អ.ស.ប ប្រកាស​ថា​ខ្លួន​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​ឃុំសង្កាត់​ឆ្នាំ២០២២​នេះទេ

សកម្មភាពជ្រលក់ដៃនឹងទឹកខ្មៅ ក្នុងថ្ងៃដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការ​សហប្រជាជាតិ (អ.ស.ប) ប្រចាំកម្ពុជា ​អះអាង​ថា អង្គការអន្តរជាតិមួយ​នេះមិន​បាន​​ផ្ដល់​​ការ​​គាំទ្រ ឬចូលរួម​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​នៅ​ឆ្នាំ​២០២២នេះទេ តែនឹងបន្តតាមដានដោយយកចិត្តទុកដាក់។

ប្រធាន​អង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី ផូលីន តាម៉េស៊ីស (Ms Pauline Tamesis) បានសរសេរសារបែបនេះ ដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែឧសភា។

យ៉ាងណាក្តី លោកស្រីបានអំពាវនាវឱ្យរាជរដ្ឋាភិបាលកម្ពុជា មេដឹកនាំ​គណបក្ស​​នយោ​បាយ ព្រមទាំងអ្នកគាំទ្ររបស់ពួកគេ​ទាំង​អស់ ចូល​រួម​ធានាឱ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោតមួយ​ប្រកប​ដោយ​បរិ​យា​បន្ន ស្មោះត្រង់ និងសន្តិវិធី ក្នុងក្របខណ្ឌនៃការគោរពសិទ្ធិមនុស្សឱ្យ​​បានពេញលេញ។ លោកស្រីបន្តថា នៅក្នុង​បរិការណ៍​នេះ មាន​សារៈ​សំខាន់​ណាស់សម្រាប់​ឆ្លុះ​បញ្ចាំងពីការសម្ដែងឆន្ទៈដោយសេរីរបស់ប្រជាពលរដ្ឋកម្ពុជា។

អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃ​​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយសេរី ​និង​​យុត្តិធម៌​​នៅកម្ពុជា​ (ខុមហ្រ្វែល) លោក កន សាវាង្ស ថ្លែងថា លោក​មិន​បាន​ដឹង​ពីមូល​ហេតុ​នៅ​ពីក្រោយនៃការប្រកាសរបស់ប្រធាន​អង្គការសហប្រជាជាតិប្រចាំកម្ពុជានេះទេ។ ប៉ុន្តែលោកថា ការប្រកាសបែបនេះទំនងបណ្ដាលមកពីការបាត់បង់ទំនុកចិត្តលើការរៀបចំការបោះឆ្នោតនៅកម្ពុជា ចាប់តាំងពីមានការរំលាយគណបក្សសង្គ្រោះជាតិ​ដែល​ជា​គណបក្ស​​ប្រឆាំង​​​កាល​ពី​ឆ្នាំ២០១៧​មក។

លោកថា៖ «ខ្ញុំពិបាកក្នុងការបកស្រាយនូវដើមហេតុរបស់គេ [អ.ស.ប] ណាស់ ប៉ុន្តែជាទូទៅ អង្គការសហប្រជាជាតិ ទាំងសហគមន៍អឺរ៉ុប ទាំងសហរដ្ឋអាមេរិក ឬក៏ប្រទេសអន្តរជាតិផ្សេងៗ គេតែងតែដិតដល់ក្នុងការតាមដាននៅក្នុងដំណើររឿងទាក់ទងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសក្រោយពីមាន​ការរំលាយគណបក្សនយោបាយ ជាពិសេសគណបក្សសង្គ្រោះ​ជាតិ ដែល​ទាំង​សហគមន៍អន្តរជាតិក៏ដោយ ទាំងអង្គការសិទ្ធិមនុស្សក៏ដោយ តែងតែរម្លឹក​ឱ្យរាជរដ្ឋាភិបាល​មាន​ការ​ស្ដារឬងាកមករកគន្លងលទ្ធិប្រជាធិបតេយ្យ ឬការបោះឆ្នោត​ហ្នឹងឱ្យមានការចូលរួមពីគណបក្សដែលប្រឆាំងហ្នឹង ជាពិសេសឱ្យដំណើរការហ្នឹងគោរព​តាមលទ្ធិប្រជាធិបតេយ្យ»

សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២០ ខែឧសភា ក៏បានប្រកាសស្រដៀងគ្នានេះដែរថា សហភាពអឺរ៉ុបនឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតឃុំ​សង្កាត់ ​អាណត្តិ​ទី៥​ ឆ្នាំ២០២២​នេះ​ទេ ក៏​ប៉ុន្តែ​ពួក​គេ​នឹងបន្តតាមដានដោយយកចិត្តទុកដាក់ចំពោះដំណើរការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជានេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ​ហង្ស ពុទ្ធា ​ថ្លែង​​ថា ការ​ប្រកាស​របស់​ភាគីអង្គការសហប្រជាជាតិនេះ មិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនៅកម្ពុជានោះទេ។

លោកថា៖ «ជាការពិត ភាគីអន្តរជាតិជាភាគីសំខាន់ ប៉ុន្តែអ្វីដែលកំណត់ពីជោគវាសនារបស់ប្រទេសកម្ពុជា គឺ​ប្រជាពលរដ្ឋកម្ពុជា ដែលលោកជាម្ចាស់ឆ្នោតផ្ទាល់ គណបក្សនយោបាយដែលលោក​ជាអ្នកឈរ​ឈ្មោះ លោក​ពេញចិត្តក្នុងការប្រកួតប្រជែង​ ហើយការរៀបចំបម្រើសេវា​បោះឆ្នោត​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងភាគីពាក់ព័ន្ធផ្សេងទៀត នោះគឺជាស្ថានភាពចាំបាច់ដែលត្រូវធ្វើការវាយតម្លៃថាតើការបោះឆ្នោតនេះប្រព្រឹត្តទៅ​ដូច​ម្តេច។ អ៊ីចឹង​ចំពោះ​ទស្សនៈឬ​ក៏ការ​ប្រកាស​ព័ត៌​មាន​របស់​ស្ថាប័ន​ផ្សេងៗ​ ឬក៏ស្ថាប័ន​អន្តរ​​ជាតិ​ណាមួយ​នោះ នោះគឺជាការលើកឡើងជាមតិដោយឡែក មិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះទេ»។

បើតាមលោក ហង្ស ពុទ្ធ កម្ពុជាបានចំណាយថវិកា​សម្រាប់រៀបចំការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ២០២២នេះ​ជាង៤០លានដុល្លារ។

ចាប់តាំងពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧មក សហភាពអឺរ៉ុប សហរដ្ឋ​អាមេរិក និងអង្គការអន្តរជាតិមួយចំនួនបានប្រកាសផ្តាច់ជំនួយជាបន្តបន្ទាប់ដល់ស្ថាប័នរៀប​ចំការបោះឆ្នោត (គ.ជ.ប) និង​អង្គការសង្គមស៊ីវិលដែលធ្វើការងារលើការបោះឆ្នោតនៅកម្ពុជាផងដែរ។

ដោយឡែក កាលពីថ្ងៃទី៥ ខែឧសភា សភាសហភាពអឺរ៉ុបក៏បានអនុម័តលើញត្តិមួយថ្មីបន្ថែម​ទៀត ដោយ​អំពាវនាវឱ្យប្រទេសជាសមាជិកអឺរ៉ុបទាំង២៧ ឱ្យបន្តដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា ដោយដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ទាំងស្រុងពីកម្ពុជា ប្រសិនបើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅឆ្នាំ​២០២៣ខាង​មុខ​នេះ ត្រូវ​បាន​គេរកឃើញថា គ្មានភាព​សេរី ត្រឹមត្រូវ និងយុត្តិធ៌ម។

គិតត្រឹមថ្ងៃទី២៧ ខែឧសភា​នេះ គ.ជ.ប មិន​ទាន់​មាន​អ្នក​សង្កេត​ការណ៍​អន្តរ​ជាតិ​ស្នើ​សុំ​ចូល​រួម​សង្កេត​ការណ៍​បោះ​ឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២នេះទេ គឺមានតែភ្ញៀវពិសេស [ឃ្លាំមើលតែមិនវាយតម្លៃ] មកពីស្ថានទូតជប៉ុន សហភាពអឺរ៉ុប និងស្ថានទូត​អូស្ត្រាលី តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ