WB ផ្ដល់​ជំនួយ​១៦៩លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​បង្កើន​ភាព​ធន់​នៃ​បណ្ដាញ​ផ្លូវ​ជនបទ​ទៅ​នឹង​គ្រោះធម្មជាតិ

រថយន្តដឹកដីកំពុងធ្វើចរាចរណ៍លើដងផ្លូវដែលកំពុងខូចខាត សង្កាច់កោះដាច់ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ (ពក ពន្លឺ)

ធនាគារពិភពលោក (The World Bank-WB) ផ្ដល់ជំនួយ​ជា​ទឹក​ប្រាក់​ចំនួន១៦៩​លានដុល្លារអាមេរិក ដល់​​​​គម្រោង​​​គ្រប់គ្រ​ង​ហានិភ័យ​គ្រោះធម្មជាតិ​​អាស៊ីអាគ្នេយ៍​នៅ​​​កម្ពុជា ដើម្បី​បង្កើន​​ភាព​ធន់​​នៃ​​បណ្ដាញផ្លូវ​ជនបទ​​​ទៅនឹង​គ្រោះធម្មជាតិ​​និង​កត្តា​​​អាកាសធាតុ។

សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ បាន​លើក​ឡើង​​​ថា គម្រោងនេះ​ជួយ​ដល់​ការ​សាង​សង់​​ផ្លូវនិង​​ស្ពាន​​នៅ​តាម​​តំបន់​​រង​ការជន់លិចទឹក និងជួយ​​បង្កើន​​សមត្ថភាព​របស់​រដ្ឋា​ភិបាលកម្ពុជា ​ក្នុង​ការ​ឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយ​អាកាសធាតុ។

សេចក្ដីប្រកាសព័ត៌មាន​បន្តថា៖ «គម្រោងនេះនឹងនាំអត្ថប្រយោជន៍​ដល់​ប្រជាជន​​ប្រហែល៥,៥​លាននាក់​ ក្នុង​នោះ ៥២​ភាគរយជា​ស្ត្រី នៅ​​ក្នុង​​ខេត្ត​ចំនួន៧ និង​​ដល់​​អ្នក​​ដែល​ប្រើ​ប្រាស់​បណ្ដាញ​ផ្លូវ​ទាំង​នេះ»។

ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) បានលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មាន​ថា៖ «ជាមួយ​នឹង​ការ​ប្ដេជ្ញាចិត្ត​មោះមុត​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នៃរាជរដ្ឋា​ភិបាល​កម្ពុជា គម្រោង​នេះ​នឹង​ជួយធ្វើ​យ៉ាង​ណា​ឱ្យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្លូវជនបទ​ឱ្យ​នៅមានភាពរឹងមាំ និងធន់​ទៅនឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ ហើយ​ទន្ទឹមគ្នានោះ ជួយការ​ពារ​ផងដែរ​ដល់ប្រជាជនងាយរ​ងគ្រោះ​ពីហេតុការណ៍គ្រោះធម្មជាតិ​ដែលគ្មាន​អ្នក​ណា​អាច​ដឹងមុន»។

ធនាគារពិភពលោក ​លើក​ឡើង​ទៀតថា កម្ពុជា​ជា​ប្រទេសមួយដែលងាយរងគ្រោះណាស់​​ពីផលប៉ះពាល់​​អវិជ្ជមាន​នានា​ដែលបណ្ដាល​មក​ពីការ​ប្រែ​ប្រួលអា​កាស​ធាតុ​ ជា​​ពិសេស​ទឹកជំនន់ និងភាព​រាំងស្ងួត ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ជន​បទ​ក៏​ងាយ​រង​គ្រោះ​ខ្លាំង​​​ពី​ហានិ​ភ័យ​​នៃ​គ្រោះធម្មជាតិបង្ក​ដោយ​អាកាសធាតុ។

ប្រភពដដែលបន្តថា គម្រោងនេះនឹងត្រូវ​អនុវត្ត​ដោយ​ក្រសួង​​អភិវឌ្ឍន៍ជនបទ ដែល​បាន​ដើរតួសកម្ម​​នៅ​ក្នុង​ការ​បង្កើនភាពធន់​លើ​ការ​សាងសង់ និង​​​ស្តង់ដារថែទាំផ្លូវ។ គម្រោងនេះ​នឹង​បន្ត​ធ្វើពី​ដំណាក់​កាលទី១​ នៃគម្រោង​គ្រប់​គ្រង​ហានិភ័យគ្រោះធម្មជាតិ​អាស៊ីអាគ្នេយ៍​នៅ​កម្ពុជា ដោយផ្តោត​សំខាន់​លើ​ការពង្រីក​បណ្ដាញតភ្ជាប់ផ្លូវជនបទដែលធន់នឹងក​ត្តា​អា​កាស​ធាតុ និង​លើ​ការ​ពង្រឹង​​ការរៀបចំផែនការហិរញ្ញវត្ថុ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទសម្រាប់ទ្រទ្រង់​ភាព​ធន់​នឹង​គ្រោះ​​ធម្ម​ជាតិ។ ​ ​

​បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក កញ្ចប់ហិរញ្ញប្បទានថ្មីនេះនឹង​ពង្រឹង​សមត្ថ​ភាព​របស់​ក្រសួងក្នុង​ការ​ត្រៀមលក្ខណៈ ការ​ឆ្លើយ​តប និង​​​​ការ​​ស្ដារ​​ស្ថាន​ភាព​​​ក្រោយមាន​​​​គ្រោះ​ធម្មជាតិ ព្រមទាំង​​ទ្រទ្រង់​​ដល់​​ការ​​រៀបចំផែនការទុកជាមុន​ និង​​ការ​គ្រប់​គ្រង​ហានិភ័យ​​ទឹក​​ជំនន់​នៅ​ក្នុង​តំបន់​ទន្លេសាបដែល​រង​ការ​ខូច​ខាត​ខ្លាំង​​ក្នុង​​ឆ្នាំ​​២០២០។

ប្រភពដដែលបន្តថា ថវិកានេះគឺ​ជា​​ឥណទាន​ពី​សមាគមអភិវឌ្ឍន៍​​អន្តរជាតិនៃធនាគារពិភពលោក ហើយក៏មានជំនួយទឹកប្រាក់ចំនួន៤៥០ ០០០ដុល្លារអាមេរិកទៀត​ ពីកម្មវិធីរួមគ្នារវាងប្រទេស​ជប៉ុន ​និង​ធនាគារពិភពលោក​ សម្រាប់​បញ្ជ្រាប​ការ​គ្រប់​គ្រងហានិ​ភ័យ​​គ្រោះ​ធម្ម​ជាតិ​នៅ​​តាម​​ប្រទេស​កំពុងអភិវឌ្ឍន៍​ (Japan-Bank Program for Mainstreaming DRM in Developing Countries) ដែលកម្មវិធី​នេះ​ទទួល​ថវិកា​ពី​រដ្ឋា​ភិបាលជប៉ុន និង​គ្រប់​គ្រង​ដោយ​មូលនិធិ​សកល​សម្រាប់​កាត់បន្ថយ​និង​ស្តារឡើងវិញពីគ្រោះធម្មជាតិ។ កម្ពុជា​នឹង​រួមចំណែក​ថវិកា​បដិភាគ​ចំនួន​២លាន​ដុល្លារ​អាមេរិកទៅក្នុង​កញ្ចប់​ហិរញ្ញប្បទានថ្មីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ