លោក កឹម សុខា មិនទាន់​សម្រេចចិត្ត​ទៅ​បោះឆ្នោត​ទោះ​មាន​ឈ្មោះ​ក្នុង​បញ្ជី

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានអះអាងថា លោក កឹម សុខា អាចទៅបោះឆ្នោតឃុំសង្កាត់នៅថ្ងៃអាទិត្យខាងមុខនេះបាន ខណៈមនុស្សជំនិតរបស់លោក កឹម សុខា ថាលោកមិនបានគាំទ្រគណបក្សនយោបាយណាមួយឡើយ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងថា លោក កឹម សុខា នៅតែមានសិទ្ធិទៅបោះឆ្នោតដូចពលរដ្ឋទូទៅដែរ តែលោកមិនអាចធ្វើនយោបាយបានទេ។

លោកថា៖ «ករណីលោក កឹម សុខា គាត់អាចទៅបោះឆ្នោតបាន ដោយសារទី១ ឈ្មោះរបស់គាត់មាននៅក្នុងបញ្ជីឈ្មោះបោះឆ្នោត តែបម្រាមស្តីពីសិទ្ធិធ្វើនយោបាយ គឺស្ថិតនៅជាធរមាន អត់អាចចេញទៅធ្វើនយោបាយបានទេ»

យោងតាមបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២១របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបង្ហាញថា លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ០៩៩៦ ស្ថិតនៅក្នុងសាលាបឋមសិក្សាចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទោះយ៉ាងនេះក្តី ជំនួយការផ្ទាល់លោក កឹម សុខា គឺលោក មុត ចន្ថា នៅមិនទាន់បញ្ជាក់បាននៅឡើយទេ ថាតើលោក កឹម សុខា នឹងចេញទៅបោះឆ្នោតឬអត់ ត្បិតជាសិទ្ធិស្វ័យសម្រេចរបស់លោក។

លោកថា៖ «ជឿថានេះគឺជាសិទ្ធិស្វ័យសម្រេចរបស់គាត់ ខ្ញុំមិនអាចធ្វើអ្វីបញ្ជាក់ជូនគាត់បានទេ ចាំមើលពេលណាដែលគាត់បញ្ជាក់ពីសិទ្ធិស្វ័យសម្រេចហ្នឹង យើងនឹងដឹងទាំងអស់គ្នា។ ហើយជាការពិតហើយ ឯកឧត្តម កឹម សុខា មិនមែនជាទណ្ឌិតទេ គាត់គ្រាន់តែជាជនជាប់ចោទ ហើយគាត់នៅមានសិទ្ធិជាពលរដ្ឋ គាត់មិនទាន់ត្រូវបានដកហូតសិទ្ធិបោះឆ្នោតទេ គ្រាន់តែជាប់បម្រាមសិទ្ធិធ្វើនយោបាយតែប៉ុណ្ណឹងទេ»

តុលាការក្រុងភ្នំពេញ នៅមិនទាន់រកឃើញទោសកំហុសរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ពីបទ គប់គិតជាមួយបរទេស ឬ «សន្ទិដ្ឋិភាពជាមួយបរទេស» ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៅឡើយទេ គិតចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧មក ដែលនេះបញ្ជាក់ថា លោក កឹម សុខា នៅមិនទាន់មានទោស ឬជាទណ្ឌិតនៅឡើយទេ។

ក៏ប៉ុន្តែលោក កឹម សុខា គឺស្ថិតនៅក្នុងចំណោមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំង១១៨នាក់ដែលជាប់បម្រាមសិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ បន្ទាប់ពីតុលាការកំពូលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ២០១៧។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់លោក កឹម សុខា ក្នុងនាមជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។ លោកថា គណបក្សប្រជាជនកម្ពុជា មិនព្រួយបារម្ភអ្វីឡើយចំពោះវត្តមានរបស់លោក កឹម សុខា នៅកន្លែងបោះឆ្នោត។

លោកថា៖ «ខ្ញុំអត់មានការព្រួយបារម្ភ ឬមួយក៏គិតគូរដល់បញ្ហានយោបាយចំពោះគាត់ទេ ពីព្រោះយើងចាត់ទុកថា គាត់ហ្នឹងជាប្រជាពលរដ្ឋម្នាក់ដែលមិនទាន់មានការកាត់ទោសពីតុលាការទេ។ ទោះបីជាមានការចោទប្រកាន់តាមផ្លូវតុលាការក៏ដោយ ហើយមានបទប្បញ្ញត្តិក៏ដោយ អាហ្នឹងក៏ជារឿងនីតិវិធីរបស់តុលាការ។ ហើយបើកន្លែងណាដែលវាក្រៅនីតិវិធីរបស់តុលាការ គាត់នៅមានសិទ្ធិជាពលរដ្ឋ គាត់អាចបំពេញកាតព្វកិច្ចជាពលរដ្ឋបាន។ ហ្នឹងហើយ! បើ គ.ជ.ប រក្សាទុកឈ្មោះបាន អាហ្នឹងគឺគាត់មានសិទ្ធិបោះឆ្នោតហើយ ព្រោះអាហ្នឹងមាននៅក្នុងបញ្ជីហើយ»។

មេធាវីការពារក្តីឱ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី បានថ្លែងថា កន្លងមក លោក កឹម សុខា តែងតែបង្ហាញឆន្ទៈរបស់លោកថា លោកមិនគាំទ្រគណបក្សនយោបាយណាមួយឡើយនៅក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ។

អ្នកស្រីថា៖ «ប្រសិនបើឈ្មោះ [ឈ្មោះក្នុងបញ្ជីបោះឆ្នោត] អត់ឃើញត្រូវបានលុបផង ខ្ញុំគិតថាគាត់អាចមានសិទ្ធិបោះឆ្នោត ប៉ុន្តែគ្រាន់តែថាកន្លងមកនេះ គាត់បង្ហាញឆន្ទៈថា គាត់អត់បានគាំទ្រគណបក្សនយោបាយណាមួយនោះទេ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ»

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៧ចូលរួម ក្នុងនោះក៏មានគណបក្សភ្លើងទៀន ដែលជាអតីតគណបក្សប្រឆាំង សម រង្ស៊ី ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ