ថ្នាក់ដឹកនាំ EU សម្រេចហាមឃាត់ការនាំចូលប្រេងរុស្ស៊ីមកកាន់តំបន់ខ្លួន

លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប (EU)។ (ហ្វេសប៊ុក៖ Charles Michel)

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប (EU) លោក Charles Michel បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងឡាយរបស់ប្លុកនេះ បានសម្រេចយល់ព្រមគ្នាកាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការហាមឃាត់ការនាំចូលប្រេងរបស់​រុស្ស៊ីមក​កាន់ប្លុកដែលមានប្រទេសចំនួន២៧របស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

តាមរយៈការបង្ហោះសារក្នុងបណ្តាញសង្គម ធ្វីតទ័រ (Twitter) ប្រធាន​ក្រុមប្រឹក្សារូប​នេះ បន្ថែមថា​៖ «វិធាន​ដែលគ្របដណ្តប់ច្រើនជាងពីរភាគបីនៃការនាំចូលប្រេងពីប្រទេសរុស្ស៊ីនេះ នឹងមានផលប៉ះពាល់ភ្លាមៗដល់ប្រភពហិរញ្ញប្បទាន​ដ៏ធំ​របស់រុស្ស៊ីក្នុងការផ្គត់ផ្គង់ដល់សង្គ្រាមរបស់ពួកគេ»។

ជាមួយគ្នានេះ លោក Charles Michel បន្តថា ថ្នាក់ដឹកនាំនានារបស់ប្លុក​ប្រទេស​ទាំងនោះ ក៏បានយល់ព្រមកាត់ផ្តាច់ធនាគាររុស្ស៊ីដ៏ធំបំផុតឈ្មោះ Sberbank ចេញពីប្រព័ន្ធទូទាត់សកល SWIFT និងហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរុស្ស៊ីចំនួន៣បន្ថែមទៀតផងដែរ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានបើកកិច្ចពិភាក្សាគ្នាជាបន្តបន្ទាប់​ ដើម្បីសម្រេចដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀត​លើប្រទេសរុស្ស៊ី ទាក់ទងនឹងសង្រ្គាមឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន ដែលក្នុងនោះ គេសង្កេតឃើញមានការផ្តោតសំខាន់លើឧស្សាហកម្មប្រេងរបស់រុស្ស៊ីផងដែរ។

ទោះជាយ៉ាងណា មន្ត្រីមួយរូបរបស់ក្រសួងការបរទេសរុស្ស៊ី ធ្លាប់បានឱ្យដឹងកាលពីពេលកន្លងទៅថាប្រទេសរបស់ខ្លួនមិនមានគម្រោងក្នុងការស្នើសុំឱ្យសហភាពអឺរ៉ុប (EU) បញ្ចប់ការដាក់​ទណ្ឌកម្មទាំង​ឡាយ​មក​លើខ្លួននោះ​ទេ ដោយលោកអះអាងថា សហភាពអឺរ៉ុបមិនមែនជាមជ្ឈមណ្ឌលនៃសកលលោក [ដែលមិនអាចខ្វះបាន] ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ