ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជនព្រំដែន លោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។
លោក អៀ ចាន់ណា ជាអ្នកឃ្លាំមើលបញ្ហាព្រំដែន និងតំណាងយុវជនគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ នៅប្រទេសន័រវែស (Norway) ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី៣០ ខែឧសភា នៅផ្សារទំនើបអ៊ីអន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បន្ទាប់មក លោកត្រូវបានបញ្ជូនខ្លួនទៅឃុំបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀតកាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១ ខែមិថុនានេះ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ឃើញថា លោក អៀ ចាន់ណា ដែលជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាផងនោះ គ្មានកំហុសដូចការចោទប្រកាន់ពីសំណាក់សាលាដំបូងរាជធានីភ្នំពេញនោះទេ។ សេចក្តីថ្លែងការណ៍បន្តថា ការចាប់ឃុំខ្លួនលោក អៀ ចាន់ណា ធ្វើឡើងក្រោមហេតុផលនយោបាយ ខណៈលោកទៅចូលរួមយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ ជាមួយគណបក្សភ្លើងទៀន។
ពីទីក្រុងគ្រីស្ទានសាន់ ប្រទេសន័រវែស នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានចាត់ទុកការចាប់ឃុំខ្លួនលោក អៀ ចាន់ណា ថាជាការរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
ប្រភពដដែលបន្តថា លោក អៀ ចាន់ណា មានសិទ្ធិពេញលេញចូលរួមសកម្មភាពនយោបាយ សកម្មភាពសង្គម ក្នុងនាមជាពលរដ្ឋខ្មែរ និងជាសកម្មជននយោបាយ ដូចពលរដ្ឋនិងអ្នកនយោបាយឯទៀតដែរ ដោយស្របតាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញ មាត្រា៣៥ «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ»។
សេចក្តីថ្លែងការណ៍ក៏បានអំពាវនាវឱ្យតុលាការ និងរដ្ឋាភិបាលកម្ពុជា ទម្លាក់ចោលបទចោទនានាទៅលើសកម្មជននយោបាយ សកម្មជនសង្គម និងបទចោទលើសំណុំរឿងរបស់លោក កឹម សុខា ដើម្បីស្តារស្ថានភាពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ៕