មន្ត្រីអាកាសយានដ្ឋានមួយរូបបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសនេប៉ាល់ គិតរហូតមកដល់ពេលនេះ បានរកឃើញសាកសពចំនួន១៤នាក់ហើយ ពីទីតាំងធ្លាក់យន្តហោះខ្នាតតូចមួយផ្ទុកមនុស្សសរុបចំនួន២២នាក់ ដែលបានធ្លាក់នៅក្នុងតំបន់ជួរភ្នំ ក្បែរព្រំដែនប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទាក់ទិននឹងករណីនេះ លោក Tek Raj Sitaula អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Tribhuvan International Airport ក្នុងរដ្ឋធានី Kathmandu ប្រទេសនេប៉ាល់ បានបន្ថែមថា៖ «ប្រតិបត្តិការស្វែងរកអ្នកដំណើរផ្សេងទៀតកំពុងតែបន្តធ្វើឡើង»។
ប៉ុន្តែ អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់ លោក Deo Chandra Lal Karna បានថ្លែងថា៖ «ឱកាសក្នុងការស្វែងរកអ្នកដែលនៅរស់រានមានជីវិតក្នុងករណីនេះ គឺតិចតួចខ្លាំងណាស់»។
គួរបញ្ជាក់ថា យន្តហោះខ្នាតតូចប្រភេទ De Havilland Canada DHC-6-300 Twin Otter បានហោះចេញដំណើរដំបូងចេញពីទីក្រុងទេសចរណ៍ Pokhara ដែលមានចម្ងាយ១២៥គីឡូម៉ែត្រពីភាគខាងលិចនៃទីក្រុង Kathmandu កាលពីព្រឹកថ្ងៃអាទិត្យ។
យន្តហោះនេះមានគោលដៅឆ្ពោះទៅកាន់តំបន់ Jomsom ជាទីតាំងទេសចរណ៍ដ៏ពេញនិយមមួយដែលមានចម្ងាយប្រមាណជា៨០គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Pokhara ហើយជាធម្មតាការហោះហើរមានរយៈពេល២០នាទី។
ទោះជាយ៉ាងណា យន្តហោះដែលផ្ទុកជនជាតិឥណ្ឌា៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់នេះ បានបាត់ទំនាក់ទំនងចេញពីបណ្ដាញ៥នាទីមុនពេលចុះចត ដែលបន្ទាប់មកក៏ត្រូវបានប្រទះឃើញដោយកងទ័ពនេប៉ាល់ថាធ្លាក់នៅព្រឹកថ្ងៃចន្ទនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីក្រុមហ៊ុនអាកាសចរណ៍៕