ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានឱ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញថា ការបាញ់គ្រាប់ផ្លោងរបស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងអស់ក្នុងទីក្រុង Sievierodonetsk ដោយលោកថា ការវាយដណ្ដើមយកទីក្រុងក្នុងតំបន់ភាគខាងកើតអ៊ុយក្រែនមួយនេះបច្ចុប្បន្ន គឺជាគោលដៅដ៏សំខាន់របស់រុស្ស៊ី។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្នុងសុន្ទរកថាតាមរយៈទូរទស្សន៍ក្នុងស្រុកមួយ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានថ្លែងថា៖ «ជាលទ្ធផលនៃការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Sievierodonetsk ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ទីក្រុងមួយនេះទាំងអស់ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង ហើយក្នុងនោះជាងពីរភាគបីនៃអាគារលំនៅដ្ឋានក្នុងទីក្រុងត្រូវបានបំផ្លាញ»។
លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បន្ថែមថា៖ «ការដណ្ដើមយកទីក្រុង Sievierodonetsk ទាំងមូលមកកាន់កាប់ គឺជាគោលដៅចម្បងមួយរបស់ពួកគេ [កងទ័ពរុស្ស៊ី]។
គួរបញ្ជាក់ថា ក្រៅពីទីក្រុង Sievierodonetsk ក្នុងនោះគេសង្កេតឃើញមានតំបន់ឧស្សាហកម្មដុនបាស (Donbas) កាលពីពេលថ្មីៗនេះ ក៏ត្រូវបានវាយបំផ្លាញទាំងស្រុងដោយកងកម្លាំងរុស្ស៊ីផងដែរ។
ទាក់ទិននឹងករណីនេះ ប្រធានាធិបតីអ៊ុយក្រែនបានចោទប្រកាន់កងកម្លាំងរុស្ស៊ីពីការប៉ុនប៉ងសម្លាប់ជនជាតិអ៊ុយក្រែន ធ្វើឱ្យខូចខាតកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងចាត់ទុកសកម្មភាពរបស់រុស្ស៊ីនេះថាជាការប្រព្រឹត្តអំពើប្រល័យពូជសាសន៍៕