សង្គមស៊ីវិល​ជំរុញ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​កុំ​ឱ្យ​កម្ពុជា​ក្លាយ​ជា​កន្លែង​ដែល​ឧក្រិដ្ឋជន​កែច្នៃ​គ្រឿងញៀន

កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួនជនសង្ស័យជនជាតិចិនតៃវ៉ាន់ចំនួន៤នាក់ ពាក់ព័ន្ធករណីជួយដូរគ្រឿងញៀនជាង១៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ដើម្បីបន្តនីតិវិធី។ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

សង្គម​ស៊ីវិលលើក​ឡើងថា កម្សោយការអនុវត្តច្បាប់ និង​​​ការ​ប្រព្រឹត្តអំពើពុករលួយ បាន​នាំឱ្យ​​កម្ពុជា​ក្លាយ​ជា​កន្លែង​ដែល​ឧក្រិដ្ឋ​ជន​រក​ស៊ី​អាច​ផលិតនិង​កែច្នៃ​គ្រឿងញៀ​នទៅ​លក់​នៅប្រ​ទេស​​​​ទី៣ ដែលករណីនេះ ពួកគេបានជំរុញឱ្យ​រដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់បន្ថែមទៀត។

កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបមន្ទីរ​ពិសោធន៍​លួច​លាក់​និង​កែច្នៃផលិតគ្រឿងញៀន​ចំនួន៣ទីតាំង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ក្នុងនោះបានចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៥នាក់ និងរឹបអូសសារធាតុញៀនជាង១ ៤០០គីឡូក្រាម និងសារធាតុគីមីជាង១១តោន។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី លើកឡើងនៅថ្ងៃសុក្រនេះ​ថា មូលហេតុដែលបទ​ល្មើស​គ្រឿងញៀននៅតែមិនថយចុះ អាចបណ្ដាលមកពីកម្សោយនៃការអនុវត្តច្បាប់ ដែលបង្ក​បរិយាកាស​ឱ្យអ្នករកស៊ីគ្រឿងញៀនមានឱកាសក្នុងការនាំចូល ផលិត និង​កែច្នៃ​សារ​ធាតុគីមី​​ទៅ​ជា​គ្រឿងញៀន​នៅ​កម្ពុជា។

លោកបន្ត​ថា បញ្ហាគ្រឿងញៀននេះមិនមែនពាក់ព័ន្ធតែនៅ​កម្ពុជាទេ តែ​អាចពាក់ព័ន្ធ​នឹង​បទល្មើស​តំបន់ ដូចជា ការលាងលុយកខ្វក់ ជាដើម។ បញ្ហា​នេះ លោកជំរុញ​ឱ្យ​​កម្ពុជា​បង្កើន​កិច្ច​​សហការ​ជាមួយ​​បណ្ដា​ប្រទេស​ក្នុង​តំបន់ផ្សេងៗទៀត ដើម្បី​​ទប់ស្កាត់បទល្មើសគ្រឿងញៀននិង​បទល្មើស​ផ្សេងៗឱ្យ​មាន​ប្រសិទ្ធ​ភាព។

លោក ប៉ិច ពិសី បន្ថែម​ថា បើ​សិន​ជា​រដ្ឋាភិបាលមិនអាចទប់ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​បាន​ទេ នោះ​នឹង​បង្កផល​​ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសកម្ពុជា ជាពិសេសស្រទាប់យុវជនទាំង​នៅ​ជន​បទ​និង​​ទីក្រុង ដោយ​អ្នកខ្លះបានជួញដូរ និងខ្លះទៀត​កំពុងប្រើប្រាស់ដែលមានទំហំធំនាបច្ចុប្បន្ន។

លោក​ថា៖ «អ៊ីចឹង ​បើសិនទំហំនៃ​ការប្រើប្រាស់គ្រឿងញៀន​ទៅលើយុវជនច្រើន ប្រទេសយើង​អាច​មាន​បញ្ហាទាក់​ទង​នឹង​ធនធានមនុស្ស ​ទាក់ទងនឹងការខ្វះជំនាញ ជាពិសេសគាត់អាចក្លាយជាជនពិការរាង​កាយ-ស្មារតី ដោយ​សារ​គាត់​ប្រើ​គ្រឿង​ញៀន ហើយកម្ពុជា​យើង​ត្រូវ​ការ​ធន​ធាន​មនុស្ស។ ​អ៊ីចឹងផលប៉ះពាល់ធំធេងណាស់ ដែល​យើង​គិត​ថា ​រដ្ឋាភិបាល​គួរ​តែ​ព្យាយាម​កាត់បន្ថយ​​ប្រតិបត្តិការរកស៊ីគ្រឿងញៀន​ឱ្យបា​​ន ហើយជំរុញឱ្យមានការ​បង្ក្រាបគ្រឿងញៀន ហើយបងប្អូនដែលប្រើប្រាស់គួរតែចាប់ផ្ដើមបន្សាប ហើយកុំឱ្យមានការចែកចាយគ្រឿង​ញៀន​ទ្រង់​ទ្រាយធំ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រ​សាសន៍​ថា ត្បិតសមត្ថកិច្ចបានចុះបង្ក្រាបគ្រឿងញៀនជាបន្តបន្ទាប់ក៏ពិតមែន ប៉ុន្តែចំពោះវិធាន​ការបង្ការ​កុំឱ្យមានករណីលួចផលិត កែច្នៃ និងជួញដូរគ្រឿងញៀនវិញ ហាក់​នៅមានភាពខ្វះចន្លោះ​ច្រើន ខណៈ​ការចុះបង្រ្កាបបទល្មើស​របស់សមត្ថកិច្ចនៅមានភាពយឺតយ៉ាវនៅឡើយ។

លោក​បន្តថា កត្តាដែលនាំឱ្យមានការផលិត កែច្នៃ និង​ជួញដូរគ្រឿងញៀន​នៅកម្ពុជានៅ​តែបន្ត​​កើត​​មាន​ អាច​បណ្ដាល​មក​ពីការអនុវត្តច្បាប់នៅមានកម្រិត និងមន្ត្រីអនុវត្តច្បាប់​​ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ខណៈក្រសួងពាក់ព័ន្ធមួយចំនួនមិនមានកិច្ចសហការល្អជាមួយគ្នាក្នុងការ​ទប់ស្កាត់បទល្មើស។

លោកថា៖ «អនុសាសន៍ទី២របស់ខ្ញុំ ខ្ញុំស្នើគួរតែមានកិច្ចសហការឱ្យកាន់តែប្រសើររវាងក្រសួងនិងស្ថាប័នពាក់ព័ន្ធ​នៅក្នុងការត្រួតពិនិត្យគ្រឿងញៀននេះ កុំឱ្យស្ថាប័ននីមួយៗធ្វើដោយឡែកៗ​ពីគ្នា ហើយ​ខ្វះកិច្ចសហការ ដែល​ធ្វើ​ឱ្យ​បញ្ហា​កើត​ឡើង​ដដែល»។

លោក យង់ គិមអេង យល់ឃើញទៀត​ថា ដើម្បី​ឱ្យ​ការបង្ក្រាបបទល្មើសគ្រឿងញៀន​មានប្រ​សិទ្ធ​​ភាព​ លុះត្រាតែអាជ្ញាធរពាក់ព័ន្ធ​មានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋ និង​ធានាអំពីសុវត្ថិ​ភាព រួមទាំងការឆ្លើយតបចំពោះសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋ នៅពេលមានបទល្មើស​កើតឡើង​ឱ្យបាន​ទាន់​ពេលវេលា។ លោកបន្តថា រដ្ឋាភិបាលក៏ត្រូវហ៊ានចាត់វិធានការនិង​ដាក់​ទោស​លើ​មន្ត្រី​របស់​ខ្លួន​ បើសិនជា​រក​ឃើញ​ថាមន្ត្រីណាមួយ​​មាន​ជាប់ពាក់ព័ន្ធនឹងបទល្មើស​គ្រឿង​ញៀន ឬ​​ជួយសម្រួលដោយផ្នែកណាមួយដល់ជនល្មើស។

លោកថា៖ «បើអាជ្ញាធរ​ជាអ្នកបម្រើជាតិ បម្រើប្រជារាស្ត្រ ហើយទៅយកទុក្ខមកដាក់លើប្រជាពលរដ្ឋ អាជ្ញាធរ​បែបហ្នឹងគឺមិនគួរលើកលែងទេ ហើយត្រូវតែដាក់ទោសឱ្យធ្ងន់ធ្ងរ ពីព្រោះថា ​រដ្ឋាភិបាលក៏លោកមិនចង់ឃើញមន្ត្រីបែបនោះទៅធ្វើសកម្មភាពផ្ទុយពីច្បាប់ ទៅធ្វើសកម្មភាពបំផ្លិចបំផ្លាញសង្គមជាតិដូច្នេះដែរ»។

អគ្គស្នងការរងនគរបាលជាតិ ​ទទួលបន្ទុកប្រឆាំងបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វីអូឌីថា ការផលិត កែច្នៃ ការជួញដូរ និងចែកចាយគ្រឿងញៀននៅកម្ពុជាសព្វថ្ងៃ មាន​ការកើនឡើង ​បើប្រៀបធៀបពេលកន្លងមក។ ជាក់ស្ដែង លោកថា ចាប់តាំង​​​ពី​ចុង​​ឆ្នាំ​២០២១ ដល់​ខែ​ឧសភា ឆ្នាំ២០២២​នេះ​ សមត្ថកិច្ច​​បាន​​បង្ក្រាប​និងរឹបអូសគ្រឿង​​ញៀនប្រមាណ៥​តោន និង​​សារធាតុគីមី​​ដែល​អាច​យក​មក​ផ្សំ​ជា​គ្រឿងញៀន​​ប្រហែល៤០០​​តោន​។

លោកថា៖ «ធម្មតាទេ! ពួកហ្នឹងប្រឹងប្រែង​លាក់​បាំង មិន​ទៅ​ចំហ​ដូច​យើង តែ​យើង​ក៏​ខំ​ប្រឹង​បង្រ្កាប​តាម​ជំនាញ​ប៉ូលិសដែរ។ អ៊ីចឹងការលំបាករបស់​យើង​ត្រង់​បច្ចេកទេស មធ្យោបាយយើងនៅស្ទើរដែរ តែបងប្អូននៅតែប្រឹងប្រែងតាមសមត្ថកិច្ចនិង​លទ្ធភាព​ ហើយ​ក៏មានការរួមផ្សំជួយ​ពីបណ្ដាប្រទេសជាមិត្ត។ មួយរយៈនេះមានការកើនឡើង មានការកើនឡើង ដោយសារ​ពួក​ឧក្រិដ្ឋជន​ប្រឹង​ប្រែង​ខំ​កែច្នែផលិត ដើម្បីនាំទៅប្រទេសទី៣ ​​ហើយយើងបង្ក្រាបនេះ គោលដៅរបស់វានាំទៅតៃ​វ៉ាន់»។

កាលពីថ្ងៃទី២២ ខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានចេញបញ្ជាផ្ទាល់​មាត់​ឱ្យស្ថាប័ន​ពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវចំពោះការអនុញ្ញាត​ឱ្យ​ក្រុមហ៊ុនមួយ​នាំ​ចូល​សារធាតុ​ផ្សំ​ជា​គ្រឿង​ញៀន​ជាង​១០០តោន​ចូល​មក​កម្ពុជា។

ការ​បញ្ជា​នេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចចុះបង្រ្កាបទីតាំងផលិតគ្រឿងញៀននៅក្រុមហ៊ុនចិនមួយ​​ឈ្មោះ «ស៊ិន​យីង​ហ្វេង» ដែលបាននាំសារធាតុគីមីផ្សំជាគ្រឿងញៀន​ជាង​១០០តោន​ចូល​កម្ពុជា ក្នុងនោះ ​ក្រុមហ៊ុនទទួលបាន​អាជ្ញាបណ្ណនាំចូល​មុខទំនិញ​ចំនួន​៤មុខ ប៉ុន្តែបាន​នាំ​ចូល​ដល់ទៅ​៨​មុខ។ ​ប៉ុន្តែចាប់តាំងពីលោក ស ខេង បញ្ជាមកដល់ថ្ងៃនេះ មិនទាន់ក្រសួងឬស្ថាប័នណាមួយចេញមុខទទួលខុសត្រូវចំពោះមុខច្បាប់ឡើយ។

យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានបង្ហាញការព្រួយបារម្ភចំពោះអនាគតអ្នកស្នងតំណែងប្រទេសជាតិ ដោយសារកុមារអាយុក្រោម១៨​ឆ្នាំ​មាន​ចំនួនច្រើន ត្រូវចាប់ឃុំខ្លួនជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន។ លោកបន្តថា បច្ចុប្បន្ន​ គ្រឿងញៀនកំពុងបំផ្លាញធនធានមនុស្សទាំង​​​​នេះ ដោយមិនទាន់មានថ្នាំ​ព្យាបាលនៅឡើយ។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយកាលពីខែមិថុនា ឆ្នាំ២០២១ បង្ហាញ​ថា កម្ពុជាគឺជាគោលដៅនៃក្រុមឧក្រិដ្ឋជន​ប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយបន្ត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ