លោក ស ខេង អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​មាន​ភាព​ចាស់ទុំ​ខាង​នយោបាយ បើ​ទោះ​ជា​អ្នកឈ្នះ​ការបោះឆ្នោត​មក​ពី​បក្សប្រឆាំង

លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ចុះជួបសំណេះសំណាលនិងសួរសុខទុក្ខសមាជិក-សមាជិកា សកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងឃុំអំពិលក្រៅ និងស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេង)

អនុប្រធានគណបក្សកាន់អំណាច និងជា​​រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវ​​ដល់គ្រប់​ភាគីពាក់ព័ន្ធ ត្រូវគោរពសិទ្ធិ​នយោ​បាយ​ឱ្យ​បានពេញលេញតាមគោលការណ៍ប្រជាធិប​តេយ្យ បើទោះជាគណបក្សនយោ​បាយ​​ដែល​ឈ្នះ​ការ​បោះឆ្នោតឃុំសង្កាត់​​ និងឈានទៅដឹកនាំរដ្ឋបាលនៅថ្នាក់ក្រោមជាតិ មកពីកូតាគណបក្សប្រឆាំងក្ដី។

ការអំពាវនាវនេះបានធ្វើឡើង​​នៅចំ​​ពោះមុខ​​​​អ្នកគាំទ្រ​​របស់​​ខ្លួន​ ក្នុង​​ស្រុក​​ស៊ី​​ធ​រ​កណ្ដាល ខេត្ត​ព្រៃ​វែង កាលពីថ្ងៃទី២៨ ខែ​ឧសភា ឆ្នាំ២០២២។

បើតាម​លោក ស ខេង ប្រទេសដែលប្រកាន់គោលការណ៍ប្រជាធិបតេយ្យ ការ​មិន​គោរព​សិទ្ធិ​ខាង​ន​​យោ​​​បាយជាទង្វើផ្ទុយនឹងច្បាប់ បើទោះជាខ្លួនមិនបានបោះឆ្នោត​គាំទ្រ​បក្ស​ក្រៅ​រដ្ឋា​ភិ​បាល​​​​ឱ្យ​​​ដឹក​​​​​នាំ​យ៉ាងណាក្ដី។ តែយ៉ាងណា លោកថា តាមរយៈការបោះឆ្នោត គណបក្ស​ដែល​ឈ្នះ​នូវ​ការ​គាំទ្រ គឺមា​ន​សិទ្ធិ​ពេញ​​​លេញ​ក្នុង​​​​ការ​ដឹកនាំ​តាមអាណត្តិរបស់ខ្លួន ហើយ​គណបក្ស​ដែល​ចាញ់​ការ​បោះ​ឆ្នោត បើទោះជា​​គ​​ណ​បក្សនោះស្ថិតនៅក្នុងអំណាចក្ដី ត្រូវ​ផ្ដល់​តម្លៃ​ចំពោះ​អ្នក​ឈ្នះ។

លោក​បន្តថា៖ «ប្រជាពលរដ្ឋមិនបញ្ចេញមតិតាមរយៈសន្លឹកឆ្នោត? អ៊ីចឹងអ្នកណាឈ្នះឆ្នោត អ្នកដែ​ល​​ធ្លាប់​​ប្រឆាំង​ពីមុន​មក​ហ្នឹង​ ក៏​ត្រូវ​តែ​គោរព​គាត់​ដែរ ហើយត្រូវតែដើរតាមគាត់ដែរ ពីព្រោះគាត់​​​ឈ្នះ​​​​ឆ្នោត។ អាហ្នឹង​គោល​ការណ៍​ប្រជាធិប​តេយ្យ មិន​មែន​ថា “អូ! ខ្ញុំអត់បោះឆ្នោតឱ្យអ្នកឯង អ្នកឯង​​ឈ្នះ​​​ក៏ឈ្នះទៅ ខ្ញុំអត់គោរព” អាហ្នឹងមិនមែនអ៊ីចឹងទេ ខុសច្បាប់ហើយ​​ធ្វើអ៊ី​ចឹង​នោះ។​​ អាម៉េចដែលគេ​​ហៅ​​​​ថាលទ្ធិប្រជាធិបតេយ្យ គឺអ៊ីចឹងយើងប្រឆាំងៗ ប៉ុន្តែដល់ពេលបោះឆ្នោត អ្នកណា​​ឈ្នះ​​ គេ​​​គោ​​រព​​អ្នកហ្នឹងហើយ។ គេកាន់អំណាចធ្វើម៉េច អាហ្នឹងវារឿងអ៊ីចឹង ប្រជាធិបតេយ្យ​​នៅត្រង់ហ្នឹង ​​វា​​អត់​​​​មែន​​​ដូច​ថា “​ហ្អេ!​ សមរ​ភូមិ១​ បើខ្ញុំវាយចាញ់ថ្ងៃហ្នឹង ស្អែកខ្ញុំវាយយកវិញ” វាអត់មែនអ៊ីចឹងទេ។ បោះ​​ឆ្នោត​​ថ្ងៃហ្នឹ​ងចាញ់ ស្អែក​អត់​ឱ្យ​បោះ​ឆ្នោត​ឡើង​វិញ​បាន​ទេ»។

ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ក៏បានទទួលការសាទរពីមន្ត្រីគណបក្ស​ក្រៅរដ្ឋាភិបាល​ផងដែរ។

អនុប្រធានគណបក្សភ្លើងទៀន លោក សុន ឆ័យ អះ​អាង​នៅថ្ងៃចន្ទនេះថា លោកពេញ​ចិត្ត​ចំពោះ​​​ការ​​​លើកឡើងរបស់លោក ស ខេង ដែលផ្ដល់តម្លៃទៅលើការ​ផ្ទេរអំណាចនៃ​ការ​គ្រប់​គ្រង​រដ្ឋ​បាល​តាមរយៈការបោះឆ្នោត។

លោក​បន្ត​ថា ប្រសិនបើកម្ពុជាពិតជាអនុវត្តបាន​ដូចអ្វី​ដែល​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាក់​នេះ កម្ពុជា​​​នឹងលែងមានទំនាស់​ព្រោះតែការអើសអើងផ្នែកនយោបាយនេះតទៅទៀតហើយ។

លោកបន្តថា៖ «ខ្ញុំមានសេចក្ដីរីករាយមែនទែន ខ្ញុំថាប្រសិនបើប្រសាសន៍របស់សម្តេច ស ខេង ហ្នឹង​​វា​​ជា​ការ​ពិត ​ចេញ​ពី​ចិត្ត​ពី​ថ្លើម ប្រជាធិបតេយ្យនៅកម្ពុជានឹងរីកលូតលាស់ ហើយយើងនឹងស​​ហ​​កា​​​​រគ្នាបំពេញតួ​នាទី​បម្រើពលរដ្ឋជាមួយ​គ្នា»។

មិនខុសគ្នាទេ ស្ថាបនិកគណបក្សកម្ពុជានិ​យម លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា ដំណើរកា​​រ​ប្រ​ជា​​ធិ​​បតេយ្យនឹង​លែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ ប្រសិនបើទាំងថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ធ្វើ​​​បាន​​​ដូចសារនយោបាយរបស់លោក ស ខេង។ ក៏ប៉ុន្តែអ្នកនយោបាយ​​ចាស់​​វស្សា​​រូប​​នេះនៅតែចាត់ទុកថា ភាពចាស់ទុំខាងនយោបាយនៅកម្ពុជានេះមិន​ទាន់​អាច​ទទួល​យក​បាន​​​នៅ​​​ឡើយ​​ទេ ក្នុងពេលមន្រ្តី​នៅថ្នាក់ក្រោមជាតិ តែងតែអុកឡុក និងរំខាន​​ការបំពេញ​ការ​ងារ​គណ​​​បក្ស​​​ក្រៅ​​រដ្ឋាភិបាលមិនឈប់ឈរ។

លោកបន្តថា៖ «យើងនៅសង្កេតឃើញ ដូចបញ្ហាតាំងពីការលើកស្លាកគណបក្សនយោបាយកន្លង​ទៅ​ សង្កាត់រលួស! ទាល់​តែមានការអន្តរាគមន៍​ពីក្រសួង​​មហាផ្ទៃ ទើបយើងអាច​​លើកស្លាកសញ្ញាបាន​​។ ​​កា​​​រ​​រៀបចំ​​ដាក់​បញ្ជី​ ដូច​ជា​នៅ​កន្សោម​អក ស្រុកកំពង់ត្របែក​ ជាក់​​​ស្តែង​ដែល​ទាក់ទិន​​នឹងបេក្ខ​​ជន​​ឱ្យ​​ធ្វើនេះធ្វើនោះ ហើយហៅ​បេក្ខជន​ឱ្យ​ទៅ​ជួប​ជាដើម។ ដូច្នេះ ​​កិច្ចការទាំងអស់នេះ យើងយល់​​ឃើញ​​ថា ​​ជាការមិនទាន់គោរពសិទ្ធិនយោបាយ និងសិទ្ធិ​សេរីភាព​ពេញ​លេញ​នៅ​ឡើយ»។

នាយកប្រតិបត្តិ​អង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ឃើញថា សារនយោ​​បាយ​​របស់​​​លោក ស ខេង ធ្វើឡើង​​​ស្រប​តាមគោលការណ៍ប្រជាធិបតេយ្យ ហើយក៏ជាផ្នែកមួយ​ដ៏​សំខាន់​​​ដែល​​​​គ្រប់​​​ភាគីពាក់ព័ន្ធតែងតស៊ូមតិឱ្យមាន​​យន្តការប្រជាធិបតេយ្យនេះអនុវត្ត​បាន​ទូលំ​​ទូលាយ​​​ដែរ​​។

បើទោះជាបែបណា សម្រាប់លោក សេក សុជាតិ សង្កេតឃើញថា អាជ្ញាធរនៅ​​ថ្នាក់​​ក្រោ​​​​​ម​​​​ជាតិ តែង​អនុវត្តលើសពីផែនការ ក្នុងករណីមេដឹកនាំរបស់ខ្លួន​តម្រូវ​​ឱ្យធ្វើ។ លោកបន្តថា សកម្ម​ភាព​ដូច្នេះ គឺកំពុងតែកើតឡើង​​ញឹកញាប់នៅ​​ក្នុងសង្គម​​បច្ចុ​​ប្ប​​ន្ន​ ហើយ​ក៏ជារឿង​​ផ្ទុយគ្នាស្រឡះ​ពី​អ្វី​ដែល​​មេដឹកនាំអំពាវនាវ​ឱ្យមាន​​ភាពចាស់ទុំ​ខាង​​ន​​យោ​​​​បា​​យផង​ដែរ​​​​​​។

លោកបន្តថា៖ «យើងឃើញថា រាល់បទបញ្ជា ឬក៏ប្រកាស ឬអនុសាសន៍របស់ថ្នាក់ដឹកនាំ ត្រូវបាន​​ថ្នាក់​ក្រោម​​របស់​គាត់​ទាត់​ចោល​ ហើយមិនអនុវត្តទេ។ ប៉ុន្តែពួកគាត់ចូលចិត្តយកមុខយកមាត់ណាស់ ​ប្រ​​សិន​បើមេដឹកនាំថាឱ្យគាត់ធ្វើមួយ គាត់​អាចធ្វើទៅដល់ប្រាំ ជួនកាលគាត់អាចធ្វើទៅដល់​​ដប់ក៏​​មាន​​ដែរ។ គាត់ធ្វើយ៉ាងណាក៏ដោយដើម្បីបំពេញនូវអ្វីដែល​គេ​ហៅ​​​​​ថា ​រូបភាពឱ្យបាន​​ជាប្រយោជន៍ដល់​​ខ្លួន ហើយដើម្បីបានមេសរសើរជាដើម»។

នៅមុន​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាឃុំសង្កាត់មកដល់ គេសង្កេតឃើញទាំង​លោក​នា​​យ​ក​​រដ្ឋ​​​​​មន្រ្តី ហ៊ុន សែន និងលោក ស ខេង បានអំពាវនាវកុំឱ្យមានអំពើហិង្សា​​ផ្នែកនយោបាយ​​កើត​​​ឡើង ​​​នៅក្នុងការបោះឆ្នោត​អាណត្តិទី៥នេះ។

បើទោះជាមានការអំពាវនាវបែបក្តីនេះ គណបក្សនយោបាយនៅក្រៅរដ្ឋាភិបាលចោទ​ប្រកាន់​ថា អា​​​​ជា្ញ​ធរមូលដ្ឋានកូតាគណបក្សកាន់អំណាច តែងធ្វើទុក្ខបុកម្នេញនិងរើសអើង​​ខាងនយោ​​បាយ​​ជា​​បន្តបន្ទាប់ ដែលសកម្មភាពទាំងនោះ​មាន​ដូចជា ​អាជ្ញាធរ​រារាំ​ង​​ការ​​លើក​​ស្លាក​​សញ្ញា​គណបក្ស​នៅលើ​ទីតាំង​សាធារណៈ ផ្តួល​រំលំស្លាក​​សញ្ញា​​​គណបក្ស បេក្ខជនមេឃុំចៅសង្កាត់ត្រូវ​រងការគំរាមកំហែង និងប្ដឹងរំលាយ​​បញ្ជីបេក្ខភាព​​ ជា​​ដើម​​។

ចំណែកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបង្ហាញពីទិន្នន័យថា ការ​បោះ​ឆ្នោត​ជ្រើស​​​រើស​​​​​ក្រុម​ប្រឹក្សាឃុំសង្កាត់​ក្នុងអាណត្តិទី៥នេះ គ.ជ.ប ទទួល​បាន​បណ្តឹង​ប្រមាណ​ជាង៣០​បណ្តឹង ហើយ​​បណ្តឹងភាគច្រើន គឺតំណាងគណបក្សប្រជាជនកម្ពុជាប្តឹង​តំណាង​​គណ​បក្ស​ភ្លើង​ទៀន។

លោក សេក សុជាតិ ចាត់ទុក​ភាពមិនប្រក្រតីទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជានៅ​​មិន​​ទាន់​​​​មានភាពចាស់ទុំខាងនយោបាយ ដូចអ្វីដែលមេដឹកនាំគណបក្សកាន់អំណាចតែងលើក​​ឡើង​​​ឱ្យ​​​គោរព​សិទ្ធិ​នយោបាយ និង​អនុវត្តតាមគោលការណ៍ប្រជាធិបតេយ្យនោះ​​ទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ