រដ្ឋាភិបាលកម្ពុជាកំពុងត្រៀមរៀបចំពិធីទទួលស្វាគមន៍ដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក ឬ FIFA WOROLD CUP Trophy Tour ដែលនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា ពានរង្វាន់បាល់ទាត់ពិភពលោក (FIFA WOROLD CUP) នេះ នឹងត្រូវរៀបចំក្បួនដង្ហែពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព ដោយមានការរងចាំទទួលស្វាគមន៍ដោយផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រៅពីនេះ ពានរង្វាន់បាល់ទាត់ពិភពលោកនេះ នឹងត្រូវដាក់បង្ហាញនិងថតរូបជាអនុស្សាវរីយ៍នៅឯពហុកីឡាដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោង១រសៀលដល់ម៉ោង១០យប់។
កម្ពុជាបានចាត់ទុកការមកដល់ដំណើរគោចរនៃពានរង្វាន់បាល់ទាត់ពិភពលោកនេះថា ជាមោទនភាពជាតិដ៏វិសេសវិសាលដែលបានទទួលព្រឹត្តិការណ៍នៃដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោកជាលើកទី១ មកដល់កម្ពុជា ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់ពិភពលោក (World Cup) ដែលនឹងធ្វើឡើងនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។
ដំណើរទេសចរណ៍ពានរង្វាន់ FIFA WORLD CUP Trophy Tour នឹងធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ៥១ ដើម្បីតាំងពិពណ៌ មុនទៅដល់ប្រទេសកាតា ជាទីនៃការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក WORLD CUP ឆ្នាំ២០២២ ដោយមានប្រទេសចំនួន៣២ចូលរួម។ បច្ចុប្បន្នពានរង្វាន់នេះ កំពុងស្ថិតនៅក្នុងប្រទេសកេនយ៉ា និងត្រៀមបន្តដំណើរទៅកាន់ទ្វីបអាហ្រ្វិកខាងត្បូង មុននឹងមកដល់កម្ពុជា។
សម្រាប់ក្រុមបាល់ទាត់កម្ពុជា បានធ្លាក់ចេញពីការប្រកួតជម្រុះនេះ នៅត្រឹមជុំទី២នៃពូល C ក្នុងការប្រកួតជម្រុះប្រចាំទ្វីបអាស៊ី កាលពីអំឡុងខែឧសភា ឆ្នាំមុន៕