អធិការបតី​អាល្លឺម៉ង់៖ លោក ពូទីន មិន​អាច​កំណត់​លក្ខខណ្ឌ​សន្តិភាព​សម្រាប់​អ៊ុយក្រែន​ឡើយ

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (ធ្វីតទ័រ៖ President of Russia)

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនឡើយ ហើយលោកប្រធានាធិបតីរុស្ស៊ី​ ​វ្លាឌីមៀរ ពូទីន ក៏មិនអាចកំណត់លក្ខ​ខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ​សម្រាប់អ៊ុយក្រែនផងដែរ។ នេះបើតាមការចុះផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុង​សុន្ទរកថាមួយនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទី​ក្រុងដាវ៉ូស (Davos) អធិការបតីអាល្លឺម៉ង់រូបនេះបន្តថា៖ «ខ្ញុំជឿជាក់ថា លោក ពូទីន ដាច់ខាតគឺនឹងមិនឈ្នះសង្រ្គាមរបស់ខ្លួនឡើយ ខណៈមហិច្ឆតា​ក្នុងការដណ្ដើមយកទឹកដីអ៊ុយក្រែន​ទាំងមូលមកគ្រប់គ្រងហាក់ដូចជានៅឆ្ងាយខ្លាំងណាស់»។

ស្របពេលដែលមានភាគីមួយចំនួនបានលើកឡើងថា អ៊ុយក្រែនគួរតែចូលតុចរចាជាមួយលោក​ ពូទីន នោះ លោក Olaf Scholz បានច្រានចោលគំនិតនៃការអនុញ្ញាតឱ្យលោក ពូទីន ជាបុគ្គល​ដែល​កំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ។

លោកបន្ថែមថា៖ «លក្ខខណ្ឌសន្តិភាពមិនត្រូវមានការកំណត់ឡើយ។ អ៊ុយក្រែន​នឹង​មិន​ទទួល​យកករណី​នេះ​ឡើយ ហើយ​យើង​ក៏​នឹង​មិន​ទទួល​យក​ដូចគ្នា»។

ជាវិធានការមួយក្នុងការធ្វើឱ្យសេដ្ឋកិច្ច និងសង្រ្គាមរបស់រុស្ស៊ីចុះខ្សោយ លោក Olaf Scholz បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់នឹងបញ្ចប់ការនាំចូលប្រេងពីរុស្ស៊ីនៅចុងឆ្នាំ​២០២២​នេះ​ ហើយ​ថែមទាំងកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីផងដែរ។

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន ​លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី កាលពីដើមសប្ដាហ៍នេះ ធ្លាប់​បានលើកឡើងថា មានតែប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន ប៉ុណ្ណោះ ដែលលោកមាន​បំណង​ចប់ជួប​ ដើម្បីពិភាក្សាអំពីដំណោះស្រាយបញ្ចប់សង្រ្គាម ហើយក្នុងនោះប្រធានបទ​នៃជំនួបដែលលោកនឹងចូលរួម គឺទាល់តែទាក់ទងនឹងការបញ្ឈប់សង្រ្គាមរវាងប្រទេសទាំងពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ