្រៀង​ទទួល​យក​ប្រាក់​ដំណាច់​បញ្ចប់កិច្ចសន្យា​ការងារពីក្រុមហ៊ុនរួចហើយ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បាន​លើកឡើងថា មន្ត្រីជំនាញរបស់ក្រសួងបានធ្វើការ​ពិនិត្យផ្ទៀងផ្ទាត់​ការទូទាត់ប្រាក់ដំណាច់​​បញ្ចប់កិច្ចសន្យា​ការងារ​​ជាមួយ​តំណាង​ក្រុមហ៊ុន ហើយក្រសួងពិនិត្យឃើញថា ការ​ទូទាត់ចំនួន៤ចំណុចនោះ​​​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ ពាក់ព័ន្ធ​​នឹង​ការ​​បញ្ឈប់​​ពីការ​ងារ​​រួម។

ក្រសួងបន្តថា នៅថ្ងៃទី២៥ ខែឧសភា ​ម្សិល​មិញ មាន​អតីតបុគ្គលិក​ចំនួន៥រូបបន្ថែមទៀតបាន​ទទួលយកដំណោះស្រាយ តាមរយៈការធ្វើលិខិត​ព្រមព្រៀងទទួលយក​ប្រាក់ដំណាច់បញ្ចប់​កិច្ច​សន្យា​ការងារពីក្រុមហ៊ុន។

ក្រសួងបានគូសបញ្ជាក់​ថា៖ «ដូច្នេះ គិតមកដល់ថ្ងៃនេះ [ថ្ងៃទី២៥ ខែឧសភា] មានអតីត​បុគ្គលិក​សរុបចំនួន១៩២រូប​ ក្នុង​ចំណោម៣៧៣រូប ដែលបានទទួល​យកនូវប្រាក់​ដំណាច់បញ្ចប់កិច្ចសន្យា​ការ​​ងារ ដែលធ្វើឱ្យចំនួន​​អតីត​​បុគ្គលិក​ដែល​មិន​ព្រម​ទទួល​យក​សំណង​នៅ​សល់​ត្រឹម១៨១រូប»។

បើតាមក្រសួងការងារ បច្ចុប្បន្ន ទីភ្នាក់ងារ​ជាតិមុខរបរ​និងការងារ បានទទួលយកប្រវត្តិរូបសង្ខេប​ពីអតីត​បុគ្គលិកទាំងនោះ ហើយក៏បាន​និងកំពុងជួយស្វែងរកការងារ​​ថ្មីសម្រាប់អតីតបុគ្គលិក​ទាំងនោះផងដែរ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការ​ងារ​បុគ្គលិក​កម្មករខ្មែរ​នៃ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះ​ថា សហជីព​នៅ​​តែ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់បុគ្គលិក​ដែល​ទ​ទួលយកសំណង។

កញ្ញាថា៖ «យើង​គោរព​តាម​ការសម្រេចចិត្តរបស់សាម៉ីខ្លួន បើគាត់មិនអាចបន្តទៅមុខទៀតបាន​ គាត់ចង់យកលុយ ដើម្បីបញ្ឈប់ការតវ៉ាអី គឺគាត់មានសិទ្ធិក្នុងការដូរ​ចិត្ត​បាន​ទាំង​អស់​ ហ្នឹងជា​គោលការណ៍​យើង​ដំបូង! អ៊ីចឹងហើយបានបុគ្គលិកជាង៣០០​នាក់ ពួកគាត់អាចធ្វើការផ្លាស់​ប្ដូរចិត្តបានគ្រប់ពេលវេលា»។

កញ្ញា ឈឹម ស៊ីថរ បន្ថែមថា៖ «ទី២ ធម្មតា​ការ​តស៊ូ​រយៈ​ពេល​វែង​​អ៊ីចឹង ហើយ​រហូត​ដល់​អ្នកខ្លះ​ជាប់​ពន្ធនាគារ​អ៊ីចឹង គាត់មិនអាចទប់ទល់នឹងស្ថានភាពសេដ្ឋកិច្ច ក៏ដូចជាសម្ពាធពីគ្រួសារ អ៊ីចឹងចង់មិនចង់ ​ពួកគាត់បង្ខំចិត្តទទួលយកសំណង ហើយបញ្ឈប់ការតវ៉ា អាហ្នឹង​យើងមិនទាន់​ដឹងអ្វីនៅពីក្រោយហ្នឹង អាចមានការគំរាមកំហែងពួកគាត់ទៀតអត់ យើងក៏មិនដឹងដែរ»។

កញ្ញា ស៊ីថរ បន្តថា ទោះបីបច្ចុប្បន្នបុគ្គលិកដែលចេញធ្វើកូដកម្មមួយចំនួនទទួលយក​ប្រាក់ដំណាច់បញ្ចប់កិច្ចសន្យា​ការ​ងារ​​ក៏ដោយ ប៉ុន្តែសម្រាប់​កូដករ​ដែល​នៅសល់ជាង១០០​នាក់នោះ ពួកគាត់នៅតែបន្តធ្វើកូដកម្មទៀត ដើម្បីទាមទារឱ្យថៅកែទទួលយកសហជីព និង​ដោះស្រាយ​បញ្ហារបស់កូដករ។

វិវាទការងារនៅក្នុងក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានកើតឡើង​ជាង១ឆ្នាំមក​ហើយ បន្ទាប់ពី​ភាគី​ក្រុម​ហ៊ុន​បាន​បញ្ឈប់​បុគ្គលិកចំនួន​១ ៣២៩​នាក់ ក្នុង​ចំណោម​បុគ្គលិក​សរុប​ជាង​៨ ០០០​នាក់ពីការងារ ដោយ​លើកហេតុផល​ថា ក្រុមហ៊ុន​ជួប​វិបត្តិ​ហិរញ្ញវត្ថុដោយ​សារ​​ជំងឺ​កូវីដ-១៩​។​ ក៏ប៉ុន្តែ​តំណាង​សហជីព​ប្រចាំនៅក្នុង​ក្រុមហ៊ុនកាស៊ីណូនេះ​យល់​ថា ផែនការ​បញ្ឈប់​បុគ្គលិក​​ទ្រង់ទ្រាយ​ធំ​នេះ គឺជាការ​គាស់​រំលើង​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ចេញពី​ក្រុមហ៊ុនឱ្យអស់ ត្បិត​បុគ្គលិក​ដែល​បញ្ឈប់​ភាគ​ច្រើនលើសលប់ គឺ​ជា​សមាជិកនិង​ថ្នាក់ដឹកនាំ​សហជីព។

គិតមកដល់បច្ចុប្បន្ន​ កូដករ​ណាហ្គាវើលដ៍មួយចំនួន​នៅបន្តការតវ៉ារបស់ពួកគេ ដើម្បីទាមទារ​ឱ្យ​ថៅកែ​​ណាហ្គាចេ​ញ​មុខ​មកដោះស្រាយវិវាទការងារនេះជាមួយកម្មករនិយោជិត បញ្ឈប់​ការរើស​អើង​សហជីព ហើយទទួលយកបុគ្គលិកដែលកំពុងធ្វើកូដកម្មទាំងមានឈ្មោះ​កាត់និងមិនមានឈ្មោះកាត់ ព្រមទាំងបុគ្គលិកហាត់ការ (ETP) ឱ្យចូលធ្វើការងារវិញ និងចរចាជាមួយតំណាងរបស់បុគ្គលិកកម្មករ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ