នៅព្រឹកមួយ បន្ទាប់ពីត្រូវបានបញ្ឈប់ពីការងារ អ្នកស្រី ប៉ែន ម៉ារ៉ា បានបង្ហាញខ្លួននៅមុខរោងចក្រកាត់ដេរមួយកន្លែងក្នុងទីក្រុងភ្នំពេញ ដើម្បីទទូចស្នើសុំចូលធ្វើការនៅទីតាំងដដែលនេះឡើងវិញ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ ស្រ្តីវ័យ៣៦ឆ្នាំរូបនេះបានចំណាយរយៈពេល២ឆ្នាំក្នុងដំណើរការផលិតសម្លៀកបំពាក់សម្រាប់ម៉ាកយីហោល្បីឈ្មោះមួយចំនួនដែលរួមមាន Puma និង American Eagle ជាដើម។ ជាមួយនឹងគោលបំណងក្នុងការផ្លាស់ប្ដូរលក្ខខណ្ឌការងារដែលប្រសើរឡើង អ្នកស្រី និងសហការី ៤នាក់ទៀត បានសម្រេចបង្កើតសហជីពមួយឡើង។
ក្នុងថ្ងៃមួយ អ្នកទាំង៥នាក់ខាងលើនេះទទួលបានដំណឹងថា ពួកគេត្រូវបានបញ្ឈប់ពីការងារ ឬមិនទទួលបានការបន្តកិច្ចសន្យាការងារ ដោយសារតែរោងចក្រជួបប្រទះបញ្ហាហិរញ្ញវត្ថុ បន្ទាប់ពីមានករណីជំងឺរាតត្បាតកូវីដ-១៩ចូលមក។
ខណៈអ្នកស្រី ប៉ែន ម៉ារ៉ា ដើរតាមផ្លូវឆ្ពោះទៅកាន់រោងចក្រ ក្នុងថ្ងៃដែលខ្លួនត្រូវបានបញ្ឈប់ពីការងារ អ្នកស្រីបានសង្កេតឃើញរូបថតរបស់ខ្លួន រួមនឹងមនុស្ស៤នាក់ផ្សេងទៀតត្រូវបានដាក់លើរបងខាងក្រៅរោងចក្រ ដោយអ្នកស្រីចាត់ទុកថា ការដាក់រូបភាពនេះហាក់ជាការព្រមានយ៉ាងច្បាស់ដល់កម្មករប្រមាណជា១០០០នាក់ផ្សេងទៀតរបស់រោងចក្រ។
ជាមួយគ្នានេះ អ្នកស្រីបន្តថា កម្មករផ្សេងទៀតក៏ត្រូវបានបណ្ដេញចេញជាបន្តបន្ទាប់ក្នុងអំឡុងពេលនោះផងដែរ ប៉ុន្តែពួកគេទាំងនោះពុំមានរូបថតបិទជាប់នឹងរបងរោងចក្រដូចពួកអ្នកស្រីឡើយ។
អ្នកស្រី ប៉ែន ម៉ារ៉ា បានថ្លែងប្រាប់វីអូឌីថា៖ «រោងចក្របានបញ្ចប់កិច្ចសន្យារបស់ខ្ញុំ មិនមែនដោយសារករណីនៃជំងឺកូវីដ-១៩នោះទេ ឬពួកគេមិនមានការងារឱ្យខ្ញុំនោះទេ ប៉ុន្តែដោយសារតែពួកយើងបានចូលរួមជាមួយសហជីព»។
ទាក់ទិននឹងករណីនេះ អ្នកតស៊ូមតិក្នុងវិស័យកម្មករបានឱ្យដឹងថា ករណីរបស់អ្នកស្រី ប៉ែន ម៉ារ៉ា នេះ គឺជាផ្នែកមួយនៃការលុបបំបាត់សហជីពនៅក្នុងប្រទេសកម្ពុជា។ គិតចាប់តាំងពីដើមឆ្នាំ២០២០មក សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) បានធ្វើការប៉ាន់ប្រមាណថា សហជីព និងសមាជិកសកម្មប្រមាណជា៣៥០រូប ត្រូវបានបណ្ដេញចេញពីការងារ ក្រោមហេតុផលនៃករណីជំងឺរាតត្បាតកូវីដ-១៩។
ខណៈករណីឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានក្លាយជាហេតុផលស្តង់ដារសម្រាប់ការបណ្ដេញបុគ្គលិកកម្មករចេញពីការងារ តំណាងសហជីពទាំងឡាយបានលើកឡើងថា ករណីនេះកាន់តែបង្កជាការលំបាកក្នុងការចរចាលក្ខខណ្ឌការងារជាមួយនិយោជក និងស្នើសុំកម្មករឱ្យចូលបម្រើការងារឡើងវិញ ខណៈមានអ្នកខ្លះបានបាត់បង់ការងារអស់រយៈពេលជិតពីរឆ្នាំមកហើយ។
លោក គង់ អាទិត្យ ប្រធានសហព័ន្ធសហជីព CCAWDU បានថ្លែងថា៖ «ក្នុងអំឡុងពេលនោះ [ផ្ទុះករណីកូវីដ-១៩] វាបានផ្តល់ជាឥទ្ធិពលដល់និយោជកបន្ថែមទៀត ដើម្បីបន្តគេចវេះពីការទទួលខុសត្រូវដែលពួកគេត្រូវតែមាន។ វាគឺជាការដើរថយក្រោយទៅរយៈពេលជិត១០ឆ្នាំមុន»។
និន្នាការមិនស្មើភាព
ការលុបបំបាត់សហជីពនៅក្នុងរោងចក្រកាត់ដេរនៅកម្ពុជា ជាធម្មតា ត្រូវបានធ្វើឡើងក្រោមរូបភាពនៃការបញ្ឈប់ពីការងារ។ នេះបើតាមការឱ្យដឹងពីអ្នកស្រាវជ្រាវមួយរូបនៅសាកលវិទ្យាល័យ Nottingham អ្នកស្រី Sabina Lawreniuk ដែលផ្ដោតលើឧស្សាហកម្មកាត់ដេរនៅកម្ពុជា។
ខណៈអាជីវកម្មនៃបណ្ដាប្រទេសលោកខាងលិចបានលុបចោលការបញ្ជាទិញ ស្របពេលដែលរោងចក្រនានាបិទទ្វារ កម្មករក្នុងវិស័យកាត់ដេរប្រមាណជា១០ម៉ឺននាក់ក្នុងចំណោម៨០ម៉ឺននាក់របស់ប្រទេសនេះ បានបាត់បង់ការងារធ្វើ គិតត្រឹមខែឧសភា ឆ្នាំ២០២០។
និន្នាការមិនស្មើភាពមួយក៏បានលេចចេញឡើងក្នុងរយៈប៉ុន្មានខែបន្ទាប់។ ខណៈដែលបុគ្គលិកកម្មករមួយចំនួនចាប់ផ្ដើមចូលធ្វើការឡើងវិញ អ្នកដែលពាក់ព័ន្ធនឹងសហជីពឯករាជ្យ មិនត្រូវបានហៅឱ្យមកចូលបម្រើការងារឡើងវិញឡើយ។ នេះបើតាមការរកឃើញនៅក្នុងការស្រាវជ្រាវកាលពីពេលថ្មីៗនេះរបស់អ្នកស្រី Sabina Lawreniuk ដែលសម្ភាសកម្មករប្រមាណជា២០០នាក់នៅទូទាំងរោងចក្រកាត់ដេរចំនួន២០។
អ្នកស្រីបន្តថា៖ «វិធីសាស្រ្តដែលពួកគេប្រើប្រាស់ហាក់មិនសមហេតុផល។ ពួកគេអាចនិយាយបានថា មិនរើសអើងសមាជិកសហជីព។ ប៉ុន្តែអ្វីដែលកើតឡើងជាក់ស្ដែង គឺថាបុគ្គលិកកម្មករដែលមិនពាក់ព័ន្ធនឹងសហជីពត្រូវបានហៅមកវិញ ខណៈសមាជិកសហជីពមិនទទួលបានឱកាសការងារឡើងវិញឡើយ»។
ជាក់ស្ដែង នៅរោងចក្រ Quint Major Industrial ជាយទីក្រុងភ្នំពេញ ការបញ្ឈប់បុគ្គលិកជាង១៥០នាក់ ក្នុងខែមិថុនា ឆ្នាំ២០២០ បានជំរុញឱ្យសហព័ន្ធសហជីព CCAWDU ចាត់ទុកករណីនេះថាជាការរើសអើងដោយខុសច្បាប់ ដែលក្នុងនោះ ខ្លួនក៏ផ្ញើជាសំបុត្រទៅកាន់អតិថិជនមួយរបស់រោងចក្រ គឺក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនស្បែកជើងយក្សរបស់ប្រទេសអាល្លឺម៉ង់។
ទោះជាយ៉ាងណា នៅក្នុងការស៊ើបអង្កេតមួយ ក្រុមហ៊ុន Adidas បានរកឃើញថា ករណីនេះមិនមែនជាការរើសអើងទេ ដោយសារតែសហជីពពុំមានភស្តុតាងច្បាស់លាស់យកមកបញ្ជាក់។ តាមរយៈអ៊ីមែលមួយ តំណាងក្រុមហ៊ុន Adidas បានបន្ថែមថា រោងចក្រខាងលើនោះលែងជាផ្នែកនៃខ្សែចង្វាក់ផ្គត់ផ្គង់របស់ខ្លួនទៀតហើយ ខណៈពួកគេមិនបានបញ្ជាក់លម្អិតពីមូលហេតុឡើយ។
ក្រុមហ៊ុនផលិតផលកីឡា Puma ដែលជាអតិថិជនមួយផ្សេងទៀតរបស់រោងចក្រ Quint Major Industrial បានឱ្យដឹងដែរថា ខ្លួនបានរៀបចំការចរចាជាមួយរោងចក្រ និងអ្នកសម្រុះសម្រួលខាងក្រៅ ប៉ុន្តែមិនទាន់ឈានដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ ខណៈមេធាវីរបស់រោងចក្រក៏ធ្លាប់បានបដិសេធការចោទប្រកាន់នេះផងដែរ។
គួរបញ្ជាក់ថា សហជីពនានាក៏បានចោទប្រកាន់ពីការប្រព្រឹត្តសកម្មភាពស្រដៀងគ្នានេះ សម្រាប់ករណីនៅកាស៊ីណូណាហ្គាវើលដ៍ ក្នុងរាជធានីភ្នំពេញដែលនៅទីនោះ កម្មករជាសមាជិកសហជីពប្រមាណ១ ១០០នាក់ ក្នុងចំណោម១ ៣០០នាក់ ត្រូវបានបញ្ឈប់ពីការងារកាលពីឆ្នាំមុន។
ការតវ៉ាដែលអូសបន្លាយអស់រយៈពេលជាច្រើនខែនៅខាងក្រៅទីតាំងកាស៊ីណូ រួមនឹងការចាប់ខ្លួនដោយហិង្សាជាច្រើនលើកច្រើនសា បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីអន្តរជាតិ។ ទោះជាយ៉ាងណា ណាហ្គាវើលដ៍បានបន្តលើកឡើងថា ខ្លួនអនុវត្តសកម្មភាពនេះ [បញ្ឈប់បុគ្គលិក] ដោយសារតែផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដែលបង្កដោយជំងឺរាតត្បាត។
ទាក់ទិននឹងករណីនេះ លោក Wim Conklin នាយកកម្មវិធីប្រចាំប្រទេសសម្រាប់មជ្ឈមណ្ឌលសាមគ្គីភាពក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា៖ «ការបញ្ជូននរណាម្នាក់ទៅកាន់តុលាការ ឬប្រភេទនៃការកំណត់ការដោះស្រាយដោយមិនមានភស្តុតាងច្បាស់លាស់ គឺពិតជាពិបាកណាស់។ និយោជកអាចនិយាយបានថា វាជារឿងចៃដន្យ»។
ប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ហៅកាត់ GMAC លោក ខេន លូ សុំមិនធ្វើអត្ថាធិប្បាយទាក់ទិននឹងករណីនេះទេ។ ទោះជាយ៉ាងណា លោកថ្លែងយ៉ាងខ្លីថា ខ្លួនមិនអាចទទួលយកការចោទប្រកាន់ដែលដាក់លើវិស័យនេះទាំងមូលឡើយ។
ខណៈអំពាវនាវឱ្យសហជីពបង្ហាញភស្តុតាងជាក់លាក់ លោកបន្តថា ប្រសិនបើនិយោជកពិតជាបានប្រើប្រាស់ហេតុផលនៃករណីជំងឺកូវីដ-១៩ ជាលេសសម្រាប់ការបញ្ឈប់សហជីព តួលេខប៉ាន់ប្រមាណចំនួនកម្មករបាត់បង់ការងាររបស់សហព័ន្ធសហជីព CCAWDU ប្រាកដជាខ្ពស់ជាង៣៥០នាក់។
លោកបន្ថែមថា៖ «វាមានភាពងាយស្រួលណាស់ក្នុងការចោទប្រកាន់។ ទោះជាយ៉ាងណា ភស្តុតាងដែលត្រូវផ្ដល់ដើម្បីបញ្ជាក់ការចោទប្រកាន់ក៏ត្រូវតែមានផងដែរ។ ពួកគេធ្វើការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ ហើយរំពឹងថាអ្នករាល់គ្នានឹងចំណាយពេល ធនធាន និងបើកការស៊ើបអង្កេតរាល់ការចោទប្រកាន់ដែលធ្វើឡើង។ វាមិនមែនជានីតិវិធីសមស្របឡើយ»។
វិធីមួយចំនួនក្នុងការតបត
កាលពីពេលកន្លងទៅ សហជីពធ្លាប់បានដាក់សម្ពាធជាសាធារណៈនិងឯកជនលើម៉ាកយីហោអន្តរជាតិមួយចំនួន ដើម្បីជួយដោះស្រាយវិវាទ។ ទោះជាយ៉ាងណា ថ្នាក់ដឹកនាំក្នុងវិស័យការងារបានលើកឡើងថា សម្ពាធសេដ្ឋកិច្ចបានធ្វើឱ្យរោងចក្រមិនសូវមានអតិថិជនរយៈពេលវែង ដែលបានធ្វើឱ្យការចរចាឯកជនរវាងសហជីព និងម៉ាកយីហោ កាន់តែជួបប្រទះការលំបាក។
យោងតាមលោក គង់ អាទិត្យ សហព័ន្ធសហជីព CCAWDU មិនអាចជួយដល់សមាជិកសហជីពសកម្មណាមួយក្នុងការទទួលបានការងារឡើងវិញឡើយ ក្នុងចំណោមអ្នកដែលត្រូវបានបញ្ឈប់ពីការងារចំនួន៣៥០រូប។
កម្មករមួយរូបដែលត្រូវបានរោងចក្របញ្ឈប់ពីការងារក្នុងអំឡុងពេលផ្ទុះករណីកូវីដ-១៩ដំបូង លោក ឌឹម ខ្លី បានឱ្យដឹងថា ខ្លួនបានផ្លាស់ពីខេត្តកណ្ដាលក្នុងឆ្នាំ២០១៩ មកធ្វើការនៅរោងចក្រ Greenfield Industry។ បន្ទាប់ពីមានការបង្កើតសហជីពនៅក្នុងខែមិថុនា ឆ្នាំ២០២០ រូបលោកស្ថិតក្នុងចំណោមមេដឹកនាំសហជីពចំនួន៥រូប ដែលទទួលបានដំណឹងថា រោងចក្រមិនបន្តកិច្ចសន្យា ក្រោមលេសផលប៉ះពាល់នៃជំងឺកូវីដ-១៩ ។
បុរសវ័យ៣៤ឆ្នាំរូបនេះបានរៀបរាប់ថា ក្នុងអំឡុងពេលបំពេញការងារ១០ម៉ោងក្នុងមួយថ្ងៃ គាត់ត្រូវបានកំណត់ឱ្យអ៊ុតសម្លៀកបំពាក់យ៉ាងតិចណាស់៦០ដុំក្នុងមួយម៉ោង មិនថាហត់នឿយយ៉ាងណាក៏ដោយ ហើយប្រសិនបើគាត់ខកខានបំពេញតាមការកំណត់ គាត់នឹងត្រូវបានហៅមកសាកសួរ និងស្ដីបន្ទោស។ ប៉ុន្តែប្រសិនបើគាត់អាចធ្វើការងារបានតាមការកំណត់ ទំហំការងារនឹងកើនឡើងដល់៧០ឬ៨០ដុំក្នុងមួយម៉ោង។
លោកបន្តដោយយល់ឃើញថា ការបង្កើតសហជីពគឺជាមធ្យោបាយតែមួយគត់ក្នុងការទាមទារឱ្យមានលក្ខខណ្ឌការងារប្រសើរឡើង ដោយសារថ្នាក់ដឹកនាំមិនដែលស្ដាប់ការពន្យល់របស់កម្មករដោយផ្ទាល់ឡើយ។
លោកថា៖ «ខ្ញុំមិនអាចទ្រាំនឹងការស្ដីបន្ទោស និងចោទជាសំណួរដដែលបានទេ។ គេ [រោងចក្រ] មិនខ្វល់ពីបុគ្គលិកកម្មករឡើយ»។
បន្ទាប់ពីលោកត្រូវបានបញ្ឈប់ពីការងារ សហព័ន្ធសហជីព CCAWDU ក៏បានធ្វើការអន្តរាគមន៍ទៅកាន់ម៉ាកយីហោរបស់រោងចក្រមួយគឺ Arcadia Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ផងដែរ ហើយក្នុងនោះ លោក គង់ អាទិត្យ បានឱ្យដឹងថា លោក ឌឹម ខ្លី និងសហជីពផ្សេងទៀតបានទទួលការងារធ្វើឡើងវិញ។ ទោះជាយ៉ាងណា Arcadia បានជួបប្រទះបញ្ហាហិរញ្ញវត្ថុនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០។ ក្នុងរយៈពេល៤ខែបន្ទាប់ពីលោកទទួលបានការងារឡើងវិញ លោក ឌឹម ខ្លី ក៏ត្រូវបានរោងចក្របញ្ឈប់សាជាថ្មីម្តងទៀតក្នុងខែមីនា ឆ្នាំ២០២១។
ទាក់ទិននឹងករណីនេះ ក្រុមហ៊ុនម៉ាកយីហោ Arcadia មិនអាចទាក់ទងសុំការអធិប្បាយបានទេ ខណៈម៉ាកយីហោមួយផ្សេងទៀតរបស់ប្រទេសអៀរឡង់ Dunnes Stores មិនឆ្លើយតប។
ជាមួយគ្នានេះ តំណាងរោងចក្រខាងលើ ក៏មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយផងដែរ។
ចាប់តាំងពីពេលនោះមក ភរិយារបស់លោក ឌឹម ខ្លី ដែលធ្លាប់ជាស្រ្តីមេផ្ទះ បានសម្រេចចូលធ្វើការនៅរោងចក្រកាត់ដេរផ្សេង ខណៈដែលរូបលោកព្យាយាមស្វែងរកការងារសំណង់ធ្វើ និងនៅផ្ទះមើលថែរក្សាកូនអាយុ១ឆ្នាំ។
លោកបានប្រាប់ វីអូឌី យ៉ាងខ្លីថា៖ «អ្វីដែលខ្ញុំអាចនិយាយបាន គឺថាជីវិតគឺពិតជាពិបាកណាស់»។
អ្នកស្រី ប៉ែន ម៉ារ៉ា ជាកម្មករមួយរូបទៀតដែលត្រូវបានបញ្ឈប់ពីការងារផងដែរនោះ បានឱ្យដឹងថា គិតរហូតមកដល់ពេលនេះ ខ្លួនមិនទាន់ទទួលបានការផ្ដល់ការងារធ្វើឡើងវិញឡើយ។
ជាការឆ្លើយតប តំណាងរបស់ក្រុមហ៊ុន Puma ដែលជាអតីតអតិថិជនមួយបានលើកឡើងថា ខ្លួនបានជួយសម្រួលដល់កិច្ចចរចារវាងសហជីព និងរោងចក្រ IK Appare។ ទោះជាយ៉ាងណា ម៉ាកយីហោមួយនេះបានបញ្ចប់អាជីវកម្មរបស់ខ្លួនជាមួយរោងចក្រក្នុងខែកុម្ភៈ។ រោងចក្រខាងលើនេះមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
លោក Patrick Lee ជាទីប្រឹក្សាផ្នែកច្បាប់មួយរូបនៅអង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានឱ្យដឹងថា ការមិនចូលរួមឱ្យបានផុសផុលរបស់ម៉ាកយីហោក្នុងការស្វែងរកដំណោះស្រាយការងារ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។
រោងចក្រកាត់ដេរជាធម្មតា គឺជាទីតាំងសម្រាប់សហជីពចម្រុះ ដែលមួយចំនួនអាចនឹងស្របជាមួយនឹងនិយោជក ឬគណបក្សកាន់អំណាចរបស់កម្ពុជា។ ដើម្បីលើកជម្លោះជាសមូហភាពមួយ សហជីពត្រូវតែមានតំណាងភាគច្រើន ដែលពាក់ព័ន្ធនឹងសមាមាត្រនៃសមាជិកភាព ដែលករណីនេះហាក់ពិបាកសម្រាប់សហជីពឯករាជ្យភាគច្រើន។
លោក Patrick Lee បន្ថែមថា៖ «ម៉ាកយីហោទាំងឡាយពិតជាមានភាពទន់ខ្សោយខ្លាំងណាស់ ដោយពួកគេអាចឈរនៅតែពីក្រោយការសម្រេចចិត្តដោយក្រសួងការងារប៉ុណ្ណោះ។ វាគឺជាចេតនាក្នុងការគេចវេះ»។
ទាក់ទិននឹងករណីនេះ តំណាងក្រសួងការងារមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
ការបាត់បង់អំណាច
អ្នកតស៊ូមតិនានាក្នុងវិស័យការងារបារម្ភថា ការកសាងសមាជិកភាពឡើងវិញបន្ទាប់ពីសហជីពរងនូវការលុបបំបាត់អស់រយៈពេលពីរឆ្នាំ ការបិទរោងចក្រ និងការបញ្ឈប់ការងារ អាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ។
សហជីពកាត់ដេរទាំងឡាយបានជួបប្រទះការលំបាករួចមកហើយក្នុងការរក្សាជំហររបស់ខ្លួន បន្ទាប់ពីការអនុម័តច្បាប់មួយក្នុងឆ្នាំ២០១៦ ដែលកាន់តែផ្តល់បន្ទុកដល់ពួកគេបន្ថែមទៀត។ ករណីជំងឺរាតត្បាតមិនមែនត្រឹមតែបំផ្លាញសមាជិកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណាចសហជីពផងដែរ។
ទាក់ទិននឹងករណីនេះ លោក គង់ អាទិត្យ ថ្លែងថា៖ «យើងបានបាត់បង់អំណាចជាច្រើន ហើយយើងពិតជាចាំបាច់ត្រូវស្វែងរកយុទ្ធសាស្រ្តថ្មីដើម្បីស្ដារឡើងវិញ។ ខ្ញុំនៅតែមានសុទិដ្ឋិនិយមចំពោះសកម្មភាពនេះ។ ទោះជាយ៉ាងណា ករណីជំងឺកូវីដបានរុញយើងឱ្យដើរថយក្រោយយ៉ាងខ្លាំង»។
ត្រឡប់មកកាន់អ្នកស្រី Sabina Lawreniuk តាមរយៈការរកឃើញនៅក្នុងការស្រាវជ្រាវរបស់ខ្លួន បានឱ្យដឹងថា ភាពលំបាកខាងសេដ្ឋកិច្ចនៃជំងឺរាតត្បាតបានធ្វើឱ្យកម្មករស្ទាក់ស្ទើរក្នុងការធ្វើសកម្មភាពណាមួយ។ ជាមួយគ្នានេះ ការចាប់ខ្លួននិងឃុំខ្លួនក្នុងករណីណាហ្គាវើលដ៍ បានបង្ហាញថា សកម្មភាពរបស់សមត្ថកិច្ចដោយហិង្សាលើកូដករ គឺជាចេតនាមួយក្នុងការគំរាមកំហែង។
ទោះជាយ៉ាងណា រដ្ឋាភិបាលកម្ពុជាបានចាត់ទុកចំណាត់ការរបស់ខ្លួនលើក្រុមបាតុករណាហ្គាវើលដ៍ ថាជាវិធានទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលករណីនេះមានការថ្កោលទោសពីអង្គការឃ្លាំមើលសិទ្ធិមនុស្ស និងអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិផងដែរ។
ទីប្រឹក្សាផ្នែកច្បាប់ លោក Patrick Lee បានឱ្យដឹងថា ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាន់តែកៀកចូលមកដល់ ក្នុងនោះ លោកសង្កេតឃើញថា គ្មានគណបក្សប្រឆាំងណាមួយបានលើកឡើងអំពីករណីដែលកើតឡើងនៅណាហ្គាវើលដ៍ បញ្ហាដែលកម្មករនិងសហជីពកំពុងប្រឈមមុខអំឡុងពេលមានជំងឺរាតត្បាតឡើយ។
លោកបន្ថែមថា៖ «ដោយសារតែពួកគេមិនបញ្ចេញសំឡេង ដូច្នេះហើយវាគ្មានសម្ពាធនយោបាយមកលើរដ្ឋាភិបាលក្នុងការផ្លាស់ប្តូរអ្វីនោះទេ»។
កម្មករដែលបានបាត់បង់ការងារបានឱ្យដឹងថា ពួកគេមិនអាចស្វែងរកការងារធ្វើនៅរោងចក្រផ្សេងបានឡើយ។ គិតចាប់តាំងពីខ្លួនត្រូវបានបណ្ដេញចេញពីការងាររោងចក្រ ក្នុងរយៈពេលប្រមាណជា១៨ខែមុន អ្នកស្រី ប៉ែន ម៉ារ៉ា និងស្វាមីរបស់នាង បានពឹងផ្អែកលើការងារសំណង់ប្រចាំថ្ងៃ និងកម្ចីមីក្រូហិរញ្ញវត្ថុ ប៉ុន្តែវាមិនស្មើនឹងប្រាក់ខែ២៥០ដុល្លារដែលខ្លួនធ្លាប់ទទួលបានប្រចាំខែនៅរោងចក្រឡើយ។
ដោយគ្មានថវិកាសម្រាប់ថ្លៃធ្វើដំណើរ ឬថ្លៃសាលារៀន កូនប្រុសមួយរូបរបស់អ្នកស្រីបានសម្រេចឈប់រៀន ហើយវិលត្រលប់ទៅកាន់ស្រុកកំណើតនៅខេត្តកំពង់ចាមវិញ ដើម្បីទៅធ្វើស្រែចម្ការដែលអាចរកចំណូលបានត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃៗ។
សម្រាប់ពេលបច្ចុប្បន្ន អ្នកស្រី ប៉ែន ម៉ារ៉ា ក៏មិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទៅលេងស្រុកកំណើត ឬចូលរួមពិធីនានាផងដែរ។ ទោះជាយ៉ាងណា វាពុំបានបង្កជាការខកចិត្តដល់អ្នកស្រីឡើយ។
អ្នកស្រីថា៖ «ខ្ញុំនៅតែមានគោលបំណងក្នុងការបង្កើតសហជីពមួយ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Union-Busting Under Guise of Pandemic Leaves Hundreds Out of Work
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Rosa-Luxemburg-Stiftung នៅអាស៊ីអាគ្នេយ៍ តាមរយៈការិយាល័យរបស់ខ្លួនក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។