កម្មករ-កម្មការិនីបម្រើការងារនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) គ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការ ក្រោយគ្មានដំណោះស្រាយវិវាទការងារពីអាជ្ញាធរពាក់ព័ន្ធ។
កម្មករ-កម្មការិនីប្រមាណ២០០នាក់ ធ្វើការនៅរោងចក្រ ឃែនធើរេន នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បាននាំគ្នាដើរហែក្បួនទៅដាក់ញត្តិនៅក្រសួងការងារ ដើម្បីជំរុញឱ្យមានការដោះស្រាយវិវាទការងារ ក្រោយថៅកែបិទទ្វាររោងចក្រដោយមិនបានដោះស្រាយសំណងតាមផ្លូវច្បាប់ជូនពួកគេ។
ប្រធានសហជីពចលនាកម្មករប្រចាំរោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា បានឱ្យដឹងថា ការជួបប្រជុំរកដំណោះស្រាយជុំវិញវិវាទការងារនៅព្រឹកមិញនេះ មានការចូលរួមពីសំណាក់តំណាងកម្មករ តំណាងក្រសួងការងារ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងអតីតមេធាវីរោងចក្រ ឃែនធើរេន។
អ្នកស្រីបន្តថា ក្នុងកិច្ចប្រជុំនេះ គឺតំណាងក្រសួង និងអាជ្ញាធរខណ្ឌ មិនបានបង្ហាញពីវិធានការឬចំណាត់ការបែបណាទៅលើថៅកែរោងចក្រ ដើម្បីឱ្យទទួលខុសត្រូវឡើយ ខណៈអតីតមេធាវីរោងចក្រ ឃែនធើរេន លើកឡើងថា រោងចក្រ ឃែនធើរេន និងរោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មិនជាប់ពាក់ព័ន្ធគ្នា និងមានថៅកែតែមួយដូចការលើកឡើងរបស់កម្មករនាពេលកន្លងមកនោះឡើយ។ អ្នកស្រីបញ្ជាក់ថា ការជួបប្រជុំនៅព្រឹកនេះគ្មានលទ្ធផលអ្វីឡើយ ដែលករណីនេះ ក្រុមកម្មករគ្រោងដាក់ពាក្យបណ្តឹងទៅតុលាការបន្តទៀត។
អ្នកស្រីបន្ថែមថា៖ «ឥលូវនេះ យើងត្រៀមដាក់បណ្ដឹងទៅខាងប្រព័ន្ធតុលាការហើយ។ យើងផ្ទេរសិទ្ធិឱ្យខាងសហព័ន្ធ គេធ្វើការងារលើរឿងនេះ។ បើមិនដាក់ស្អែកឬខានស្អែក ហើយយើងគ្រោងហែញត្តិទៅដាក់នៅស្ថានទូតអាមេរិក និងអ្នកបញ្ជាទិញទៀត ព្រោះអ្នកបញ្ជាទិញហ្នឹងរបស់អាមេរិក»។
កម្មករផ្នែកជាងម៉ាស៊ីនដេរ លោក ឈិម ឃន ដែលបម្រើការងារនៅរោងចក្រ ឃែនធើរេន រយៈពេល១៨ឆ្នាំមកហើយ ឱ្យដឹងថា ថៅកែរោងចក្រ ឃែនធើរេន បានបិទទ្វាររោងចក្រ ដោយមិនបានជូនដំណឹងមុន និងទូទាត់ប្រាក់ឈ្មួល រួមទាំងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករតាមផ្លូវច្បាប់ឡើយ។
លោកបន្ថែមថា៖ «អ៊ីចឹងក្រសួងជួយដោះស្រាយផង ធ្វើម៉េចឱ្យមានដំណោះស្រាយតាមផ្លូវច្បាប់ផង។ ពួកគាត់ភាគច្រើនគឺចាស់ៗ ជួបការលំបាក អត់មានចំណូល ហើយដេកយាមមុខរោងចក្រ ហើយត្រូវចំណាយច្រើនក្នុងមួយថ្ងៃៗ ដោយសារទំនិញទីផ្សារ ដូចជា ប្រេងសាំង និងម្ហូបអាហារឡើងថ្លៃ។ តែខានធ្វើការមួយថ្ងៃ គឺអត់លុយហើយ ចុះទម្រាំអ្នកខ្លះគាត់ជាប់បំណុលធនាគារទៀត គាត់បានលុយពីណាបង់»។
ក្នុងញត្តិដាក់ទៅក្រសួងការងារ កាលពីថ្ងៃទី២៣ ខែឧសភានេះ ក្រុមកម្មករអះអាងថា រោងចក្រ ឃែនធើរេន អីភែរឹល ខេមបូឌា (CANTERAN APPAREL Cambodia co.,ltd) និងរោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) មានថៅកែតែមួយ ជាជនជាតិម៉ាឡេស៊ី ឈ្មោះ CHHOONG WEIPIAU ខណៈរោងចក្រ ខ្វលីធី បច្ចុប្បន្នបើកដំណើរការអាជីវកម្មធម្មតា។
វីអូឌី មិនអាចរកការឆ្លើយតបពីតំណាងរោងចក្រ ខ្វលីធី តេក្សស្ទីល (QUALITY TEXTILES) បានទេ នៅថ្ងៃនេះ។
ចំណែកអគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មគ្រប់មុខសញ្ញា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ មិនអាចបញ្ជាក់បានទេ ថាតើថៅកែរោងចក្រ ឃែនធើរេន បិទទ្វាររត់ចោលកម្មករឬយ៉ាងណានោះទេ ប៉ុន្តែក្រសួងនៅតែបន្តស្វែងរកថៅកែឱ្យមកទទួលខុសត្រូវករណីនេះ។ លោកបន្តថា ការដែលកម្មករដាក់បណ្តឹងទៅតុលាការ ជាសិទ្ធិរបស់ពួកគេ។
លោកថា៖ «ជាធម្មតា ខាងក្រសួងយើងតែអត់មានតំណាងនិយោជកចូលមកដោះស្រាយ វាអត់មានកន្លែងត្រូវចរចាគ្នាកើត! ហើយបងប្អូនកម្មករយើងគាត់ចង់ដោះស្រាយតាមផ្លូវប្រព័ន្ធតុលាការ ឬមួយយ៉ាងម៉េច ចាំមើលគាត់ជាក់ស្តែង»។
ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន ដែលឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករ មានប្រសាសន៍ថា ថៅកែរោងចក្រឃែនធើរេន មានចេតនាគេចវេះពីការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ ខណៈកម្មករទាំងនោះមានវ័យចំណាស់ និងអតីតភាពការងារចន្លោះពី១០ទៅ២០ឆ្នាំ។ លោកចាត់ទុកករណីនេះថា ជាទង្វើកេងប្រវ័ញ្ចខុសច្បាប់ និងរំលោភសិទ្ធិកម្មករធ្ងន់ធ្ងរ។
លោកបន្ថែមថា៖ «កម្មករបានលើកឡើងហើយថា ថៅកែមិនទាន់រត់ចេញពីកម្ពុជាទេ។ ថៅកែនៅស្រុកខ្មែរ នៅរោងចក្រសាខារបស់គាត់មួយផ្សេងទៀត។ អ៊ីចឹងបើអាជ្ញាធរយើងមានវិធានការ អាចទៅហៅថៅកែហ្នឹងមកទទួលខុសត្រូវបាន។ អ៊ីចឹងខ្ញុំថា ក្រសួងការងារត្រូវចាត់វិធានការទៅនិយោជកហ្នឹង កុំឱ្យគាត់ប្រើរូបភាពហ្នឹងបន្តទៀត។ បើសិនអត់ចាត់ការទេ ថ្ងៃក្រោយ វាអាចមានរោងចក្រផ្សេងៗយកគំរូរតាមរោងចក្រ ឃែនធើរេន ហ្នឹងដែរ»។
មន្ត្រីសម្ព័ន្ធសហជីពចលនាកម្មករ លោក ស៊ុត ចិត្រ អះអាងថា ករណីថៅកែបិទអាជីវកម្មដោយមិនបានជូនដំណឹងត្រឹមត្រូវដល់កម្មករនេះ គឺជារឿងខុសច្បាប់ ដែលថៅកែត្រូវដោះស្រាយសំណងជូនកម្មករចំនួន៥ចំណុច រួមមាន ប្រាក់ឈ្នួលចុងក្រោយ ប្រាក់ជូនដំណឹង ប្រាក់ជំងឺចិត្ត ប្រាក់អតីតភាពការងារ និងប្រាក់ដំណាច់ឆ្នាំដែលនៅសល់។
បើតាមកម្មករ ដើមឡើយ រោងចក្រនេះមានកម្មករសរុបចំនួនជាង១ ០០០នាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ជាង៣០០នាក់ប៉ុណ្ណោះ ដោយភាគច្រើនពួកគាត់មានវ័យចំណាស់ និងមានអតីតភាពការងារច្រើនឆ្នាំ៕