ក្រសួងសុខាភិបាលបានប្រកាសថា រយៈពេល២២ថ្ងៃជាប់ៗគ្នាមកហើយ ដែលកម្ពុជាមិនមានករណីអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីនោះឡើយ ហើយករណីអ្នកស្លាប់ថ្មីដោយសារជំងឺនេះក៏គ្មាននោះដែរ។
ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ថា មិនមានអ្នកឆ្លងកូវីដ-១៩ នោះទេកាលពីម្សិលមិញ ខណៈអ្នកជំងឺជាសះស្បើយ និងអ្នកស្លាប់ថ្មីក៏គ្មាននោះដែរ។
ក្រសួងបានប្រកាសថា គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀតនេះ បានធ្វើឱ្យកម្ពុជាមិនមានអ្នកឆ្លងជំងឺនេះរយៈពេល២២ថ្ងៃជាប់ៗគ្នា ដែលមិនមានអ្នកឆ្លងជំងឺនេះ ដោយគិតចាប់ពីថ្ងៃទី៦ ខែឧសភាមក។
កម្ពុជា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ដំបូងកាលពីខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិនមួយរូប ដែលបានធ្វើដំណើរចេញពីទីក្រុងវូហាន ប្រទេសចិន ជាទីតាំងផ្ទុះជំងឺផ្លូវដង្ហើមមួយនេះដំបូងកាលពីចុងឆ្នាំ២០១៩។
គិតត្រឹមព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួន១៣៦ ២៦២នាក់ ហើយអ្នកជាសះស្បើយសរុបចំនួន ១៣៣ ២០១នាក់ និងអ្នកស្លាប់សរុបចំនួន ៣ ០៥៦នាក់៕









