កម្មករ​សំណង់​៣០០នាក់​នៅ​ខេត្តព្រះសីហនុ​ផ្ទុះ​ការ​តវ៉ា ក្រោយ​ពី​ជនជាតិចិន​មិន​បើក​ប្រាក់ឈ្នួល​ឱ្យ​ពួកគេ

កម្មករសំណង់​​ប្រមាណ៣០០នាក់ បម្រើ​ការ​ងារ​នៅ​ការ​ដ្ឋាន​សំណង់​ចិន​មួយ​កន្លែង​ស្ថិត​ភូមិ​៣​ សង្កាត់លេខ​៤ ក្រុង​ព្រះសីហនុ បាន​ផ្ទុះការតវ៉ា ក្រោយម្ចាស់សំណង់ជាជនជាតិចិន​មិនបានបើកប្រាក់ឈ្នួលជូនពួកគេ។ (ផ្ដល់ឱ្យ)

កម្មករសំណង់​​ប្រមាណ៣០០នាក់ បម្រើ​ការ​ងារ​នៅ​ការ​ដ្ឋាន​សំណង់​ចិន​មួយ​កន្លែង​ស្ថិត​ភូមិ​៣​ សង្កាត់លេខ​៤ ក្រុង​ព្រះសីហនុ បាន​ផ្ទុះការតវ៉ា ក្រោយម្ចាស់សំណង់ជាជនជាតិចិន​មិនបានបើកប្រាក់ឈ្នួលជូនពួកគេ។

កម្មករសំណង់មួយរូបដែលអះអាងថាកំពុងតវ៉ាជាមួយ​កម្មករ​សំណង់ផ្សេងទៀត អ្នកស្រី ម៉ែន និត ប្រាប់វីអូឌីនៅថ្ងៃចន្ទ​នេះ​ថា ក្រុមកម្មករប្រមាណ៣០០នាក់បានផ្ទុះ​ការតវ៉ា កាលពីថ្ងៃម្សិលមិញ និងនៅថ្ងៃចន្ទនេះ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​ឈ្នួល​​ដែលម្ចាស់​​​សំណង់​ជាជន​ជាតិ​ចិន​បាន​​ខក​ខាន​បើកជូនពួកគាត់រយៈពេល៤ខែមក​ហើយ​​។ អ្នក​ស្រី​អះ​អាង​ថា ម្ចាស់​សំណង់​បាន​ជំពាក់​ប្រាក់​ឈ្នួល​កម្មករ និងអ្នកម៉ៅការសំណង់​រាប់ម៉ឺនដុល្លារ។

អ្នកស្រី​​បញ្ជាក់ថា ក្នុងរយៈពេល​៤ខែ​មក​នេះ ម្ចាស់សំណង់​ជំពាក់​ប្រាក់ឈ្នួលអ្នកស្រីប្រហែល៣ ០០០ដុល្លារ។ ស្ត្រីរូបនេះ​អះ​អាងទៀត​​ថា ពេលកម្មករផ្ទុះការតវ៉ា ជនជាតិចិន​​បានបាញ់គំរាមនិងប្រើហិង្សាលើកម្មករថែមទៀត ខណៈការតវ៉ានោះពុំមាន​អាជ្ញាធរឬសមត្ថកិច្ចណាចុះជួយដោះស្រាយឡើយ។

អ្នកស្រីបន្ថែមថា៖ «ចិនវាបានបង្ខំពួកខ្ញុំឱ្យធ្វើការងារទាំងយប់​ទាំងថ្ងៃ​ ឱ្យធ្វើការឱ្យវាឱ្យឆាប់ហើយ ចាំវាបើកលុយសរុបមកឱ្យ ប៉ុន្តែពេលដល់ថ្ងៃដល់ខែ វាអត់បើកលុយឱ្យពួកខ្ញុំទេ បង្ខំពួកខ្ញុំឱ្យធ្វើការយប់ ជួលកាលដល់​ម៉ោង១ឬម៉ោង២[ទៀបភ្លឺ]។ បងចាំជួយ​ប្រាប់​ឱ្យ​ចុះ​មក​មើលតិចមក ព្រោះមិញ​ហ្នឹងចិនវាបានវាយកម្មករខ្មែរយើង ​ហើយ​មុន​ហ្នឹងវាបានបាញ់កាំភ្លើង​ចុះ​មកក្រោម»

អ្នក​ស្រី សុខ សេរីសោភ័ណ្ឌ ដែលអះអាងថាជាមេការសំណង់​នៅអគារការដ្ឋានរបស់ជនជាតិចិននោះ បានឱ្យដឹងដែរ​ថា ម្ចាស់​សំណង់​ជាជនជាតិចិន​បានជំពាក់លុយអ្នកស្រីចំនួន​៤៥ម៉ឺនដុល្លារ ដែលធ្វើឱ្យអ្នកស្រីគ្មានលុយសម្រាប់បើកជូនកម្មករ​បន្ត។ អ្នកស្រី​ថា មន្ត្រីមន្ទីរការងារខេត្តព្រះសីហនុបានចុះទៅ​ដោះស្រាយដែរ​កាលពីថ្ងៃ​ម្សិល​មិញ ប៉ុន្តែពុំមានដំណោះស្រាយណាមួយសម្រាប់កម្មករឡើយ។

មេការសំណង់​រូបនេះបានស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ​ចុះសម្របសម្រួល និងជួយរកដំណោះស្រាយជូនកម្មករ ដោយថា​ពួកគេកំពុងជួបការខ្វះខាត​​លើការចំណាយផ្សេងៗក្នុងគ្រួសារ។

អ្នកស្រីបន្ថែមថា៖ «ចិនគាត់អត់បើកលុយក្រុមហ៊ុនខ្ញុំទេ ឥលូវកម្មករតវ៉ាហើយ ខ្ញុំក៏អត់មានលុយបើកឱ្យកម្មករដែរ»

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា ពិត​ជា​មាន​ករណី​កម្មករសំណង់​ផ្ទុះការតវ៉ាមែន ប៉ុន្តែ​ពុំមាន​ហិង្សានិងផ្ទុះអាវុធដូចការលើកឡើងរបស់កម្មករឡើយ។ លោកថា មន្ត្រីជំនាញកំពុងដោះស្រាយករណីនេះ។

ប្រធាន​មន្ទីរ​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុ​ លោក យ៉ូវ ខេមរា មានប្រសាសន៍ថា វិវាទការងារនេះកើតឡើង​រវាង​ម្ចាស់ការដ្ឋាននិងអ្នកម៉ៅការបន្ត ហើយកម្មករដែលកំពុងតវ៉ានោះជាកម្មកររបស់អ្នកម៉ៅការបន្ត។

លោក​បន្តថា អ្នកដែលតវ៉ាមួយចំនួន​បាន​បន្លំ​ខ្លួន​ធ្វើ​ជា​កម្មករ ដើម្បីទាមទារប្រាក់ឈ្នួលដែរ ដែលបញ្ហានេះធ្វើឱ្យមន្ទីរការងារពិបាក​ក្នុងការដោះស្រាយ។ ទោះយ៉ាងណា លោកថា អាជ្ញាធរកំពុង​ស្រាវជ្រាវរកអ្នកដែលបន្លំខ្លួន ដើម្បីឈានទៅរកការដោះ​ស្រាយ​បញ្ចប់។

លោកបន្ថែមថា៖ «ដល់ពេលអ៊ីចឹងទៅ យើងត្រូវចំណាយពេលសម្ភាសម្នាក់៤ទៅ៥នាទី ដើម្បីញែក​ថា កម្មករ​ណាធ្វើ​ការ​ងារ​នៅ​ហ្នឹង កម្មករ​ណាម​ក​ពី​ខាង​ក្រៅ​បន្លំ។ អ៊ីចឹងយើងរកឃើញប្រហែល​៥ទៅ៦នាក់ ហើយខាងសមត្ថកិច្ចគាត់ហៅទៅសួរ​នាំបន្ថែមតាមនីតិវិធីហ្នឹង។ បើយើងអត់ប្រើវិធីសាស្ត្រញែកហ្នឹងទេ គឺដោះស្រាយអត់ចប់ទេ។ ក្រោយពីញែកឃើញអស់ហើយ ម្ចាស់ការដ្ឋាន​គាត់នឹងវាស់ទៅលើទំហំការងារ​ដែលអ្នកម៉ៅការគាត់បានធ្វើ ហើយ​គាត់នឹងទូទាត់លុយឱ្យកម្មករមុនជា​បឋម»

ប្រធាន​សហព័ន្ធសហជីពកម្មករសំណង់ និង​ព្រៃឈើកម្ពុជា (BWTUC) លោក សុខ គីន យល់ថា ករណីម្ចាស់ការដ្ឋាន​មិនបើកប្រាក់ឈ្នួលជូនកម្មករសំណង់នេះ ជាការធ្វេសប្រហែស និងជាការមិនសូវយកចិត្តទុកដាក់របស់អាជ្ញាធរពាក់ព័ន្ធ​ ដែលនេះជាបញ្ហាប្រឈមមួយទៀតរបស់កម្មករសំណង់។

លោ សុខ គីន ស្នើដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរការងារខេត្ត​ដោះស្រាយបញ្ហានេះឱ្យមាន​​តម្លាភាព​យុត្តិធម៌​សម្រាប់កម្មករ​ដែល​រង​ទុក្ខ​លំបាក។ លោក​ថា បើដោះស្រាយមិនបានល្អទេ នោះ​នឹងបង្កជាទម្លាប់អាក្រក់របស់និយោជកក្នុងការកេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​កម្មករ។

លោកបន្ថែមថា៖ «នេះវាជាបញ្ហាប្រឈមមួយរបស់កម្មករសំណង់ គាត់ធ្វើការមួយថ្ងៃ គាត់ហូបមួយថ្ងៃ ហើយរហូតដល់៣ទៅ៤ខែ​ អត់បើក​ប្រាក់ឈ្នួលឱ្យគាត់ ហើយថែមទាំងប្រើអំពើហិង្សាលើគាត់ទៀត។ អានេះខ្ញុំថាវាជាអំពើមួយខុសច្បាប់ទាំង​ស្រុង​តែម្តង។ កម្មករសំណង់គាត់ធ្វើការដោយដូរកម្លាំងពលកម្មយកប្រាក់ឈ្នួល អ៊ីចឹងគាត់អត់ទាមទារអីឱ្យលើសពីប្រាក់ឈ្នួល​របស់​ពួក​គាត់​ទេ»

បើតាមប្រធានសហព័ន្ធសហជីពរូបនេះ បច្ចុប្បន្ននេះ កម្មករសំណង់កំពុងប្រឈមបញ្ហាចំនួន៣ រួមមាន​ បញ្ហាប្រាក់ឈ្នួល បញ្ហា​គ្រោះថ្នាក់ការងារ និងប្រព័ន្ធគាំពារសង្គម​ ដូចជា ​គ្មានបណ្ណ​ ប.ស.ស ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ