ពលរដ្ឋ​ខកចិត្ត​ដែល​អាជ្ញាធរ​ខេត្តកណ្ដាល​មិន​ដោះស្រាយ​សំណង​ដីធ្លី​តាមបទ​បញ្ជា​លោកស្រី ម៉ែន សំអន

ក្រុមពលរដ្ឋប្រហែល​៣០នាក់ តំណាងឱ្យ៨៤គ្រួសារ​ មកពីឃុំព្រែក​ស្លែង និង​ឃុំ​បឹង​ខ្យាង ស្រុក​កណ្ដាល​ស្ទឹង បាន​​​នាំ​​គ្នាប្រមូល​ផ្ដុំនៅ​មុខ​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចដើម្បីដាក់ញត្តិសុំឱ្យស្ថាប័ននេះជួយ​ដោះ​ស្រាយ​បញ្ហាវិវាទដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះថ្មី (OCIC) ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។ (ហ៊ី ឆាយ)

ពលរដ្ឋដែល​រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតក្នុង​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល អះអាង​ថា រហូតមក​ដល់​​ពេលនេះ ពួក​គាត់​នៅ​មិន​​ទាន់​ទទួលបានដំណោះស្រាយរឿង​ដីធ្លី​នៅ​ឡើយ​ទេ ទោះបី​មាន​​បទ​បញ្ជាពី​លោក​ស្រី ម៉ែន សំអន។

កាលពីថ្ងៃ​ទី៩ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី ម៉ែន សំអន បានបញ្ជាទៅអភិបាលខេត្តកណ្ដាល លោក គង់ សុភ័ណ្ឌ ឱ្យពិនិត្យនិង​ដោះស្រាយសំណង​ជូន​ពលរដ្ឋជាង១០០គ្រួសារ រស់នៅឃុំបឹងខ្យាង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងមានជម្លោះជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនម៉ៅការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី។

តំណាងពលរដ្ឋនៅឃុំបឹងខ្យាង អ្នកស្រី ឃឹម ម៉ាលី ប្រាប់ វីអូឌី នៅថ្ងៃ​អង្គារ​នេះ​ថា មាន​រយៈ​ពេល​ជាង​២០ថ្ងៃ​មក​ហើយ​ដែលលោក​ស្រី ម៉ែន សំអន បាន​ចេញលិខិត​បញ្ជា​ទៅអភិបាលខេត្តកណ្ដាល​ឱ្យ​ដោះស្រាយ​សំណ​ង​ដីធ្លី​ជូន​ពលរដ្ឋ ប៉ុន្តែ​រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត​​នៅ​មិន​ទាន់​មាន​សកម្មភាព​ថ្មីណាមួយក្នុងការដោះស្រាយសំណង​ជូន​ពួក​គាត់​នៅ​ឡើយទេ។

តំណាង​ពលរដ្ឋរូប​នេះបាន​បង្ហាញ​ការ​ខកចិត្តចំពោះអាជ្ញាធរខេត្តកណ្ដាលដែលមិនអនុវត្តតាមបទបញ្ជាថ្នាក់លើ ខណៈពលរដ្ឋ​ខ្លះ​កំពុងជួបការលំបាកក្នុងជីវភាពគ្រួសារ​ដោយសារខ្វះដីបង្កបង្កើនផល និងខ្លះទៀតពិបាកចិត្តខ្លាចអាជ្ញាធរមិនដោះស្រាយឱ្យពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ឥលូវនេះ អារម្មណ៍ពួកខ្ញុំពិបាកខ្លាំងណាស់ ដោយសារស្រែក៏អត់បានធ្វើ រាល់ឆ្នាំពួកខ្ញុំអាស្រ័យផលលើស្រែទាំងអស់ហ្នឹង ដល់ពេលឥលូវអាជ្ញាធរបិទ៣ទៅ៤ឆ្នាំហើយ។ ឥលូវនេះ​ លោកជំទាវ ម៉ែន សំអន បញ្ជា​ឱ្យ​ដោះស្រាយហើយ អភិបាលខេត្តហ្នឹងគាត់អត់មានពន្លឿនដោះស្រាយជូនពួកខ្ញុំ ​គាត់នៅតែឱ្យតម្លៃ៨ដុល្លារ [ក្នុងមួយម៉ែត្រការ៉េ] ​ហ្នឹង! ហើយ​ដីនៅជុំវិញ​ហ្នឹងគិត​តែ​ឡើង​ថ្លៃ​រហូត ហើយ​ពួកខ្ញុំ​ទទួល​យក​ម៉េច​បាន​ ៨ដុល្លារ​ហ្នឹង? បើដីគេនៅជិតហ្នឹងឡើងថ្លៃទ្វេមួយ​ជាពីរ​ជាបីហើយ​ហ្នឹង»

អភិបាលខេត្តកណ្ដាល ​លោក គង់ សុភ័ណ្ឌ ប្រាប់ វីអូឌី យ៉ាងខ្លី​ថា អាជ្ញាធរខេត្តនឹងពិគ្រោះ​គ្នាដោះស្រាយករណីនេះទៀត នៅក្រោយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

លោកបន្ថែមថា៖ «អ្វីដែលយើងត្រូវដោះស្រាយ យើងកំពុងតែដោះ! ហើយអ្វីដែលកំពុងដោះ យើងនឹងពិគ្រោះគ្នាជាគោលការណ៍​បន្តបន្ទាប់​ទៀត»

ក្នុង​ញត្តិរបស់អ្នកភូមិដាក់ទៅក្រសួងទំនាក់ទំ​នង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច កាលពីថ្ងៃទី​១០​ ខែមីនា ឆ្នាំ២០២២ បាន​ឱ្យ​ដឹង​ថា ពលរដ្ឋ១២១គ្រួសារ​សុំអន្តរាគមន៍ដោះស្រាយសំណងដីធ្លី​​សរុប ៦៣​ហិក​តា ៩២​អា។

ញត្តិដដែលបន្ត​ថា ដី​របស់​ពួក​គេ​មាន​បណ្ណ​កម្មសិទ្ធិស្រប​ច្បាប់ ប៉ុន្តែអាជ្ញាធរដោះស្រាយដោយផ្ដល់សំណងត្រឹម «៨ដុល្លារ​ក្នុង​១ម៉ែត្រការ៉េ» ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ តម្លៃ​ដី​នៅ​ជុំវិញ​តំបន់​នោះ​មាន​តម្លៃចន្លោះ​ពី​៥០​ទៅ​១០០​ដុល្លារ​ក្នុង​១ម៉ែត្រ​ការ៉េ។

មន្ត្រី​សម្របសម្រួលគម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈ​មណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា អ្វី​ដែលថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចេញលិខិតឱ្យអភិបាលខេត្តកណ្តាលដោះស្រាយផលប៉ះពាល់​ជូនព​លរដ្ឋ​នោះ គ្រាន់តែជាវិធីសាស្ត្រធ្វើឱ្យពលរដ្ឋស្ងប់ចិត្តប៉ុណ្ណោះ។ យ៉ាងណា លោក​ថា បញ្ហានេះ អាជ្ញាធរ​ខេត្ត​មិនអាចដោះស្រាយ​បាន​ទេ ព្រោះការអភិវឌ្ឍនោះជាការសម្រេចរបស់រដ្ឋាភិបាល។

លោកបន្ថែមថា៖ «លិខិតរបស់ក្រសួងស្នើឱ្យអភិបាល​ខេត្តពិនិត្យ​ឡើង​វិញ និង​ដោះស្រាយ​ជូន​ពលរដ្ឋ វា​អត់មានន័យអីទេ! វាគ្រាន់​តែធ្វើឱ្យប្រជាពលរដ្ឋ​គាត់​ស្ងប់​ចិត្ត​មួយ​រយៈ​ប៉ុណ្ណោះ។ ប៉ុន្តែ​ជាសមត្ថកិច្ច មិនអាចដោះស្រាយបានទេ ព្រោះ​លោកអភិបាល​ខេត្ត លោកមានប្រសាសន៍ពេលថ្មីៗនេះថា ការអភិវឌ្ឍ​នេះ​សម្រាប់​ជាតិ​ទាំង​មូល ហើយ​ជា​ការសម្រេចចិត្តរបស់រដ្ឋាភិបាល។ អ៊ីចឹងអ្នកដែលសម្រេចក្នុងការដោះស្រាយរឿងនេះ​បាន​ គឺមានតែរដ្ឋាភិបាលទេ»

មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា តាមច្បាប់​រដ្ឋធម្មនុញ្ញ ច្បាប់​ភូមិបាល និង​ច្បាប់អស្សាមិករណ៍ ​​គឺរដ្ឋអាចដកហូតដី​ពលរដ្ឋមាន​បណ្ណកម្មសិទ្ធិស្របច្បាប់ទៅអភិវឌ្ឍ​បាន លុះត្រាតែមា​ន​ការ​ផ្ដល់​​សំណង​​សមរម្យ និង​មានការយល់ស្របពីម្ចាស់អចលនវត្ថុ។

កាលពី​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្ដល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​​លាត​សន្ធឹង​លើ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និង​​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​​សាជីវកម្ម​​​ក្រៅ​ប្រទេស និង​​​លេខា​ធិការ​​ដ្ឋាន​​អាកាសចរណ៍​​ស៊ីវិល ដើម្បី​អភិវឌ្ឍ​​ព្រលា​​នយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​មួយ​​នេះ​។

កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ពលរដ្ឋបានចេញលិខិតចំហមួយដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ៣៣០គ្រួសារ និង​ដីទំហំជាង១លានម៉ែត្រការ៉េ ដែលភាគច្រើនជាដីមាន​បណ្ណកម្មសិទ្ធិស្របច្បាប់ ស្ថិតក្នុងឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង និងឃុំពត់សរ ស្រុកបាទី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ