ប្រជាកសិករខេត្តបាត់ដំបង រកចំណូលបានច្រើនពីដំណាំក្រូច ក្រោយពីពួកគាត់កែប្រែដីស្រែដែលធ្លាប់ធ្វើស្រូវទៅជាដីចម្ការសម្រាប់ដាំដំណាំក្រូច ដោយអាចរកចំណូលបានច្រើន និងអាចផ្គត់ផ្គង់ជីវភាពកាន់តែប្រសើរ បើទោះជាជួបការលំបាកខ្លះក៏ដោយ។
កសិកររស់នៅភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មួយរូប លោក លឹម លី បានឱ្យដឹងថា គ្រួសារលោកបានចាប់ផ្ដើមប្រកបមុខរបរដាំក្រូចនេះជិត១០ឆ្នាំហើយ ក្នុងទំហំដី៤ហិកតាកន្លះ ដែលអាចរកចំណូលបានគួរសម។
លោកអះអាងថា ដំបូងឡើយ នៅពេលដីទាំងនោះយកទៅធ្វើស្រែក្នុងមួយឆ្នាំៗ មិនអាចជួយផ្គត់ផ្គង់ជីវភាពគ្រួសារគ្រប់គ្រាន់ឡើយ ដោយអាចរកចំណូលបានប្រមាណ២លានរៀលឬលើសពីនេះតិចតួច ប៉ុន្តែក្រោយពេលលោកកែប្រែដីស្រែទាំងនោះទៅជាដីចម្ការក្រូចវិញនោះ ចំណូលរបស់លោកបានកើនឡើងទ្វេដង ដោយអាចរកចំណូលបានជិត១ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោកមានប្រសាសន៍ថា៖ «កាលពីមុន ខ្ញុំធ្វើស្រែ ដល់វាអត់សូវបានផលអ៊ីចឹងទៅ ខ្ញុំចាប់ផ្ដើមលើកចម្ការបំប្លែងដីស្រែទៅជាចម្ការដាំក្រូច ឃើញថាបានផលជាងការធ្វើស្រែជាង៨០ភាគរយ។ កាលធ្វើស្រែមួយឆ្នាំបានតែ២០ការ៉ុង ដល់មកធ្វើចម្ការ គេម៉ៅក្រូចខ្ញុំបានជាង៨ ០០០ដុល្លារ»។
កសិករវ័យជិត៤០ឆ្នាំរូបនេះ ប្ដេជ្ញាថា នឹងបន្តដាំក្រូចផ្អែមនេះរហូតដល់តកូនចៅ ព្រោះវាអាចជួយសម្រួលដល់ជីវភាពគ្រួសារបានច្រើន ហើយអាចផ្គត់ផ្គង់កូនចៅរៀនសូត្របានដោយស្រួល។ លោកបន្តថា ក្រូចនៅក្នុងភូមិអូរខ្ជាយនេះធ្លាប់ទទួលបានការគាំទ្រពីឈ្មួញ ហើយងាយស្រួលរកទីផ្សារ ព្រោះជាប្រភេទក្រូចផ្អែមជាងកន្លែងផ្សេង នៅក្នុងខេត្តបាត់ដំបង។
លោកប្ដេជ្ញាចិត្តនិយាយថា៖ «ខ្ញុំនឹងដាំក្រូចរហូត មិនធ្វើស្រែវិញទេ តកូនតចៅទៅ ព្រោះឃើញថាវាទទួលបានជីវភាពធូរធារ អាចមានលុយឱ្យកូនទៅរៀន។ សព្វថ្ងៃអត់ពិបាករកអ្នកទិញទេ [ឈ្មួញ] ប៉ុន្មានទេ! ព្រោះក្រូចយើងល្អ ផ្អែម ទោះបីអ្នកភូមិដាំសឹងតែគ្រប់គ្នាក៏ដោយ ឃើញថាធូរធារ»។
ប្រជាកសិករមួយរូបទៀត អ្នកស្រី ព្រំ កែវ បានឱ្យដឹងថា កាលពីមុន គ្រួសារគាត់បានធ្វើស្រែធម្មតាក្នុងទំហំដីជាងមួយហិកតា ប៉ុន្តែបច្ចុប្បន្ន អ្នកស្រីមើលឃើញថា ការធ្វើស្រែមិនសូវជាទទួលបានផល ទើបអ្នកស្រីផ្លាស់ប្តូរដីស្រែទាំងនោះទៅធ្វើជាដីចម្ការទាំងអស់ ទោះជាមានការចំណាយដើមទុនច្រើនបន្តិចក៏ដោយ។ អ្នកស្រីបន្តថា ការផ្លាស់ប្តូរដីស្រែនេះទៅដាំក្រូចវិញ បានធ្វើឱ្យគ្រួសារអ្នកស្រីរកប្រាក់ចំណូលបានច្រើនជាងការធ្វើស្រែទៅទៀត។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងធ្វើស្រែ វាអត់សូវបានផល យើងធ្វើស្រែបានតែមួយគ្រប់ៗ តែយើងធ្វើចម្ការចំណាយលុយច្រើនមែន ប៉ុន្តែបើវាឱ្យផលយើងបានធូរដែរ ប៉ុន្តែវាយូរឆ្នាំ ប៉ុន្តែតាំងពីងាកមកធ្វើចម្ការពីរឆ្នាំមកនេះ សេដ្ឋកិច្ចគ្រួសារមានចំណូលខ្ពស់និងធូរធារវិញ»។
អ្នកស្រី ព្រំ កែវ បន្ថែមទៀតថា ការបំប្លែងដីស្រែមកជាដីចម្ការក្រូចនេះជួបផលលំបាកនិងចំណាយថវិកាច្រើនដែរ ទម្រាំបានផលមកវិញ ដោយត្រូវចំណាយថ្លៃចាក់ដីឱ្យខ្ពស់ជាង១ម៉ឺនដុល្លារ (១០ ០០០) ក្នុងទំហំដីជាង១ហិកតា។ លើសពីនេះ ការដាំក្រូចអាចប្រឈមក្រូចងាប់ និងសត្វល្អិតស៊ីជាដើម ប៉ុន្តែបើប្រៀបធៀបការធ្វើស្រូវ ការប្រកបរបរដាំក្រូចនៅតែមានភាពងាយស្រួលជាង។
អ្នកស្រីបានអះអាងថា៖ «ធ្វើអ្វីក៏ដោយ វាតែងតែជួបផលវិបាកអ៊ីចឹងហើយ ហត់នឿយ! ខ្ញុំធ្វើខ្លួនឯងផង ជួលគេចាក់ដីអស់ច្រើន [១០ ០០០ដុល្លារ] នេះកាលពីពីរឆ្នាំមុន ឥលូវមិនដឹងទេ[តម្លៃ] ប៉ុន្តែពេលប្រមូលផលក្រូចវិញ មួយឆ្នាំបានពីរពាន់ដុល្លារជាងដែរ ហើយយើងបានរហូត។ បើយើងមិនធ្វើ អត់! ចេះតែនាំគ្នាធ្វើទៅ វាជួយដល់គ្រួសារយើងធូរធារដែរ»។
មេភូមិអូរខ្ជាយ ខេត្តបាត់ដំបង លោក កែ ឃិន មានប្រសាសន៍ថា ប្រជាកសិករក្នុងភូមិអូរខ្ជាយ ឃុំវត្តតាមិម សរុបមាន៦៣៣គ្រួសារ ហើយមាន៣០០គ្រួសារប្រកបមុខរបរដាំក្រូចផ្អែមនេះ ហើយក្នុងមួយឆ្នាំៗ ពួកគេអាចរកចំណូលបានច្រើន។ លោកបន្តថា ក្នុងនាមជាមេភូមិ នឹងព្យាយាមជួយសម្រួលផ្នែកបច្ចេកទេសដាំដុះ និងរកទីផ្សារបន្ថែមទៀត។
លោកមានប្រសាសន៍ថា៖ «យើងនឹងរកកន្លែងកសិកម្មគេ ឱ្យពន្យល់អំពីការដាំក្រូច ថាធ្វើយ៉ាងម៉េចឱ្យល្អ! ហើយរកអ្នកបច្ចេកទេស ទាំងផ្នែកថ្នាំ ហើយធ្វើយ៉ាងម៉េចឱ្យនឹងដាំទៅ កើតឡើងវិញ។ នៅភូមិនេះ [អូរខ្ជាយ] ឥលូវ ក្រូចវានៅតិចណាស់ក្នុងមួយឆ្នាំ ដូចជាប្រហែលបានពីរបីរយស្លឹក។ ក្រូចលក់តែនៅក្នុងស្រុកហ្នឹងអត់នឹងគ្រប់ផង ក្រូចនៅក្នុងភូមិនេះមានអ្នកត្រូវការច្រើន លក់ក្នុងផ្សារយើងហ្នឹង ហើយនាំទៅភ្នំពេញខ្លះ»។
លោក កែ ឃិន បានឱ្យដឹងថា រយៈពេល៥ឆ្នាំចុងក្រោយនេះ ប្រជាពលរដ្ឋនៅក្នុងភូមិអូរខ្ជាយ បាននាំគ្នាសម្រុកប្របកដាំក្រូច ខណៈតម្រូវការទីផ្សារមានច្រើន។ លោកបន្តថា បើទោះជាប្រទេសជាតិជួបវិបត្តិកូវីដ-១៩ក៏ដោយ ប៉ុន្តែការនាំចេញភាគច្រើន មិនដែលសល់នោះទេ។ លោកបានអះអាងថា ការនាំចេញភាគច្រើននាំទៅភ្នំពេញ និងបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។
ទោះបីជាយ៉ាងនេះក្ដី មេភូមិអូរខ្ជាយរូបនេះស្នើទៅកាន់ពលរដ្ឋខ្មែរឱ្យបន្តគាំទ្រផលិតផលក្រូចក្នុងភូមិរបស់លោក ក៏ដូចក្រូចក្នុងខេត្តបាត់ដំបង ព្រមទាំងស្នើទៅក្រសួងពាក់ព័ន្ធបន្តជួយរកទីផ្សារបន្ថែមទៀត ពិសេសទីផ្សារនាំចេញទៅក្រៅប្រទេស ដើម្បីពង្រីកអាជីពឬមុខរបរមួយនេះកាន់តែច្រើន និងជាការលើកទឹកចិត្តដល់កសិករផងដែរ៕