ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) នៅថ្ងៃពុធម្សិលមិញនេះ បានចេញបញ្ជាឱ្យដកសិទ្ធិធ្វើដំណើរដោយគ្មានទិដ្ឋាការសម្រាប់ជនជាតិរុស្ស៊ីដែលចូលមកកាន់ប្រទេសរបស់ខ្លួន ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខតាមព្រំដែន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថិតក្នុងលក្ខខណ្ឌនាពេលបច្ចុប្បន្ន ពលរដ្ឋរុស្ស៊ីទាំងឡាយត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេសជិតខាងអ៊ុយក្រែន ដោយមិនតម្រូវឱ្យមានទិដ្ឋាការឡើយ។
ទោះជាយ៉ាងណា តាមរយៈការបង្ហោះនៅលើគេហទំព័ររបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា ខ្លួនទទួលបានញត្តិមួយដែលដាក់ដោយប្រជាពលរដ្ឋ ក្នុងការស្នើសុំឱ្យមានការដកការអនុវត្តនេះ [ធ្វើដំណើរដោយគ្មានទិដ្ឋាការ] ហើយលោកក៏គាំទ្រនូវការលើកឡើងនេះផងដែរ។
ប្រធានាធិបតីដដែលបន្តថា៖ «ក្នុងការថ្កោលទោសសកម្មភាពឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី បញ្ហាដែលបានលើកឡើងនេះ គឺពិតជាមានសារៈសំខាន់ណាស់។ ខ្ញុំគាំទ្រនូវការស្នើឱ្យមានតម្រូវការដើម្បីពង្រឹងការគ្រប់គ្រងបន្ថែមទៀតលើការចូលរបស់ពលរដ្ឋរុស្ស៊ីមកកាន់ប្រទេស [អ៊ុយក្រែន]»។
ទាក់ទិននឹងករណីនេះ លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បន្ថែមថា ខ្លួនបានផ្ញើលិខិតមួយទៅកាន់លោកនាយករដ្ឋមន្រ្តី ដេនីស ស្ម៊ីហាល់ (Denys Shmyhal) ហើយដើម្បីស្នើឱ្យមានការពិនិត្យ និងរៀបចំធ្វើកិច្ចការងារនេះ។
គិតរហូតមកដល់ពេលនេះ ការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនបានឈានចូលមកដល់សប្ដាហ៍ទី១៣ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់បាត់បង់ជីវិត តំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់លាននាក់ក៏បានភៀសខ្លួនចេញពីប្រទេសផងដែរ៕












