បក្ស​ភ្លើង​ទៀន​ប្រកាស​​​ថា​ ​មិន​ពាក់​ព័ន្ធ​​​ការ​ឃោសនា​របស់​បក្ស​នេះ​ពីសំណាក់​ថ្នាក់​ដឹក​នាំ​​CNRP​នៅ​ក្រៅ​ប្រទេស​​

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សភ្លើងទៀនបានប្រកាសជាសាធារណៈថា ខ្លួនមិនមានទំនាក់ទំនង ឬពាក់ព័ន្ធនឹងការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់គណបក្សនេះ ពីសំណាក់ថ្នាក់ដឹកនាំនៅក្រៅប្រទេសនៃគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយនោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បានសង្កេតឃើញថា ក្នុងរយៈពេលថ្មីៗនេះ មានការផ្សព្វផ្សាយនូវសកម្មភាពឃោសនារបស់គណបក្សភ្លើងទៀន ពីសំណាក់ថ្នាក់ដឹកនាំមួយចំនួន នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយ និងមជ្ឈដ្ឋាននានា នៅក្រៅប្រទេស ដែលនាំឱ្យមានការភាន់ច្រឡំពីសំណាក់មតិសាធារណជនចំពោះគណបក្សភ្លើងទៀន។

ករណីនេះ គណបក្សភ្លើងទៀន អះអាងថា ខ្លួនមិនមានទំនាក់ទំនង និងមិនមានការជាប់ពាក់ព័ន្ធនឹងសកម្មភាពឃោសនារបស់ថ្នាក់ដឹកនាំមួយចំនួន នៃគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ដែលត្រូវបានតុលាការរំលាយនោះទេ ដោយថាបក្សនេះជាបក្សស្របច្បាប់ និងតែងគោរពរដ្ឋធម្មនុញ្ញជានិច្ច។

សេចក្តីថ្លែងការណ៍បន្តថា៖ «គណបក្សភ្លើងទៀន សូមប្រកាសជាសាធារណៈថា គណបក្សភ្លើងទៀន មិនមានទំនាក់ទំនង  និងមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពទាំងអស់ខាងលើនេះទេ។ គណបក្សភ្លើងទៀន ជាគណបក្សស្របច្បាប់ ដែលតែងតែគោរពយ៉ាងខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាននានាក្នុងព្រះរាជាណាចក្រកម្ពុជា»។

បន្ថែមពីនេះ គណបក្សភ្លើងទៀន បានណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ដែលទទួលបានការតែងតាំងជាផ្លូវការ អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសកម្មភាពឃោសនាបោះឆ្នោត ស្របតាមច្បាប់បោះឆ្នោត បទបញ្ជា នីតិវិធីនៃការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ រួមទាំងសេចក្តីណែនាំពាក់ព័ន្ធផ្សេងៗរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផងដែរ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀនគឺ​ គ្រាន់តែជាលេសដោះសារ និងដើម្បីការពារខ្លួនតែប៉ុណ្ណោះ។

ប៉ុន្តែលោក សុខ ឥសាន បញ្ជាក់ថា ដើម្បីវាយតម្លៃថា គណបក្សភ្លើងទៀន មានទំនាក់ទំនង និងជាប់ពាក់ព័ន្ធជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ឬមិនជាប់ពាក់ព័ន្ធ ទុកឱ្យសមត្ថកិច្ច និងស្ថាប័នអនុវត្តច្បាប់សិក្សាស្រាវជ្រាវលើអង្គហេតុជាក់ស្តែងវិញ។

លោកមានប្រសាសន៍ថា៖ «កត្តាកំណត់ [បក្សភ្លើងទៀន មានទំនាក់ទំនង ឬជាប់ពាក់ព័ន្ធ] អាស្រ័យលើសមត្ថកិច្ច ហើយតុលាការ ដែលជាអាជ្ញាកណ្តាល មានតួនាទី ភារកិច្ច ដើម្បីវាយតម្លៃ សន្និដ្ឋានចុងក្រោយ ផ្អែកទៅលើទង្វើ ឬពិរុទ្ធភាព ថាតើ វាមានឬក៏អត់»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា សេចក្តី ថ្លែងការណ៍របស់គណបក្សភ្លើងទៀនពេលនេះ ដើម្បីការពារខ្លួនខ្លាចមានការចោទប្រកាន់ពីភាគីគណបក្សនយោបាយណាមួយ ធ្វើឱ្យប៉ះពាល់ដល់គណបក្សមួយនេះ ដែលអាចប្រឈម​ផ្លូវច្បាប់ជាដើម។

ករណីនេះ លោក សេក សុជាតិ ផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់បញ្ហាប្រឈមទាំងនោះបាន លុះត្រាតែជា លោក សម រង្ស៊ី ដែលជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ​និងគូកន ឈប់ធ្វើសកម្មភាពឃោនារកសំឡេងឆ្នោតជូនគណបក្សភ្លើងទៀន និង​ប្រកាសជាសាធារណៈថា ពួកគេមិនជាប់ពាក់ព័ន្ធជាមួយបក្សនេះជាដើម។

លោកផ្តល់ជាអនុសាសន៍ថា៖ «បើសិនជាមេដឹកនាំបក្សប្រឆាំង ជាប់ឈ្មោះជាទណ្ឌិត ចង់ឱ្យគណបក្សភ្លើងទៀន ក្លាយទៅជាគណបក្សមួយដែលខ្លាំង ហើយអាចយកទៅប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន ត្រូវលះបង់ និងឈប់ប្រើប្រាស់រូបភាព[ឃោសនាផ្សារភ្ជាប់ជាមួយបក្សភ្លើងទៀន]បែបហ្នឹង»។

លោកបន្ថែមថា៖ «ហើយថ្នាក់ដឹកនាំជាទណ្ឌិត ត្រូវធ្វើសេចក្តីជូនដំណឹងប្រកាសជាផ្លូវការណាមួយ ដើម្បីបង្ហាញអំពីអ្វីដែលខ្លួនធ្វើ មិនជាប់ពាក់ព័ន្ធជាមួយនឹងគណបក្សភ្លើងទៀនទេ។ ធ្វើការបកស្រាយឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានការយល់ច្រឡំ ហើយបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលពាក់ព័ន្ធជាមួយនឹងបក្សភ្លើងទៀន ដើម្បីកុំឱ្យមានបញ្ហាចោទប្រកាន់ ឬផ្លូវច្បាប់ជាមួយគណបក្សដទៃ»។

យុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សនយោបាយទាំង ១៧ដែលបានចុះឈ្មោះប្រកួតប្រជែង បានចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ហើយនឹងត្រូវបិទបញ្ចប់ត្រឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២។

តាមប្រតិទិនរបស់ គ.ជ.ប បានកំណត់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ