អ្នកឃ្លាំមើល​ស្នើ​សុំ​ចំណារ​ពី​លោក ហ៊ុន សែន បើក​ផ្លូវ​ឱ្យ​អ្នក​ចង់​ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា-វៀតណាម

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។ (ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province)

វេទិកាពលរដ្ឋ​ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រាថ្នាច​ង់ឃើញ​របៀប​នៃការបោះបង្គោល​​ព្រំដែន​​​គោក​​​ដោយ​ផ្ទាល់ ដោយមិនមានការភិតភ័យ ការគំរាមកំហែង និង​ការ​ចាប់ដាក់​ពន្ធនា​គារ​ឡើយ ខ​ណៈ​​រដ្ឋាភិបាលកម្ពុជា​បញ្ជាក់​ជំហរ​ដោយ​តម្លា​ភាព​ថា​ ខ្លួន​នឹង​មិន​បិទ​បាំង​អ្វី​ទៀត​ទេចំពោះផែនការបោះ​​បង្គោ​​ល​​​ព្រំដែនគោក​ជាមួយ​នឹង​វៀតណាមនេះ។

លិខិតចំហ​ដែល​ចេញ​ដោយ​វេទិកាពលរដ្ឋរបស់លោក ម៉ែន ណាត កាលពីថ្ងៃទី​២៣ ខែ​ឧសភា បង្ហាញ​ថា ដើម្បី​ធានា​ពី​សច្ចភាពអំពី​សារនយោបាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាក់ទិននឹង​​ការចុះ​​ពិនិ​​ត្យ​​​មើលព្រំដែនអាចយកជាការបាន គឺវេទិកា​ពលរដ្ឋ​ស្នើ​សុំ​ការ​ឯកភាព​ដោយ​​​​ផ្ទាល់​តាម​​​រយៈ​​​ចំ​​ណា​រ​ពីលោក ហ៊ុន សែន។

លិខិតបន្តថា ប្រសិនបើដូចអ្វីដែលលោកនាយករដ្ឋមន្រ្តីបើក​ផ្លូវ​ឱ្យអ្នកដែលចង់មើលពីរបៀប​នៃ​​​ការ​​​​​​បោះបង្គោលព្រំដែន​ដោយ​ផ្ទាល់​មែននោះ​ វេទិកា​ពលរដ្ឋ​នឹង​ចាត់​តំណាង​​​ឱ្យចុះ​ទៅពិនិត្យ​​​​មើល​​​​​​នៅ​តាម​ខ្សែបន្ទាត់ព្រំដែន និងបង្គោល​នានា ដែល​រដ្ឋាភិបាល​សម្រេច​បាន​ជាផ្លូវការកន្លងទៅជា​មួយ​​​ប្រ​​ទេស​ជិតខាង។

កាលពីថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់​ជាមួយ​​​អ្នក​គាំទ្រ​​របស់​​លោក​នៅ​​ប្រទេស​ស្វីសថា កម្ពុជា-វៀតណាមបានព្រម​​ព្រៀង​​បោះ​​​​​​ប​​ង្គោ​​​​​ល​​​​ព្រំ​​ដែ​​ន​​​​​​​គោក សម្រេចបាន៩៥ភាគរយហើយ ហើយ​​កិច្ចការដែលនៅសល់ ភាគីទាំងពីរ​កំពុង​​​បន្ត​​​ចរ​​ចា​បោះ​បញ្ចប់។

ប្រធានគណៈកម្មាធិការចម្រុះកិច្ចការ​​ព្រំដែនកម្ពុជា លោក វ៉ា​ គីមហុង អះអាងនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​​​ថា រដ្ឋាភិបាលមិនដែល​​​បិទ​​សិទ្ធិ​​បុគ្គ​​ល​​​​ណាម្នាក់ដែល​ប្រាថ្នា​ចង់​ឃើញ​ការ​បោះ​បង្គោល​ព្រំដែន​នេះ​​ទេ ប៉ុន្តែការ​បើកផ្លូវ​នេះធ្វើ​បានតែ​ចំពោះ​​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ខ្មៅដែល​ហាមឃាត់​​​ដោយ​រដ្ឋា​​​ភិ​បា​​ល​​​​​ប៉ុណ្ណោះ។

លោកបន្តថា៖ «គេចង់​ឱ្យតែ​យើង​ទៅមើល​ទៅ​តើ! អ៊ីចឹង​យើង​ខំ​ធ្វើ​ផ្លូវ​ធ្វើអី​ ដើម្បី​ឱ្យ​ពួក​ហ្នឹង​ទៅ​មើល និងប្រជាពលរដ្ឋលោកបានមើល។ហើយមកចោទថាគេឃាត់ឃាំងអាម៉េចកើត បើគេ​ខំ​ធ្វើ​ផ្លូវ​ទៅ​​​ហើយ​​? យើងធ្វើផ្លូវនៅតាមព្រំដែនហ្នឹង​ពីបង្គោលមួយទៅបង្គោលមួយ ចាប់ពី​ធំ​តូច​​និង​មធ្យម​​​ទាំង​​អស់ ​ដូច្នេះ​មានន័យថា យើង​អត់​មាន​លាក់​លៀម​អី​ទេ​ ដែល​យើង​ខំ​ធ្វើ​ផ្លូវ​តាម​ខ្សែ​ក្រវាត់​ព្រំ​ដែន អ៊ី​​ចឹងហើយនៅមិនយល់ទៀត»។

ចំណែក​សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលបើក​​ចំហដូច្នេះមែន ក្នុងនាមជាអ្នកដែលធ្លាប់អង្កេតពីរឿងព្រំដែន លោកនឹងស្វះស្វែងរកប្រភ​​ពចំ​​ណូ​​ល ដើម្បី​ចុះទៅ​ពិ​និត្យដោយ​ផ្ទាល់​ទៀត​នៅពេលសមស្របណាមួយ។ លោក​បន្ត​ថា ដើម្បី​បាន​ផល​ចំណេញ​​​សម្រាប់​​​ជាតិពីការចុះពិនិត្យខ្សែបន្ទាត់ព្រំដែននេះ លោកនឹងពឹងពាក់ក្រុម​អ្នកជំនាញ​កិច្ច​ការ​ព្រំដែនទៅ​​ជាមួយផងដែរ។

លោកបន្តថា៖ «បើសិនជាគាត់បានបើកចំហ ខ្ញុំនឹងចុះទៅត្រួតពិនិត្យឱ្យបានដិតដល់និង​​​ច្បាស់​​លា​ស់ ហើយ​ដូច​ខ្ញុំបាន​លើក​ឡើង​ខាង​ដើម​អ៊ីចឹង​ថា ខ្ញុំនឹងដើរ​រៃអង្គាស​ថវិកា​ពីបង​ប្អូន​ដែល​ស្រឡាញ់​ជាតិ និងស្រឡាញ់​ទឹក​ដី​ហ្នឹង ហើយ​យើង​នឹង​ជួល​អង្គការជំនាញ​​ឯករាជ្យណាដែល​ធ្វើ​​ការ​ស្រា​​​វ​​ជ្រា​​វ ធ្វើឱ្យយើង»។

បើទោះបែបណា សម្រាប់លោក រ៉ុង ឈុន នៅតែមើលឃើញថា ការបញ្ជាក់​ជំហរ​​របស់រដ្ឋាភិ​បាល​​​នៅ​​​ពេល​នេះ មិនឆ្លុះបញ្ចាំងពីតម្លាភាពពិតប្រាកដទេ។ ជាងនេះទៅទៀត លោកថា សារ​នយោ​​បា​​យ​​​​​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងនៅស្វីស និង​សហរដ្ឋអាមេរិក អំពីកិច្ចការព្រំដែននេះ គឺ​​គ្រាន់​​តែ​​ដើម្បី​​ការពារពីកំហុសឆ្គង​ក្នុង​​​​រឿង​​ព្រំដែនប៉ុណ្ណោះ។

មួយវិញទៀត លោកថា ការបោះឆ្នោត​​កាន់តែខិត​​ជិត​​មក​​ដល់ផង ចង់ឬមិន​ចង់​ លោក​នាយក​រដ្ឋ​មន្រ្តីព្យាយាម​​​ឆក់យកឱកាសនេះ ដើម្បីទាញ​​យក​​ប្រជា​​​ប្រិយ​ភាពនិងការគាំទ្រ។

បើតាមលោក រ៉ុង ឈុន កន្លងទៅ រដ្ឋាភិបាលតែងតែ​រារាំង គំរាមកំហែង និងចាប់ដាក់ពន្ធនាគារ ចំពោះ​​​អ្នក​ដែល​មាន​បំណងចុះពិនិត្យ​ការបោះបង្គោលព្រំដែននេះជាហូរហែ ក្នុងនោះក៏មានរូប​លោក​ផងដែរ ដែលបានរងការចោទប្រកាន់និងជាប់ពន្ធនាគារ​។

កម្ពុជាមានព្រំដែនគោកជាមួយវៀតណាមចំនួន១ ២៧០​គីឡូម៉ែត្រ។ ផ្ទៃដី​នៃប្រទេសកម្ពុជា​​ត្រូវ​​បាន​​​​​​​​​គេកំណត់ជាផ្លូវការមានចំនួន១៨១ ០៣៥​គីឡូម៉ែត្រការ៉េ។

ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែល​មានមូលដ្ឋាន​នៅប្រទេសន័រវេស លោក ម៉ែន ណាត ធ្លាប់​ប្រាប់​វីអូឌី​ថា ការបោះបង្គោលព្រំដែនបច្ចុប្បន្នរវាងកម្ពុជា-វៀតណាម អនុវត្តផ្ទុយពី​​​មាត្រា២ និងមាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ​​ រួមទាំងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីសផងដែរ។ 

មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា បូរណភាព​ទឹកដី​របស់​កម្ពុជា​​​មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​​របស់​​ខ្លួន​​ ដែល​មាន​កំណត់​​លើ​ផែនទី​ ១/១០០ ០០០​ ដែល​ផលិតនៅ​​ចន្លោះ​ឆ្នាំ​​១៩៣៣​-១​​៩​​៥​៣ ហើយ​​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩។

ចំណែកមាត្រា៥៥វិញ ចែងថា សន្ធិសញ្ញា​និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​ អព្យាក្រឹត្យភាព​ និង​ឯកភាព​ជាតិ​របស់​​​​កម្ពុជា​ ត្រូវ​និរា​​​ក​​រ​​ណ៍ ឬ​ធ្វើ​មោឃភាព​​ចោល។

ទោះយ៉ាងណា​​ លោក វ៉ា​ គីម​ហុង ស្នើឱ្យ​​អ្នក​​​​​មាននិន្នាការប្រឆាំងនិង​​​​​តែង​​​​ចោទ​​ប្រកាន់​​រដ្ឋាភិ​បាលពី​​ការ​បោះ​បង្គោល​ព្រំដែនថា​​​ខុសបទដ្ឋានអន្តរជាតិនោះ​ បង្ហាញភស្តុតាង​ជាក់លាក់ និង​ភាព​ត្រឹម​ត្រូវ​នៃ​​​​ឯកសា​​រដែល​​ខ្លួន​​ចាត់​​​ទុក​​ល្អឥត​ខ្ចោះ មកតតាំងជាមួយអ្វីដែលរដ្ឋាភិបាលមាននៅក្នុងដៃ។

ជុំវិញភាពចម្រូងចម្រាស​កិច្ចការព្រំដែននេះបានក្លាយជាចំណុចរសើបមួយនៅអំឡុងឆ្នាំ២០១៥ ខណៈ​​ដែលតួនាទីគណបក្សជំទាស់​នៅមានសំឡេងនៅក្នុងសភានៅឡើយ។​​ គណបក្ស​​សង្គ្រោះ​​ជាតិ​ដែលត្រូវបានតុលាការ​រំលាយ ​កាលណោះ​បាន​យក​កិច្ចការ​ព្រំដែន​នេះជា​របៀប​វារៈ​មួយ​ដ៏​សំខាន់​ក្នុងចំណោម​​កម្មវិធី​​នយោ​​បាយផ្សេងទៀត។

ទាំងសមាជិករដ្ឋាភិបាល និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនោះ ត្រូវ​បាន​សមាជិក​សភាមក​ពី​​​​គ​ណ​បក្សជំទាស់ស្នើឱ្យពន្យល់ពីការបោះ​បង្គោលព្រំដែនគោកជាមួយវៀតណាម​។

កា​​រ​​​ទាម​​ទារពីសមាជិកសភា​គណបក្ស​ប្រឆាំង​នេះ ដោយ​ពួក​គេ​ចោទ​ប្រកាន់​ថា ការបោះ​បង្គោល​​​ព្រំ​​ដែនជាមួយ​វៀត​ណាមបានធ្វើឱ្យកម្ពុជា​ត្រូវបាត់បង់ដីទៅវៀតណាម​​ជាច្រើនចំណុចតាមរយៈ​​យន្ត​​​​​ការ​​​​បោះរបៀបធ្មេញរណារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ